សិល្បៈ និង កម្សាន្ត

Angelina Jolie និង Brad Pitt បញ្ចប់ជម្លោះផ្លូវច្បាប់រាប់ឆ្នាំ ជុំវិញកម្មសិទ្ធិរោងចក្រ ផលិតស្រាទំពាំងបាយជូរ នៅប្រទេសបារាំង

ទីក្រុងឡូសអាន់ជឺឡេស៖ សមរភូមិផ្លូវច្បាប់ដ៏អូសបន្លាយរវាងតារាសម្តែងហូលីវូដ Angelina Jolie និង Brad Pitt បានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីរយៈពេលមួយ ទសវត្សរ៍ក្រោយការ បែកបាក់គ្នារបស់អតីតគូស្នេហ៍ លំដាប់កំពូលមួយនេះ ដោយអ្នកទាំងពីរបានព្រមព្រៀង សម្របសម្រួលបញ្ចប់វិវាទជុំវិញ កម្មសិទ្ធិរោងចក្រផលិតស្រាទំពាំងបាយជូរ នៅប្រទេសបារាំង នេះបើយោងតាមសារព័ត៌មាន CNN ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

តារាសម្តែងទាំងពីរបានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ពួកគេបានឈានដល់ការផ្សះផ្សាបញ្ចប់បណ្តឹងនេះ ដែលជម្លោះនេះបានរីករាលដាលហួសពីបញ្ហាជំនួញ នៅពេលដែលឯកសារបណ្តឹងរបស់ Jolie បានទម្លាយពីការចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹង Pitt។

សេចក្តីថ្លែងការណ៍ដែលផ្តល់ដោយតំណាងរបស់លោក Pitt អាយុ ៦២ឆ្នាំ និងអ្នកស្រី Jolie អាយុ ៥១ឆ្នាំ បានលើកឡើងថា៖ «យើងបានសម្របសម្រួលបញ្ចប់រឿងនៅក្រៅប្រព័ន្ធតុលាការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់គ្រួសាររបស់យើង ហើយនឹងមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតឡើយ»។

Jolie បានដាក់ពាក្យសុំលែងលះកាលពីឆ្នាំ២០១៦ ដោយលើកហេតុផលអំពី «សុខុមាលភាពរបស់គ្រួសារ» បន្ទាប់ពីការធ្វើដំណើរតាមយន្តហោះឯកជនមួយចេញពីទ្វីបអឺរ៉ុប។ ការប្រើប្រាស់ចៅក្រមឯកជនរបស់អតីតគូស្នេហ៍នេះ ដែលជាវិធីសាស្ត្រដ៏ពេញនិយមក្នុងចំណោមតារាល្បីៗដែលលែងលះគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យព័ត៌មានលម្អិតនៃការលែងលះត្រូវបានរក្សាទុកជាការសម្ងាត់ សូម្បីតែបន្ទាប់ពីការលែងលះត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤ ក៏ដោយ។ ប៉ុន្តែ បណ្តឹងពាក់ព័ន្ធនឹងរោងចក្រផលិតស្រាទំពាំងបាយជូរ បានក្លាយជាច្រកដែលធ្វើឱ្យព័ត៌មានលម្អិតនៃជម្លោះរបស់ពួកគេត្រូវបានលាតត្រដាងជាសាធារណៈ។

លោក Pitt បានដាក់ពាក្យប្តឹង Jolie កាលពីឆ្នាំ២០២២ ដោយចោទប្រកាន់ថា នាងបានបោះបង់ចោលកិច្ចព្រមព្រៀងដែលថាលោកនឹងទិញយកចំណែកពាក់កណ្តាលរបស់នាងនៅក្នុងរោងចក្រផលិតស្រាទំពាំងបាយជូរ Chateau Miraval នៅប្រទេសបារាំង ដែលពួកគេធ្លាប់កាន់កាប់រួមគ្នា។ ផ្ទុយទៅវិញ នាងបានលក់ចំណែករបស់ខ្លួនទៅឱ្យក្រុមហ៊ុនស្រា Tenute del Mondo។ Pitt បានហៅទង្វើនោះថាជាការ «សងសឹក» និង «ខុសច្បាប់» ដែលមិនគួរត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីលោកឡើយ ហើយវាបានបំផ្លាញទីកន្លែងឯកជនដែលធ្លាប់ជាផ្ទះទីពីររបស់ពួកគេ។

