ប្រជាជនថៃរាប់លាននាក់កំពុងសប្បាយដើរផ្សារទិញអីវ៉ាន់ ដោយសារតែវិធានការជំរុញសេដ្ឋកិច្ចមួយដែលផ្តល់អោយជនជាតិថៃម្នាក់ៗ១.០០០បាត(៤៥ដុល្លារ)សំរាប់ចំណាយនៅក្នុងប្រទេសនាចុងឆ្នាំនេះ។
កម្មវិធី «ស៊ី ដើរហាង ចំណាយ» ជាផ្នែកនៃកញ្ចប់ថវិកា១៤ពាន់លានបាតដែលត្រូវបានដាក់អោយអនុវត្តកាលពីខែសីហាចំពេលមានរបាយការណ៍អំពីកំណើនសេដ្ឋកិច្ចខ្សោយបំផុតនៅក្នុងរយៈពេល៥ឆ្នាំ។ នៅដំណាក់កាលពី១ ពលរដ្ឋ១០លាននាក់អាយុ១៨ឆ្នាំឡើង ត្រូវផ្តល់កញ្ចប់ថវិកាអេឡិចត្រូវនិក១.០០០បាតក្នុងម្នាក់ៗ។លុយនេះត្រូវចំណាយលើអាហារ ការធ្វើដំណើរ សម្ភារផ្ទះបាយ សេវាស្ប៉ានិងការស្នាក់នៅសណ្ឋាគារនៅទីតាំងកំណត់ណាមួយនៅក្នុងប្រទេសលើកលែងតែក្នុងខេត្តណាដែលពួកគេស្នាក់នៅ។ការធ្វើបែបនេះជាការជំរុញវិស័យទេសចរណ៍ក្នុងស្រុក។
ដោយសារតែមនុស្សតែ១លាននាក់ត្រូវកត់ឈ្មោះសំរាប់បានសិទ្ធិទទួលប្រាក់ឧបត្ថម្ភនេះ មនុស្សជាច្រើនត្រូវរង់ចាំចុះឈ្មោះដល់យប់ជ្រៅៗនិងរាប់ថ្ងៃ។អ្នកគ្រូ ហ្កាឡាយ៉ា វង់សាអាត វ័យ៥៧ឆ្នាំ បាននិយាយថា«ខ្ញុំមិនគិតថាខ្ញុំទទួលបានវាទេ និងបានបោះបង់ក្រោយព្យាយាមអស់៣ថ្ងៃ។តែជាការភ្ញាក់ផ្អើល ខ្ញុំបានទទួលវានៅព្រឹកបន្ទាប់»។ អ្នកគ្រូ ហ្កាឡាយ៉ា ដែលជាអ្នកស្រុកអាយុទ្យា បានប្រើលុយនេះសំរាប់ទិញសម្ភារប្រើប្រាស់ក្នុងផ្ទះ ដូចជាក្រដាសអនាម័យ សាប៊ូ ប្រេងលាបខ្លួននិងថ្នាំដុះធ្មេញនៅផ្សារមួយជិតផ្ទះក្នុងក្រុងបាងកក។អ្នកគ្រូបាននិយាយថា«ខ្ញុំមិនមានពេលធ្វើដំណើរទេ តែនៅពេលគេបង្កើតកម្មវិធីហើយ យើងត្រូវឆក់ឱកាស»។
ចំណែកនិស្សិតសកលវិទ្យាល័យម្នាក់បាននិយាយថា«ខ្ញុំត្រូវរង់ចាំយូរដល់យប់ជ្រៅ។ខ្ញុំចង់ធ្វើដំណើរជុំវិញថៃ»។ កម្មវិធីនេះក៏រងការរិះគន់ព្រោះវាផាត់ចេញអ្នកក្រ ដោយសារអ្នកចូលរួមត្រូវមានទូរស័ព្ទចល័តដើម្បីដោនឡូត កម្មវិធី(app)មួយ ដើម្បីទទួលបានការបង់ប្រាក់អេឡិចត្រូនិកតាម QR code ។
ទោះជាយ៉ាងណា ដោយសារកម្មវិធីចែកប្រាក់នេះពេញនិយមរដ្ឋាភិបាលបានបញ្ចេញផែនការដំណាក់កាលពី២កាលពីថ្ងៃព្រហស្សតិ៍មុន។តែក្នុងរយៈពេលកន្លះម៉ោងមនុស្សកន្លះលានបានចុះឈ្មោះសុំប្រាក់នេះ៕
ប្រភព៖Sabay