ឡុងដ៍ ៖ អតីតប្រធានក្រុមជម្រើសជាតិស្វីស លោក Ramon Vega ធ្លាប់បានឈ្នះពានរង្វាន់ League Cup ជាមួយក្លឹប Tottenham Hotspur កាលពីឆ្នាំ ១៩៩៩ ទោះបីជាត្រូវចូលលេង ក្នុងវគ្គផ្តាច់ព្រ័ត្រទាំងរបួសបាក់កជើងក៏ដោយ ហើយលោកជឿជាក់ថា ការប្តេជ្ញាចិត្តដ៏មុតមាំនោះអាច នាំលោកទៅរកជ័យជម្នះ ក្នុងយុទ្ធនាការ ដណ្តើមតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន CNA ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

អតីតខ្សែការពារកណ្តាលវ័យ ៥៥ ឆ្នាំរូបនេះ ធ្លាប់បង្ហាញខ្លួនជាង ៦០ លើកនៅក្របខ័ណ្ឌ Premier League និងធ្លាប់លេងមួយរដូវកាលនៅក្របខ័ណ្ឌ Serie A ជាមួយក្លឹប Cagliari ព្រមទាំងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Celtic ផងដែរ។
ចាប់តាំងពីចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០០៣ មក លោក Vega ដែលអាចនិយាយបាន ៦ ភាសា បានកសាងអាជីពធុរកិច្ចដ៏ជោគជ័យមួយ និងធ្លាប់បានប៉ុនប៉ងឈរឈ្មោះបោះឆ្នោតជាប្រធាន FIFA ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ ២០១៥, ២០១៩ និង ២០២៣។
លោក Vega គ្មានការសង្ស័យឡើយថា លោកអាចទម្លាក់លោក Gianni Infantino (ប្រធានបច្ចុប្បន្ន) នៅក្នុងខែមីនា ឆ្នាំក្រោយ នៅពេលដែលសហព័ន្ធជាសមាជិកទាំង ២១១ របស់ FIFA នឹងសម្រេចជ្រើសរើសថាតើនរណានឹងជាអ្នកដឹកនាំពិភពបាល់ទាត់សម្រាប់រយៈពេល ៤ ឆ្នាំបន្ទាប់។
លោកបានលើកឡើងថា ការរួមបញ្ចូលគ្នានៃបទពិសោធន៍ក្នុងនាមជាកីឡាករ ភាពឈ្លាសវៃផ្នែកធុរកិច្ច និងសុចរិតភាពរបស់លោក ធ្វើឱ្យលោកក្លាយជាបុគ្គលដ៏ល្អបំផុតក្នុងការប្រមូលផ្តុំអ្នកគាំទ្រ អ្នកគ្រប់គ្រង និងកីឡាករឱ្យមានសាមគ្គីភាព។
ដើម្បីអាចមានឈ្មោះនៅលើសន្លឹកឆ្នោត លោក Vega ត្រូវតែទទួលបានការគាំទ្រពីសហព័ន្ធជាតិយ៉ាងតិចចំនួន ៥ មុនកាលបរិច្ឆេទផុតកំណត់នៃការដាក់ឈ្មោះបេក្ខភាពនៅថ្ងៃពុធសប្តាហ៍ក្រោយ ព្រមទាំងត្រូវបង្ហាញថា លោកធ្លាប់មានតួនាទីបំពេញការងារក្នុងវិស័យបាល់ទាត់នាពេលថ្មីៗនេះ។
ទោះបីជាលោកមិនបញ្ចេញឈ្មោះថាអ្នកណាខ្លះជាអ្នកគាំទ្រលោកក៏ដោយ ក៏លោក Vega បានអះអាងថា លោកទទួលបានការគាំទ្រពីគ្រប់ទ្វីបទាំងអស់ ពិសេសដោយសារតែក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការធ្វើដំណើរទៅកាន់ជាង ១៤០ ប្រទេស ដើម្បីស្វែងរកការគាំទ្រ។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈប្រព័ន្ធ Zoom ពីទីក្រុងឌូបៃ (Dubai) ថា៖ “ខ្ញុំគឺជាកីឡាករបាល់ទាត់មួយរូប តើអ្នកយល់ទេ? ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ ប្រសិនបើខ្ញុំចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយខ្ញុំជឿថាខ្ញុំនឹងចាញ់ នោះយកល្អខ្ញុំគួរតែព្យួរស្បែកជើង (ឈប់លេង) មុនពេលខ្ញុំទៅដល់កីឡដ្ឋាន Wembley បាត់ទៅហើយ។”
ប្រែសម្រួល៖ គីរី
