សុខភាព និង ផ្លូវភេទ

ប្រយ័ត្ន! រាងកាយ កំពុងស្ត្រេសខ្លាំងហើយ បើអាការៈ ទាំងនេះលេចឡើង

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាជំងឺជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរអោយព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ និងអារម្មណ៍ឈឺចាប់ក្នុងរាងកាយ។ យើងប្រហែលជាមិនមានអារម្មណ៍តានតឹងផងនៅពេលដែលស្ត្រេសខ្លាំង ឬលើសកម្រិត ប៉ុន្តែវានឹងបង្កអាការៈមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងសញ្ញាចំនួន ៦ ដែលបញ្ជាក់ថាអ្នកកំពុងតែស្ត្រេសខ្លាំង ៖

១. ជំងឺស្បែកផ្សេងៗ

អ្នកជំនាញជាច្រើនបានបង្ហាញថាបញ្ហាស្បែកផ្សេងៗក៏អាចកើតមានឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្លាំងផងដែរ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ខ្ពស់ធ្វើឱ្យស្បែកងាយនឹងឆ្លងមេរោគ។

២. ភាពប្រែប្រួលនៃទម្ងន់

ស្ត្រេសញឹកញាប់ ឬសឹងតែជាប្រចាំបង្កើនការផលិតអ័រម៉ូន cortisol ដែលជះឥទ្ធិពលលើការដុតរំលាយខ្លាញ់ និងកាបូអ៊ីដ្រាតក្នុងរាងកាយ ហើយក៏មិនល្អចំពោះកម្រិតនៃជាតិក្នុងឈាមផងដែរ។ ប្រសិនបើមនុស្សម្នាក់មានកម្រិត
អ័រម៉ូន cortisol ខ្ពស់ពេកនោះគេនឹងទទួលទានច្រើនជាងធម្មតា ខណៈដែលរាងកាយផលិតអ័រម៉ូន testosterone ទាបខុសប្រក្រតី ហើយអាចដុតបំផ្លាញកាឡូរីបានតែបន្តិចប៉ុណ្ណោះ។ ជាលទ្ធផលអ្នកនឹងកើនទម្ងន់។ ប៉ុន្តែពេលខ្លះស្ត្រេស ឬបញ្ហាថប់បារម្ភក៏បណ្ដាលឱ្យស្រកទម្ងន់ផងដែរបណ្ដាលមកពីការកើនឡើងនូវកម្រិត adrenaline ក្នុងឈាម។

៣. ឧស្សាហ៍ផ្ដាសាយ

ដូចបានរៀបរាប់ខាងលើ ស្ត្រេសបង្កើនការផលិតអ័រម៉ូន cortisol ​ដែលអាចទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាប្រសិនបើមនុស្សម្នាក់ស្ត្រេសរ៉ាំរ៉ៃនោះប្រព័ន្ធភាពស៊ាំរបស់គេនឹងចុះខ្សោយទៅៗ ហើយទទួលរងឥទ្ធិពលមិនល្អពីអ័រម៉ូន cortisol វិញដែលជាលទ្ធផលនៃបញ្ហារលាកកាន់តែធ្ងន់ធ្ងរក្នុងរាងកាយ។ ខណៈនេះរាងកាយ គឺងាយនឹងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺផ្ដាសាយណាស់។ ដូច្នេះកុំបន្ទោសតែអាកាសធាតុត្រជាក់ទៀត។ ប្រសិនបើអ្នកឈឺញឹកញាប់ ចូរព្យាយាមគ្រប់គ្រងភាពតានតឹងរបស់ខ្លួនវិញ។

៤. ថប់បារម្ភ

ការដែលចង់នៅស្ងៀមស្ងាត់មិនធ្វើអ្វីទាំងអស់ គឺទម្រង់ទូទៅមួយប្រភេទនៃបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំង។ ធ្លាប់ដឹងទេថា អ្នកកំពុងប្រឈមមុខនឹងបញ្ហាស្ត្រេស ឬតានតឹងខ្លាំងហើយ ប្រសិនបើអ្នកមិនចង់ចេញដើរទៅណាសោះ សូម្បីតែការសន្ធឹងពត់ពែនខ្លួនបន្តិចបន្តួចក៏មិនធ្វើ ក្រៅពីអង្គុយសញ្ជឹងគិតម្នាក់ឯង? ប្រសិនបើការថប់បារម្ភ គឺកើតមានជាប្រចាំ ហើយអ្នកមិនអាចសូម្បីតែតាំងអារម្មណ៍អានសៀវភៅនោះវាដល់ពេលដែលអ្នកគួរចាប់ផ្ដើមរកមូលហេតុពិតប្រាកដដែលធ្វើអោយអ្នកក្លាយជាបែបនេះ។ ជួនកាលសត្រូវដ៏ធំបំផុត គឺចិត្ត ឬការគិតរបស់អ្នក។ វាដល់ពេលដែលអ្នកគួរប្រញាប់ដោះស្រាយបញ្ហាថប់បារម្ភ និងភាពភ័យខ្លាចផ្សេងៗ ឬការខ្វាយខ្វល់ពេកហើយ។