ការរៀបរាប់អំពីការចោទប្រកាន់ពីអំពើហិង្សានៅលើយន្តហោះឯកជន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ រហូតដល់ពេលដែល Jolie បានដាក់ពាក្យបណ្តឹងតបតវិញនៅក្នុងវិវាទនេះ។ Jolie និងក្រុមមេធាវីរបស់នាងបានអះអាងថា Pitt បានទាមទារឱ្យនាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA) យ៉ាងទូលំទូលាយអំពីរូបលោក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្នុងបំណងបិទបាំងការប្រើប្រាស់អំពើហិង្សារបស់លោកមកលើនាង និងកូនៗ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងមន្ត្រីសេវាកម្មកុមារ ធ្លាប់បានបើកការស៊ើបអង្កេតលើសកម្មភាពរបស់ Pitt នៅលើយន្តហោះនោះ ដោយផ្តោតសំខាន់លើការប្រព្រឹត្តចំពោះកូនប្រុសច្បងរបស់ពួកគេ។ FBI បានចេញសេចក្តីថ្លែងការណ៍នៅចុងឆ្នាំ២០១៦ ថា ខ្លួននឹងមិនបន្តការស៊ើបអង្កេតទៀតទេ ហើយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកក៏មិនបានធ្វើការចោទប្រកាន់ដែរ។

លោក Pitt បានបដិសេធចំពោះការចោទប្រកាន់ពីការប្រើប្រាស់អំពើហិង្សា ប៉ុន្តែមិនបានការពារអាកប្បកិរិយារបស់លោកនៅលើយន្តហោះនោះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី GQ កាលពីឆ្នាំ២០១៧ Pitt បានទទួលស្គាល់ថា លោកមានបញ្ហាជាមួយការសេពគ្រឿងស្រវឹងនៅពេលនោះ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានផ្តាច់គ្រឿងស្រវឹង និងបានទទួលការព្យាបាលផ្លូវចិត្ត។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Esquire កាលពីដើមឆ្នាំនេះ លោកបានឱ្យដឹងថា លោកបានផ្តាច់គ្រឿងស្រវឹងអស់រយៈពេល ៧ឆ្នាំ ប៉ុន្តែបានចាប់ផ្តើមពិសាឡើងវិញ «ក្នុងកម្រិតមួយដែលមានការគ្រប់គ្រងជាងមុន»។

របាយការណ៍របស់ FBI ដែលត្រូវបានលុបបំបាត់ព័ត៌មានរសើបមួយចំនួន និងទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីឆ្នាំ២០២២ បានបង្ហាញថា ភ្នាក់ងារស៊ើបអង្កេតបានផ្តល់សេចក្តីថ្លែងការណ៍អំពីមូលហេតុដែលអាចឈានដល់ការចោទប្រកាន់ទៅកាន់រដ្ឋអាជ្ញាជុំវិញករណីរបស់ Pitt ប៉ុន្តែបន្ទាប់ពីពិភាក្សាលើអង្គហេតុរួច «គ្រប់ភាគីទាំងអស់បានយល់ព្រមថានឹងមិនបន្តការចោទប្រកាន់ព្រហ្មទណ្ឌឡើយ»។ ឯកសារនោះបានបញ្ជាក់ថា Jolie មានភាព «ស្ទាក់ស្ទើរក្នុងចិត្ត» ចំពោះការគាំទ្រឱ្យមានការចោទប្រកាន់ ហើយនៅក្នុងឯកសារតុលាការនាពេលក្រោយមក នាងបាននិយាយថា នាងបានសម្រេចចិត្តមិនជំរុញឱ្យមានការចោទប្រកាន់នេះទេ ដើម្បីជាប្រយោជន៍ដល់គ្រួសារ។

