សុខភាពមាត់ធ្មេញ គឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើមិនចង់បាត់បង់ទេនោះគួរព្យាយាមថែរក្សាឱ្យបានល្អបំផុត។ ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទៅទើបអាចរក្សាសុខភាពធ្មេញរឹងមាំជៀសផុតពីជំងឺពុកធ្មេញ ឬប្រហោងដង្កូវស៊ី? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់បញ្ហាធ្មេញពុកប្រហោងដង្កូវស៊ី ៖
១. ខ្ពុរមាត់ជាមួយប្រេង
វិធីដ៏ងាយបំផុតដើម្បីរក្សាសុខភាពធ្មេញទប់ស្កាត់បញ្ហាពុកដង្កូវស៊ីនោះ គឺព្យាយាមខ្ពុរមាត់ជាមួយប្រេងដូចជា ប្រេងល្ង ឬប្រេងដូង សម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។
២. កុំទទួលទានអាហារសម្បូរជាតិផ្អែម ឬស្ករច្រើនពេក
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងរួចមកហើយថា ជាតិផ្អែម ឬជាតិស្ករជាសត្រូវដ៏ធំបំផុតនៃធ្មេញ ដោយវាអាចបង្កបញ្ហាមាត់ធ្មេញផ្សេងៗ រួមទាំងជំងឺពុកធ្មេញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយការទទួលទានអាហារ និងភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ។
៣. ទទួលទានអាហារដែលពង្រឹងសុខភាពមាត់ធ្មេញ
អាហារដែលជួយទប់ស្កាត់បញ្ហាពុកធ្មេញមានច្រើនណាស់ រួមបញ្ចូលទាំងផលិតផលអាហារផ្សំឡើងពីទឹកដោះគោដូចជាឈីសអាចជួយកាត់បន្ថយកំណកកំបោរ និងការពារកាចាធ្មេញបានយ៉ាងប្រសើរ។ ផ្លែប៉ោមបង្កើនការផលិតទឹកមាត់ដែលកាត់បន្ថយកម្រិតនៃបាក់តេរី។
៤. ដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ
ដើម្បីរក្សាសុខភាពធ្មេញជៀសផុតពីបញ្ហាពុកធ្មេញ ឬដង្កូវស៊ីប្រហោង ក៏ដូចជាការឡើងកំណកកំបោរ និងជំងឺអញ្ចាញធ្មេញ ចូរដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ (ពេលព្រឹក និងពេលយប់មុនពេលចូលគេង) ។
៥. ដុសសម្អាតអណ្តាត
ធ្លាប់ដឹងទេថា អណ្ដាតក៏ជាផ្នែកមួយសម្បូរទៅដោយបាក់តេរីមិនចាញ់ធ្មេញ និងអញ្ចាញឡើយ! ដូច្នេះរាល់ពេលដុសធ្មេញ កុំភ្លេចដុសសម្អាតអណ្ដាតផង។
៦. កុំភ្លេចប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញ
ត្រឹមតែការដុសសម្អាតធ្មេញ គឺមិនគ្រប់គ្រាន់ឡើយ។ បាក់តេរីនិងកំទេចកំទីអាហារតូចៗអាចបង្កបញ្ហាពុកធ្មេញបានយ៉ាងងាយ។ ហើយការប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញទៀងទាត់ជាវិធីដ៏ប្រសើរបំផុតមួយជួយទប់ស្កាត់បញ្ហា។
៧. យកចិត្តទុកដាក់ចំពោះរាល់បញ្ហាមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ
ប្រសិនបើអញ្ចាញរបស់អ្នកមើលទៅឡើងក្រហមតិចៗ, ទឹកមាត់ពណ៌ក្រហមតិចៗ ឬប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្នុងមាត់ ចូរកុំស្ទាក់ស្ទើរនឹងទៅជួបពិនិត្យជាមួយទន្តពេទ្យ ក៏ព្រោះអាការៈទាំងនេះអាចនឹងលេចឡើងដោយសារភាពមិនប្រក្រតីណាមួយ។
៨. ទទួលទានតែបៃតង ឬតែខ្មៅ
តែបៃតង ឬតែខ្មៅ មានផ្ទុកសម្បូរទៅដោយសារធាតុ Camellia sinensis ជួយរក្សាសុខភាពមាត់ធ្មេញទប់ស្កាត់បញ្ហាធ្មេញពុកបានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។
៩. កុំដុសធ្មេញខ្លាំងៗ ឬច្រើនដងពេក
អ្វីក៏ដោយឱ្យតែពេក គឺមិនដែលល្អឡើយ! សូម្បីតែការដុសសម្អាតធ្មេញក៏ដោយ។ ការដុសធ្មេញខ្លាំងៗ ឬច្រើនដងពេកក្នុងថ្ងៃអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះកាចាធ្មេញ។
១០. ពិនិត្យមាត់ធ្មេញ ២ដងក្នុងមួយឆ្នាំ
ទន្តពេទ្យ ជាអ្នកជំនាញជួយការពារសុខភាពមាត់ធ្មេញរបស់អ្នក ហើយអាចសម្គាល់ឃើញភាពមិនប្រក្រតីណាមួយបានទាន់ពេលទៀតផង។ លើសពីនេះទៅទៀត ទន្តពេទ្យក៏ជួយសម្អាតធ្មេញទៀងទាត់ដែលធ្វើឱ្យអ្នកអាចជៀសផុតពីការជួបប្រទះបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរផ្សេងៗ៕ប្រភព៖ Health.com.kh