ទីក្រុងបាសេឡូណា៖ ខ្សែប្រយុទ្ធ របស់ក្លឹប Barcelona កីឡាករ Anthony Gordon ត្រូវបានប្រកាសជាផ្លូវការថា ជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ UEFA Champions League (Player of the Week) បន្ទាប់ពីបង្ហាញទម្រង់លេងបំបែកកំណត់ត្រានៅប្រទេសអាស៊ែបៃហ្សង់។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Sabah ដោយបង្ហាញភាពលេចធ្លោជាងគេ ក្នុងរាត្រីដែលកំពូលកីឡាករលំដាប់អឺរ៉ុបជាច្រើនកំពុងប្រជែងគ្នាដណ្តើមភាពល្បីល្បាញ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។
Gordon ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ក្រោយពីបង្ហាញសមត្ថភាពដ៏ល្អឥតខ្ចោះទល់នឹងក្រុម Sabah។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ គឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយជ័យជម្នះ ៤-១ របស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួតជុំទី៥ នៃវគ្គ League Phase ដោយរូបគេរកបានគ្រាប់បាល់ ២គ្រាប់ម្នាក់ឯង នៅកីឡដ្ឋាន Baku Olympic។
ការបញ្ចប់ទីយ៉ាងមុតស្រួចរបស់ Gordon នៅនាទីទី៣១ និងនាទីទី៥១ បានត្រួសត្រាយផ្លូវឱ្យក្រុម Blaugrana គ្រប់គ្រងស្ថានការណ៍ទាំងស្រុង ខណៈដែលមិត្តរួមក្រុមដូចជា Karim Adeyemi និង Gabriel Jesus ក៏រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់ផងដែរ ក្នុងការប្រកួតដ៏ជក់ចិត្តនៅប្រទេសអាស៊ែបៃហ្សង់។
អតីតកីឡាកររបស់ក្លឹប Newcastle រូបនេះ បានបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់ខ្លួនលើឆាកអឺរ៉ុបជាមួយក្រុមយក្សកាតាឡាន់ ដោយបច្ចុប្បន្នរូបគេរកបាន ៣គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៥ប្រកួត។ គ្រាប់បាល់ពីរគ្រាប់នៅទីក្រុង Baku នេះ មានអត្ថន័យយ៉ាងពិសេសសម្រាប់រូបគេ ព្រោះវាបានបញ្ចប់ភាពរាំងស្ងួតគ្រាប់បាល់អស់រយៈពេលពេញមួយខែ បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះរកគ្រាប់បាល់បានចុងក្រោយកាលពីខែតុលា។
ការដាក់សម្ពាធយ៉ាងស្វិតស្វាញ និង ភាពមុតស្រួចនៅមុខទីរបស់ Gordon បានធ្វើឱ្យរូបគេក្លាយជាជម្រើសដំបូង ដ៏រឹងមាំនៅតំបន់ស្លាបឆ្វេង ដែលជាការបង្ហាញឱ្យឃើញថា ក្លឹបពិតជាសម្រេចចិត្តបានត្រឹមត្រូវក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីនាំយករូបគេមករួមក្រុម កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ៕
ប្រែសម្រួល៖ គីរី