៥. ឈឺចាប់រាងកាយ

អ្នកប្រហែលជាមិនចាប់អារម្មណ៍នូវសញ្ញាផ្សេងៗដែលរាងកាយព្យាយាមបង្ហាញឡើយ រហូតដល់ការឈឺចាប់កើតមាន។ នៅក្រោមកម្រិតនៃភាពតានតឹង ឬស្ត្រេសពេក រាងកាយនឹងចាប់ផ្ដើមចុះខ្សោយទ្រាំទ្រលែងបាន។ អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់រាងកាយដូចជា ឈឺចុកពោះ រាគ ឡើងដំបៅផ្សេងៗ ឈឺសាច់ដុំ ឈឺទ្រូង ឈឺក្បាល និងបេះដូងលោតញាប់ខុសធម្មតា។ អ្នកនឹងមានអារម្មណ៍ឈឺចាប់ពេញខ្លួន សូម្បីតែសន្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នក។

៦. មិនអាចផ្តោតអារម្មណ៍លើអ្វីបាន ក្រៅពីការងារនិងបញ្ហាផ្សេងៗ

ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍នឹងអាចចូលមកគ្រប់គ្រងលើជីវិតរបស់អ្នក ប្រសិនបើអ្នកមិនអាចបោះបង់ការងារ, ហិរញ្ញវត្ថុ រួមទាំងការប្រកួតប្រជែងដទៃទៀតចោលមួយរយៈដើម្បីស្វែងរកការស្ងប់អារម្មណ៍ ហើយសម្រាកខ្លះ។ ដូច្នេះអ្នកគួរចេះផ្ដាច់ខ្លួនចេញពីបញ្ហាណាមួយដែលមិនមានដំណោះស្រាយ។ ការបារម្ភច្រើនពេក គឺជះឥទ្ធិពលប៉ះពាល់ទាំងចំពោះផ្លូវចិត្ត និងផ្លូវកាយ។

៧. បញ្ហាក្រពះពោះវៀន

អ្នកប្រហែលជាស្មានមិនដល់ទេថាបញ្ហាតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចជះឥទ្ធិពលអវិជ្ជមានគួរឱ្យកត់សម្គាល់លើសុខភាពក្រពះពោះវៀន។ ពេលខ្លះការលេបថ្នាំក៏មិនអាចជួយបានដែរ។ ក្នុងករណីនេះចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងចិត្តសាស្ត្រ។

៨. ជ្រុះសក់

ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងហើយថា ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចបង្កបញ្ហាជ្រុះសក់គួរអោយព្រួយបារម្ភ។ ប្រសិនបើអ្នកសម្គាល់ឃើញថា សក់ជ្រុះច្រើនជាងមុនទាំងដែលអ្នកគ្មានបញ្ហាកង្វះវីតាមីនណាមួយនោះ ស្ត្រសអាចជាមូលហេតុហើយ។ ដូច្នេះប្រសិនបើមិនចង់ត្រងោលទេនោះ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេស។

៩. បាត់បង់ចំណង់ផ្លូវភេទ

នោះក៏ព្រោះតែការកើនឡើងនូវកម្រិតអ័រម៉ូនស្ត្រេសជះផលប៉ះពាល់លើការបញ្ចេញអ័រម៉ូនដែលទទួលខុសត្រូវចំពោះចំណង់ផ្លូវភេទ។ លើសពីនេះទៅទៀត ភាពតានតឹងក្នុងអារម្មណ៍អាចធ្វើអោយអ្នកអស់កម្លាំង និងអសមត្ថភាពក្នុងការបង្កើនភាពស្និតស្នាល។ ដូច្នេះប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាបាត់បង់ចំណង់ផ្លូវភេទ ចូរសាកល្បងព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេស។

១០. បញ្ហាពាក់ព័ន្ធនឹងការគេង

ភាពស្ត្រសខ្លាំងអាចជាមូលហេតុចម្បងមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗពាក់ព័ន្ធជាមួយការគេង។ អ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ ប្រសិនបើអ្នកស្ត្រេសជាប់ជាប្រចាំរយៈពេលយូរ។ អ្វីដែលគួរអោយព្រួយបារម្ភថែមទៀតនោះ គឺការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលមិនល្អជាច្រើនចំពោះសុខភាព។ នៅពេលថ្នាំគេងលក់មិនអាចជួយអ្វីអ្នកបានទៀតនោះ វាដល់ពេលដែលគួរប្រញាប់ទៅជួបគ្រូពេទ្យហើយ៕ប្រភព៖health.com.kh

Most Popular

To Top