កីឡា

កីឡាករ Liverpool លោក Virgil van Dijk ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញពាក្យចចាមអារ៉ាម ដ៏ភ្ញាក់ផ្អើលពីការផ្ទេររបស់ Kevin De Bruyne ទៅកាន់ PSV

ទីក្រុង Liverpool៖ ប្រធានក្រុមរបស់ក្លឹប Liverpool លោក Virgil van Dijk បានផ្តល់ការឆ្លើយតបយ៉ាងចាស់ដៃ ចំពោះពាក្យចចាមអារ៉ាមដែលកំពុងបន្តកើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយភ្ជាប់មិត្តជិតស្និទ្ធរបស់ខ្លួនគឺ Kevin De Bruyne ទៅនឹងការផ្ទេរទៅកាន់ក្លឹប PSV ។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានប្រញាប់ប្រញាល់ដកខ្លួនចេញ ពីរបាយការណ៍ទាំងនោះ ព្រមទាំងបានដាក់សំណួរអំពីភាពត្រឹមត្រូវ នៃប្រភពដែលលើកឡើងថា អតីតកីឡាករនិមិត្តរូបរបស់ Manchester City រូបនេះអាចនឹងធ្វើដំណើរទៅកាន់លីគ Eredivisie នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

Van Dijk បានបង្ហាញការមន្ទិលសង្ស័យ ជុំវិញរបាយការណ៍ដែលកំពុងផ្សព្វផ្សាយថា មិត្តជិតស្និទ្ធរបស់លោកគឺ De Bruyne កំពុងពិចារណាផ្ទេរទៅកាន់ក្លឹបយក្ស PSV នៃលីគ Eredivisie។ ខ្សែការពារហូឡង់រូបនេះ ត្រូវបានអ្នកសារព័ត៌មានសួរអំពីស្ថានការណ៍នេះ បន្ទាប់ពីការប្រកួតលើឆាកអឺរ៉ុបនាពេលថ្មីៗនេះរបស់ក្រុម Liverpool ទល់នឹងក្រុម Club Brugge។ ទោះបីជាមានមិត្តភាពជាមួយគ្នាក៏ដោយ ក៏ Van Dijk បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោកមិនមែនជាអ្នកសម្របសម្រួល ឬជាប្រភពផ្តល់ព័ត៌មានទាក់ទងនឹងគោលដៅបន្ទាប់របស់កីឡាករជើងចាស់ Manchester City រូបនេះឡើយ។

Van Dijk បានប្រាប់ទៅកាន់ Sporza ថា៖ «តើខ្ញុំបានផ្ញើសារទៅសួរ Kevin ហើយឬនៅ ជុំវិញលទ្ធភាពនៃការផ្ទេរនេះ? ខ្ញុំនិយាយជាមួយគាត់ញឹកញាប់ជាងការគ្រាន់តែផ្ញើសារម្តងម្កាលទៅទៀត»។ រូបលោកបានចង្អុលបង្ហាញភ្លាមៗថា កីឡាកររូបនេះផ្ទាល់ក៏មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ទាក់ទងនឹងការផ្លាស់ទៅកាន់ទីក្រុង Eindhoven នោះដែរ។ ខ្សែការពារកណ្តាលរូបនេះបានបន្ថែមថា៖ «វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ មែនទេ? ខ្ញុំមិនគិតថាគាត់បាននិយាយអ្វីនោះទេ»។

បរិយាកាសបានឡើងកម្តៅបន្តិច នៅពេលដែលអ្នកសារព័ត៌មានបានលើកឡើងថា សមាជិកជិតស្និទ្ធក្នុងរង្វង់របស់ De Bruyne បានបង្ហើបអំពីចំណាប់អារម្មណ៍របស់រូបគេ ក្នុងការលេងនៅប្រទេសហូឡង់។ ដោយបង្ហាញទឹកមុខមិនពេញចិត្តចំពោះទម្រង់នៃការសួរសំណួរនេះ Van Dijk មិនបានបង្អង់យូរឡើយក្នុងការជជែកដេញដោលជាមួយអ្នកសារព័ត៌មានអំពីការអះអាងទាំងនោះ ដោយបានសង្ស័យដោយបើកចំហថា តើមាននរណាម្នាក់ដែលជិតស្និទ្ធពិតប្រាកដជាមួយកីឡាករប៊ែលហ្ស៊ិករូបនេះ ហ៊ានទម្លាយព័ត៌មានលម្អិតដ៏រសើបអំពីអាជីពទៅកាន់សាធារណជនឬទេ។

