កីឡា

លោក Xabi Alonso បញ្ជាក់ពីជំហររបស់ក្លឹប ជុំវិញរឿងអាស្រូវបទសម្ភាសន៍ គ្មានការអនុញ្ញាតរបស់ Wesley Fofana

ទីក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Xabi Alonso បានបញ្ជាក់ថា ខ្សែការពារ Wesley Fofana បានធ្វើការសុំទោសជាផ្លូវការហើយ បន្ទាប់ពីកីឡាកររូបនេះបានផ្តល់បទសម្ភាសន៍ ដ៏ចម្រូងចម្រាសដោយគ្មានការអនុញ្ញាតពីក្លឹប រហូតបង្កឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបង្ហាញអាកប្បកិរិយាសើចលេងសើច អំពីការទាត់បាល់ប៉េណាល់ទីមិនចូលដ៏សំខាន់ ក្នុងអំឡុងពេលចូលរួមកម្មវិធី Podcast មួយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។ គ្រូបង្វឹកក្រុមតោខៀវរូបនេះ បានសម្រេចបញ្ចប់បញ្ហាវិន័យផ្ទៃក្នុងពាក់ព័ន្ធនឹង Fofana ត្រឹមនេះ។ ខ្សែការពារកណ្តាលរូបនេះ បានប្រឈមមុខនឹងការមិនពេញចិត្តពីថ្នាក់ដឹកនាំនៅកីឡដ្ឋាន Stamford Bridge ក្រោយពីរូបគេបានចូលរួមផ្តល់បទសម្ភាសន៍រយៈពេល…

ទីក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅរបស់ក្លឹប Chelsea លោក Xabi Alonso បានបញ្ជាក់ថា ខ្សែការពារ Wesley Fofana បានធ្វើការសុំទោសជាផ្លូវការហើយ បន្ទាប់ពីកីឡាកររូបនេះបានផ្តល់បទសម្ភាសន៍ ដ៏ចម្រូងចម្រាសដោយគ្មានការអនុញ្ញាតពីក្លឹប រហូតបង្កឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបង្ហាញអាកប្បកិរិយាសើចលេងសើច អំពីការទាត់បាល់ប៉េណាល់ទីមិនចូលដ៏សំខាន់ ក្នុងអំឡុងពេលចូលរួមកម្មវិធី Podcast មួយ
នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

គ្រូបង្វឹកក្រុមតោខៀវរូបនេះ បានសម្រេចបញ្ចប់បញ្ហាវិន័យផ្ទៃក្នុងពាក់ព័ន្ធនឹង Fofana ត្រឹមនេះ។ ខ្សែការពារកណ្តាលរូបនេះ បានប្រឈមមុខនឹងការមិនពេញចិត្តពីថ្នាក់ដឹកនាំនៅកីឡដ្ឋាន Stamford Bridge ក្រោយពីរូបគេបានចូលរួមផ្តល់បទសម្ភាសន៍រយៈពេល ២ម៉ោងកន្លះ ជាមួយ YouTuber ជនជាតិបារាំង លោក Zack Nani ដោយពុំមានការអនុញ្ញាតពីក្លឹប។ ក្នុងកិច្ចសន្ទនានោះ ទឹកមុខ និងសម្ដីបែបលេងសើចរបស់ Fofana ជុំវិញការធ្លាក់ចេញពីពានរង្វាន់នាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ Chelsea មួយផ្នែកធំផ្ទុះកំហឹងយ៉ាងខ្លាំង។

ភាពចម្រូងចម្រាសនេះ ផ្តើមចេញពីការលើកឡើងរបស់ Fofana ជុំវិញការធ្លាក់ចេញរបស់ Chelsea ក្នុងពានរង្វាន់ Carabao Cup ជុំទី៤ ក្រោមថ្វីជើងក្រុម Liverpool។ ខ្សែការពាររូបនេះបានទាត់បាល់ប៉េណាល់ទីកាត់សេចក្តីមិនចូល ក្នុងបរាជ័យ ៦-៥ នៅកីឡដ្ឋាន Anfield បន្ទាប់ពីលទ្ធផលប្រកួតពេញម៉ោងស្មើគ្នា ១-១។ ក្នុងកម្មវិធី Podcast អតីតកីឡាករក្រុម Leicester City រូបនេះ ត្រូវបានគេឃើញសើច ខណៈកំពុងរៀបរាប់ពីការទាត់បាល់ហោះរំលងរបារទីរបស់ខ្លួន បន្ទាប់ពីមិត្តរួមក្រុមដូចជា Emmanuel Emegha, Valentin Barco និង Giorgi Mamardashvili សុទ្ធតែបានឆ្លងកាត់ស្ថានការណ៍ដ៏តានតឹងនៅចុងម៉ោងនោះដូចគ្នា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួត Premier League ទល់នឹងក្រុម Nottingham Forest លោក Alonso បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានេះត្រូវបានដោះស្រាយផ្ទៃក្នុងរួចរាល់ហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Evening Standard លោក Alonso បានមានប្រសាសន៍ថា៖ «យើងបានជជែកដោះស្រាយរឿងនោះជាមួយគាត់ (Fofana) រួចហើយ ហើយគាត់ក៏បានសុំទោសផងដែរ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានវាយតម្លៃយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់កូនក្រុម ដោយបន្ថែមថា៖ «វាជារឿងមិនត្រឹមត្រូវនោះទេ ហើយគាត់បានសន្យាថានឹងមិនឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ»។

គួររំលឹកថា Fofana បានបង្ហាញទស្សនៈដោយត្រង់ៗ ប៉ុន្តែហាក់ដូចជាធូរស្រាលជ្រុលចំពោះកំហុសរបស់ខ្លួនក្នុងការប្រកួតចាញ់ Liverpool។ ក្នុងយប់ដ៏អាក្រក់នោះ រូបគេថែមទាំងបានបង្កកំហុសប៉ះបាល់នឹងដៃក្នុងប្រអប់គ្រោះថ្នាក់ ដែលបង្កឱ្យ Cody Gakpo ទាត់បាល់ប៉េណាល់ទីតាមស្មើ បន្ទាប់ពី Morgan Rogers បានរកគ្រាប់បាល់នាំមុខឱ្យ Chelsea មុន។ ទោះបីជាជួបរឿងខកចិត្តផ្ទួនៗក៏ដោយ ក៏ Fofana អះអាងថា រូបគេបានកាត់ចិត្តយ៉ាងឆាប់រហ័សពីលទ្ធផលនៅកីឡដ្ឋាន Anfield។

Fofana បាននិយាយក្នុងបទសម្ភាសន៍ជាមួយលោក Nani យ៉ាងដូច្នេះថា៖ «ការប្រកួតជាមួយ Liverpool ពិតជាពិបាកទទួលយក ប៉ុន្តែខ្ញុំបានបន្តដំណើរទៅមុខយ៉ាងលឿន ព្រោះវាគ្រាន់តែជាផ្នែកមួយនៃបាល់ទាត់ប៉ុណ្ណោះ។ ខ្ញុំទទួលខុសត្រូវចំពោះបាល់ប៉េណាល់ទីនោះ ព្រោះខ្ញុំជាអ្នកទាត់មិនចូល ហើយម្យ៉ាងទៀត ខ្ញុំដឹងខ្លួនឯងស្រាប់ហើយថា ខ្ញុំមិនមែនជាអ្នកទាត់បាល់ប៉េណាល់ទីល្អតាំងពីដើមមកម្ល៉េះ [សើច]»៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top