កីឡា

ក្លឹប Al-Nassr បិទទ្វារ ចំពោះការវិលត្រឡប់ទៅ Barcelona របស់ Joao Felix ខណៈតារាឆ្នើម ព័រទុយហ្គាល់រូបនេះ យល់ព្រមបន្តកិច្ចសន្យាដល់ឆ្នាំ២០២៩ ជាមួយប្រាក់ឈ្នួលឡើងដល់ ១២លានអឺរ៉ូ

ទីក្រុងរីយ៉ាដ៖ ខ្សែប្រយុទ្ធ Joao Felix ទំនងជានឹងបន្តស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលវែង បន្ទាប់ពីក្លឹប Al-Nassr បានសម្រេចចិត្តប្រើប្រាស់លក្ខខណ្ឌ បន្តកិច្ចសន្យាដ៏សំខាន់សម្រាប់រូបគេ។ បើទោះបីជាមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ដែលភ្ជាប់រូបគេទៅនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ក៏ដោយ ក៏កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានរាយការណ៍ថា បានយល់ព្រមបន្តអាជីពនៅទីក្រុងរីយ៉ាដ រហូតដល់ឆ្នាំ២០២៩ ហើយ នេះបើយោងតាមសារព័ត៌មាន GOAL ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្លឹប Al-Nassr បានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ដើម្បីធានាអនាគតរយៈពេលវែងរបស់ Felix ដោយបានជូនដំណឹង ទៅកាន់ខ្សែប្រយុទ្ធរូបនេះ អំពីការសម្រេចចិត្តរបស់ក្លឹប ក្នុងការបន្តរក្សារូបគេ ឱ្យលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) រហូតដល់ឆ្នាំ២០២៩។ ក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់នាពេលថ្មីៗនេះ រវាងថ្នាក់ដឹកនាំផ្នែកកីឡារបស់ក្លឹប និងកីឡាករផ្ទាល់ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពុំមានបំណងលក់តារាឆ្នើមរូបនេះ ឬលុបចោលលក្ខខណ្ឌបន្តកិច្ចសន្យាដែលមានស្រាប់នោះឡើយ។ ការវិវត្តថ្មីនេះបានកើតឡើងបន្ទាប់ពីមានការរំពឹងទុកយ៉ាងខ្លាំង អំពីជំហានបន្ទាប់ក្នុងអាជីពរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arriyadiyah អតីតកីឡាកររបស់ក្លឹប Atletico Madrid រូបនេះ ត្រូវបានរាយការណ៍ថាបានស្វាគមន៍សំណើនេះដោយក្តីរីករាយ ព្រមទាំងបានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ Felix បានគូសបញ្ជាក់ពីបរិយាកាសវិជ្ជមាននៅក្លឹប Al-Nassr ថាជាមូលហេតុចម្បងដែលធ្វើឱ្យទម្រង់លេងរបស់គេងើបឡើងវិញយ៉ាងឆាប់រហ័ស រហូតទទួលបានការកោះហៅឱ្យចូលលេងក្នុងជម្រើសដំបូងនៃក្រុមជម្រើសជាតិព័រទុយហ្គាល់សាជាថ្មី។ ភាពស៊ាំនឹងការរស់នៅក្នុងទីក្រុងរីយ៉ាដ និងទំនាក់ទំនងដ៏ល្អជាមួយថ្នាក់ដឹកនាំក្លឹប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាដ៏រលូន ដែលត្រួសត្រាយផ្លូវសម្រាប់ការបន្តវត្តមានរបស់គេនៅតំបន់មជ្ឈិមបូព៌ា។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីនេះ Felix នឹងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំកើនឡើងយ៉ាងច្រើនរហូតដល់ប្រមាណ ១២លានអឺរ៉ូ ហើយកិច្ចសន្យានេះក៏រួមបញ្ចូលទាំងប្រាក់រង្វាន់លើកទឹកចិត្តតាមសមិទ្ធផល ដែលផ្សារភ្ជាប់ទៅនឹងភាពជោគជ័យរបស់ក្លឹបទាំងក្នុងពានរង្វាន់ក្នុងស្រុក និងកម្រិតទ្វីបផងដែរ។

ការបន្តកិច្ចសន្យានេះ ក៏បានបង្កឱ្យមានកាតព្វកិច្ចហិរញ្ញវត្ថុបន្ថែមទៀត ដែលពាក់ព័ន្ធនឹងការផ្ទេរដើមរបស់គេចេញពីក្របខ័ណ្ឌ Premier League។ ក្លឹប Chelsea នឹងត្រូវទទួលបានប្រាក់បន្ថែមចំនួន ២០លានអឺរ៉ូ ជាផ្នែកមួយនៃតម្លៃផ្ទេរសរុប ដោយ Al-Nassr ត្រូវបង់ប្រាក់ពាក់កណ្តាលនៃចំនួនទឹកប្រាក់ដែលនៅសល់នោះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ដូច្នេះ តម្លៃសរុបនៃការផ្ទេរនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥០លានអឺរ៉ូ បន្ទាប់ពីការបន្តកិច្ចសន្យារយៈពេល ២ឆ្នាំបន្ថែមទៀតត្រូវបានបញ្ជាក់ជាផ្លូវការ។

កាលពីពេលមុន មានការបង្ហើបឱ្យដឹងថា Al-Nassr មានលក្ខខណ្ឌបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ ដែលអាចត្រូវបានជំទាស់ ឬលុបចោលបានរហូតដល់ដំណាច់ខែឧសភា។ ទោះជាយ៉ាងណា តាមរយៈការឈានដល់កិច្ចព្រមព្រៀងមុនពេលកំណត់ជាមួយកីឡាករ ក្លឹបបានលុបបំបាត់រាល់ភាពមិនច្បាស់លាស់ជុំវិញថ្ងៃផុតកំណត់ទី១ ខែមិថុនា។ ប្រសិនបើលក្ខខណ្ឌនោះត្រូវបានលុបចោល តម្លៃផ្ទេរសរុបនឹងមានត្រឹមតែ ៣០លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែនាយកដ្ឋានកីឡារបស់ក្លឹបបានផ្តល់អាទិភាពលើការរក្សាខ្សែបម្រើប្រយុទ្ធព័រទុយហ្គាល់រូបនេះ ជាជាងការសន្សំសំចៃលើថ្លៃផ្ទេរ។

សម្រាប់ក្លឹប Barcelona ការវិវត្តនេះគឺជាទីបញ្ចប់ដ៏ពិតប្រាកដនៃក្តីសង្ឃឹមរបស់ពួកគេ ក្នុងការនាំយកកីឡាករដែលធ្លាប់បង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងលក្ខខណ្ឌខ្ចីជើងនៅកីឡដ្ឋាន Estadi Olimpic Lluis Companys កាលពីរដូវកាល ២០២៣-២៤ មករួមក្រុមសាជាថ្មី។ កន្លងមក Felix ធ្លាប់បានបង្ហើបពីបំណងចង់វិលត្រឡប់ទៅលេងនៅកម្រិតកំពូលរបស់អឺរ៉ុប ដើម្បីប្រជែងពានរង្វាន់ Champions League ដោយថែមទាំងបានលើកយកគំរូរបស់កីឡាករ Joao Cancelo មកធ្វើជាការបំផុសគំនិត សម្រាប់ឱកាសលើកទីពីរនៅតំបន់កាតាឡាន់ទៀតផង។

ប្រែសម្រួល៖​ គីរី

Most Popular

To Top