Van Dijk បានឆ្លើយតបថា៖ «តើគាត់បាននិយាយដូច្នោះមែន ឬក៏អ្នកកំពុងប្រឌិតរឿងនេះឡើង? ប្រសិនបើមនុស្សជិតស្និទ្ធរបស់គាត់ចាប់ផ្តើមនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយមែន នោះខ្ញុំគិតថាអ្នកកំពុងមានបញ្ហាហើយ។ ខ្ញុំមិនដឹងអ្វីទាំងអស់។ មានតែរូបគាត់ម្នាក់ប៉ុណ្ណោះដែលអាចប្រាប់បានថា អនាគតរបស់ Kevin នឹងទៅជាយ៉ាងណា។ ចាំមើលសិន»។

ខ្សែបម្រើជើងចាស់រូបនេះធ្លាប់បានបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួនរួចមកហើយ ចំពោះរបៀបដែលជីវិតឯកជនរបស់រូបគេត្រូវបានប្រព័ន្ធផ្សព្វផ្សាយយកមកចុះផ្សាយ។ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយ ខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិករូបនេះ បានរិះគន់អ្នកកាសែតចំពោះការបកស្រាយខុសពីការពិតនៃបទសម្ភាសន៍ និងការចុះផ្សាយរូបភាពផ្ទះរបស់ខ្លួន។ រូបគេបានកត់សម្គាល់ថា រូបគេមានការរំខានចិត្តដោយសារពាក្យចចាមអារ៉ាមដែលបានលេចឡើង បន្ទាប់ពីមានការជជែកគ្នាដែលពាក់ព័ន្ធនឹងភរិយារបស់ខ្លួនគឺអ្នកស្រី Michèle Lacroix។

នៅវ័យ ៣៥ឆ្នាំ អ្នកបង្កើតឱ្យមិត្តរួមក្រុមរកគ្រាប់បាល់រូបនេះបានទទួលស្គាល់ថា រូបគេកំពុងស្ថិតក្នុងដំណាក់កាលមួយនៃអាជីពដែលមានកត្តាជាច្រើនត្រូវពិចារណា។ ទោះជាយ៉ាងណា រូបគេនៅតែរក្សាភាពស្ងប់ស្ងាត់អំពីកាលវិភាគជាក់លាក់ណាមួយ នៃការចាកចេញដែលអាចកើតឡើង។ រូបគេបានអះអាងថា បច្ចុប្បន្នរូបគេកំពុងបង្ហាញទម្រង់លេងបានល្អ និងផ្តោតលើបាល់ទាត់ ជាជាងការចំណាយពេលឆ្លើយតបនឹងសំណួរដដែលៗអំពីគម្រោងអនាគត ឬការត្រឡប់ទៅកាន់តំបន់ Low Countries វិញ។

ពាក្យចចាមអារ៉ាមបានលើកឡើងថា PSV អាចនឹងបានស្ទង់មើលស្ថានការណ៍រួចហើយ តាមរយៈការដាក់សំណើបើកឆាកដ៏តិចតួចត្រឹមតែ ២លានអឺរ៉ូ។ ទោះបីជាតួលេខនេះហាក់ដូចជាទាបសម្រាប់កីឡាករដែលមានកម្រិតដូចរូបគេក៏ដោយ ក៏វាបានជំរុញឱ្យមានការជជែកកាន់តែខ្លាំង ជុំវិញលទ្ធភាពនៃការវិលត្រឡប់ទៅកាន់តំបន់នោះវិញ។ បើទោះបីជាមានការលើកឡើងផ្សេងៗក៏ដោយ ក៏អ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ក្លឹប Napoli លោក Massimiliano Allegri ថ្មីៗនេះបានលើកឡើងថា លោករំពឹងថាខ្សែបម្រើរូបនេះនឹងបន្តស្នាក់នៅរហូតដល់ចប់រដូវកាលបច្ចុប្បន្ន។ ជាមួយនឹងស្ថានភាពកិច្ចសន្យា និងរឿងរ៉ាវក្រៅទីលានដែលកំពុងបន្តពាក់ព័ន្ធនឹងក្លឹបរបស់ខ្លួន អនាគតរបស់ De Bruyne នៅតែជាប្រធានបទមួយដែលត្រូវបានពិភាក្សាច្រើនបំផុត នៅក្នុងវិស័យបាល់ទាត់អឺរ៉ុប៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top