បច្ចុប្បន្ន កូនៗទាំងប្រាំមួយនាក់របស់ពួកគេសុទ្ធតែពេញវ័យអស់ហើយ ដោយកូនពៅភ្លោះគឺ Knox និង Vivienne ទើបតែមានអាយុ ១៨ឆ្នាំកាលពីខែកក្កដា។ មានសេចក្តីរាយការណ៍ថា កូនៗរបស់ Jolie និង Pitt ជាច្រើននាក់ បានសម្រេចចិត្តលុបនាមត្រកូលរបស់ឪពុកពួកគេចោលតាំងពីពេលនោះមក។
នៅចំពោះមុខសាធារណជន ទាំង Pitt និង Jolie សុទ្ធតែរក្សាភាពស្ងប់ស្ងាត់បំផុតចំពោះរឿងរ៉ាវទាំងអស់ជុំវិញការបែកបាក់របស់ពួកគេ បើទោះបីជាពួកគេមមាញឹកក្នុងយុទ្ធនាការផ្សព្វផ្សាយគម្រោងភាពយន្តជាច្រើនក៏ដោយ រួមទាំងភាពយន្តដែលសម្តែងដោយលោក Pitt គឺរឿង «The Further Mis-Adventures of Cliff Booth» ដែលទើបតែចាក់បញ្ចាំងនៅតាមរោងភាពយន្តមួយចំនួនកាលពីថ្ងៃពុធ។

តារាទាំងពីរគឺជាកំពូលតារាភាពយន្តលំដាប់ជួរមុខ នៅពេលដែលពួកគេចាប់ផ្តើមទាក់ទងគ្នាកាលពីឆ្នាំ២០០៤ បន្ទាប់ពីបានសម្តែងរួមគ្នាជាប្តីប្រពន្ធឃាតករក្នុងរឿង «Mr. & Mrs. Smith»។ Jolie ដែលជាតារាឯកក្នុងរឿង «Maleficent» និង «Lara Croft: Tomb Raider» ធ្លាប់បានឈ្នះពានរង្វាន់អូស្ការ (Oscar) សម្រាប់ការសម្តែងរបស់នាងក្នុងរឿង «Girl, Interrupted» កាលពីឆ្នាំ១៩៩៩។

ចំណែកឯ Pitt ដែលជាតារាសម្តែងក្នុងរឿង «Fight Club» និង «Inglourious Basterds» ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងទាំងក្នុងនាមជាតារាសម្តែង និងផលិតករ បន្ទាប់ពីការបែកបាក់។ លោកបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការសម្តែងក្នុងរឿង «Once Upon a Time … in Hollywood» កាលពីឆ្នាំ២០១៩ ដែលជាសមិទ្ធផលកំពូលក្នុងរដូវកាលប្រគល់ពានរង្វាន់ ដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចាត់ទុកថាជាការស្តារកេរ្តិ៍ឈ្មោះឡើងវិញ និងទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសាធារណជន។

ដោយឡែក Jolie បានរក្សាជីវិតស្ងប់ស្ងាត់ជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីការលែងលះ បើទោះបីជានាងបានដឹកនាំរឿងជាច្រើន និងចូលរួមសម្តែងក្នុងភាពយន្តមួយចំនួនទៀត ខណៈដែលព្យាយាមផ្តោតលើការចិញ្ចឹមបីបាច់កូនៗ។ នាងត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Golden Globe សម្រាប់ការសម្តែងជាតួអង្គតារាចម្រៀងអូប៉េរ៉ាដ៏ល្បីល្បាញ Maria Callas ក្នុងរឿង «Maria» និងបានសម្តែងក្នុងរឿង «Couture» ដែលបានចេញផ្សាយកាលពីរដូវក្តៅនេះ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top