សិល្បៈ និង កម្សាន្ត

សហជីពភាពយន្តឥណ្ឌា ជំរុញរដ្ឋាភិបាលលោក ម៉ូឌី ហាមឃាត់ការចាក់ផ្សាយភាពយន្ត ភាគប៉ាគីស្ថាននៅលើ Netflix

ម៉ុមបៃ៖​ សហជីពកម្មករភាពយន្តបូលីវូដដ៏លេចធ្លោមួយ បានស្នើសុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ហាមឃាត់ការចាក់ផ្សាយ ភាពយន្តភាគប៉ាគីស្ថាន ដែលត្រៀមនឹងចេញផ្សាយនៅលើកម្មវិធី Netflix ក្នុងប្រទេសឥណ្ឌា ព្រមទាំងទាមទារឱ្យមានការបង្កើតច្បាប់ហាមឃាត់ ការដាក់បង្ហាញមាតិកាមកពីប្រទេសគូបដិបក្ខមួយនេះនៅក្នុងប្រទេស នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

វគ្គទីមួយនៃភាពយន្តភាគរឿង “Jo Bachay Hain Sang Samait Lo” (All the Love Our Hearts Carry) គ្រោងនឹងចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ និងជាភាពយន្តភាគនិយាយភាសាអ៊ូឌូ (Urdu) ដំបូងបង្អស់របស់ក្រុមហ៊ុនផ្សាយភាពយន្តអនឡាញយក្សពិភពលោកមួយនេះ ដោយមានការចូលរួមសម្តែងពីតារាសម្តែងល្បីៗរបស់ប៉ាគីស្ថានជាច្រើនរូប។

នៅក្នុងលិខិតផ្ញើជូនលោក ម៉ូឌី កាលពីយប់ថ្ងៃអង្គារ សមាគមកម្មករភាពយន្តឥណ្ឌាទាំងមូល (AICWA) ដែលជាសហជីពកម្មករភាពយន្ត បានលើកឡើងថា៖ «គ្មានមុខមាត់ សំឡេង ឬសាច់រឿងរបស់ប៉ាគីស្ថានណាមួយ មានកន្លែងឈរជើងនៅលើកញ្ចក់ទូរទស្សន៍ ឬអេក្រង់នៅឥណ្ឌាឡើយ»។ ភ្លាមៗនេះ ក្រុមហ៊ុន Netflix និងអ្នកនាំពាក្យរបស់លោក ម៉ូឌី មិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទីក្រុងញូវដេលី បានចោទប្រកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ថាបានជួយគាំទ្រ ញុះញង់ និងរៀបចំការវាយប្រហារដោយហិង្សារបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនៅទូទាំងប្រទេសឥណ្ឌា រួមទាំងការវាយប្រហារលើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀររបស់ឥណ្ឌាកាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ២៦ នាក់ និងបង្កឱ្យមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណា ប៉ាគីស្ថានបានបដិសេធចំពោះការចោទប្រកាន់របស់ឥណ្ឌា។

ប្រទេសឥណ្ឌាបានស្នើឱ្យគ្រប់ថ្នាលផ្សាយភាពយន្តអនឡាញទាំងអស់បញ្ឈប់ការចាក់បញ្ចាំងកម្មវិធីរបស់ប៉ាគីស្ថាន បន្ទាប់ពីមានការប្រយុទ្ធគ្នានោះ បើទោះបីជាកម្មវិធីប៉ាគីស្ថានជាច្រើនទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនានៅក្នុងប្រទេសក៏ដោយ ហើយសមាគម AICWA បានបញ្ជាក់ថា Netflix នឹងរំលោភលើសេចក្តីណែនាំនេះ ប្រសិនបើខ្លួនហ៊ានចាក់បញ្ចាំងភាពយន្តភាគនេះ។ បច្ចុប្បន្ន មាតិកាប៉ាគីស្ថានមិនត្រូវបានចាក់បញ្ចាំងនៅលើថ្នាលផ្សាយភាពយន្តអនឡាញក្នុងប្រទេសឥណ្ឌាឡើយ ប៉ុន្តែភាពយន្តភាគជាច្រើននៅតែអាចទស្សនាបាននៅលើ YouTube។

សមាគម AICWA ដែលអះអាងថាខ្លួនជាសហជីពកម្មករភាពយន្តធំជាងគេ បានសរសេរនៅក្នុងលិខិតថា តារាសម្តែងជាច្រើនរូបនៅក្នុងភាពយន្តភាគនេះ ធ្លាប់បាននិយាយប្រឆាំងនឹងប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ។ សមាគមបានបន្តថា៖ «យើងក៏បានទាមទារឱ្យមានច្បាប់អចិន្ត្រៃយ៍ដ៏រឹងមាំមួយ ជាមួយនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត ហើយយើងសូមអំពាវនាវដល់ក្រុមហ៊ុន Netflix ឥណ្ឌា និងគ្រប់ថ្នាល OTT ទាំងអស់ កុំចាក់បញ្ចាំងមាតិកាប៉ាគីស្ថានណាមួយនៅក្នុងប្រទេសឥណ្ឌាឱ្យសោះ»។

ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ Netflix ដែលមានអ្នកប្រើប្រាស់ប្រមាណ ២០ លាននាក់ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារ HSBC ព្រមទាំងមានកំណើនអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនឡើង ដែលអាចប្រើប្រាស់អ៊ីនធឺណិតក្នុងតម្លៃថោក។

ក្រុមហ៊ុន Netflix បានរៀបរាប់អំពីភាពយន្តរឿង “Jo Bachay Hain Sang Samait Lo” ដែលដកស្រង់ចេញពីប្រលោមលោករបស់អ្នកនិពន្ធប៉ាគីស្ថាន លោកស្រី Farhat Ishtiaq ថាជាដំណើររឿងនៃគូស្នេហ៍ចំនួនប្រាំមួយគូ និងរបៀបដែលពួកគេស្វែងរកឃើញក្តីស្រឡាញ់។ ភាពយន្តនេះចូលរួមសម្តែងដោយលោក Fawad Khan, កញ្ញា Sanam Saeed, កញ្ញា Mahira Khan និងតារាសម្តែងជាច្រើនរូបទៀត។

ប្រែសម្រួល៖​ គីរី

Most Popular

To Top