ជំងឺអៀនគឺជាជំងឺឆ្លងដែលកើតឡើងនៅក្នុងពោះវៀនធំ និងមួយភាគតូចក្នុងរន្ធគូថ។ វាគឺជាប្រភេទប៉ារ៉ាស៊ីតពណ៌សៗមានសភាពដូចជាសត្វដង្កូវ។ សម្រាប់ពាក្យវេជ្ជសាស្ត្រប៉ារ៉ាស៊ីតនេះមានឈ្មោះថា Enterobius Vermicularis ប៉ុន្តែគេច្រើនហៅវាជា Pinworm (ព្រូនម្ជុល)។ ប៉ារ៉ាស៊ីតទាំង នេះក៏អាចហៅថា Seatworm (ព្រូននៅកន្លែងអង្គុយ) ឬ Threadworm (ព្រូនសរសៃ)។ អៀន និងដង្កូវប៉ារ៉ាស៊ីតផ្សេងៗទៀត (ក្រុមរបស់ត្រកូល Helminth)វាចិញ្ចឹមខ្លួនឯងដោយសារការបឺតស្រូបយកសារធាតុក៏ដូចជាចំនីអាហារពីក្នុងពោះវៀនរបស់សត្វ។
តើនរណាខ្លះដែលប្រឈមមុខនឹងជំងឺអៀននេះ?
ជំងឺនេះគឺវាកើតទូទាំងពិភពលោក ក្នុងអាកាសធាតុមធ្យម។
ជំងឺអៀនលើកុមារ
ក្មេងសិស្សសាលាមានការប្រឈមខ្ពស់បំផុតទៅនឹងជំងឺអៀន។ ជំងឺនេះច្រើនកើតបន្ទាប់ពីពួកគេមិនទាន់ចូលរៀន។ ចំពោះស្ថាប័នថែទាំសុខភាពគួរតែមានការចូលរួម និងយកចិត្តទុកដាក់ទៅលើជំងឺអៀននេះអោយបានច្រើន។ ពេលខ្លះមានកុមារស្ទើរតែពាក់កណ្តាលប្រហែលជាឆ្លងជំងឺអៀននេះ។
ជំងឺអៀនលើមនុស្សធំ
ជំងឺអៀនច្រើនកើតជាលក្ខណៈគ្រួសារតែម្តង។ មនុស្សធំទំនងជាមិនសូវមានជំងឺអៀននោះទេ ប៉ុន្តែអ្វីដែលច្រើនគឺកុមារតូចៗ។ ទោះបីជាយ៉ាងណាក៏ដោយ ដៃគូររួមភេទអាចចម្លងពងរបស់អៀនទៅអោយគ្នាទៅវិញទៅមកបាន។
តើអៀនមានរូបរាងដូចម្តេចទៅ?
អៀនជាដង្កូវពណ៌ស អាចមើលឃើញដោយភ្នែកទទេ ហើយចំពោះប្រវែង ឈ្មោល ៨ទៅ១៣មីលីម៉ែត្រ ញី ២ទៅ៥មីលីម៉ែត្រ។ ចំនែកពងដែលចេញពីដង្កូវញីមិនអាចមើលឃើញបានទេ ព្រោះវាមានទំហំប្រហែលជា ៥៥មីក្រូម៉ែត្រ និងពណ៌ស្រអាប់ៗ។
ដង្កូវអៀនទាំងញី និងឈ្មោលច្រើនរស់នៅក្នុងថ្នកពោះវៀនធំ (Rectum) ប៉ុន្តែវដ្តជីវិតរបស់វានៅក្នុងខ្លួនមនុស្សត្រូវតែមាន Rectumឬការចម្លងតាមមាត់។
ខណៈពេលមនុស្សម្នាក់នោះកំពុងដេក ដង្កូវអៀនញីចេញពីពោះវៀនចូលទៅក្នុងរន្ធគូថដើម្បីទម្លាក់ពងរបស់វានៅលើស្បែកជុំវិញរន្ធគូថ។ ករណីនេះវានឹងធ្វើអោយអ្នកជំងឺរមាស់ នៅជុំវិញរន្ធគូថ ជាពិសេសបើកើតទៅលើក្មេងៗវិញពួកគេអាចនឹងអេសនៅតំបន់ជុំវិញរន្ធគូថនោះ ហើយអាចជាប់ពងរបស់វានៅនឹងដៃ ឬក្រចកដៃរបស់ពួកគេ។ បន្ទាប់មកពួកគេនឹងនាំពងអៀននោះទៅទម្លាក់នៅលើរបស់របរក្មេងលេងរបស់អ្នកដទៃ ឬឆ្លងចូលទៅក្នុងខ្លួនពួកគេវិញម្តងទៀត។ ពងដែលបានចូលទៅក្នុងខ្លួនមនុស្សហើយ វានឹងញាស់ក្លាយទៅជាដង្កូវនៅក្នុងពោះវៀនតូច ហើយបន្ទាប់មកវាធ្វើដំណើរទៅក្នុងពោះវៀនធំដើម្បីអោយដង្កូវទាំងនោះលូតលាស់ក្លាយជាដង្កូវពេញលក្ខណៈ និងចូលទៅក្នុងតំបន់ Rectumឬរន្ធគូថដើម្បីអោយដង្កូវញីទម្លាក់ពងរបស់វានៅទីនោះទៀត ដែលពងទាំងអស់មានចំនួនរហូតដល់ ១០ ទៅ១៥ពាន់ពងឯណោះ។
តើជំងឺអៀនឆ្លងបានយ៉ាងដូចម្តេច?
ជំងឺអៀនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ រយៈពេលតែពីរបីម៉ោងប៉ុណ្ណោះនៃការទម្លាក់ពងរបស់វានៅស្បែកជុំវិញរន្ធគូថ ពងអៀនអាចមានសមត្ថភាពចម្លងទៅអ្នកដទៃទៀតបានយ៉ាងស្រួល។ ពងទាំងនេះអាចរស់នៅបានរហូតដល់ ពីរសប្តាហ៍នៅលើសម្លៀកបំពាក់ គ្រែដេក ឬរបស់របរផ្សេងៗទៀត។ ការឆ្លងជំងឺអាចកើតឡើងបានលុះត្រាតែមានការបរិភោគដោយពងអៀនដោយចៃដន្យ ហើយជាធម្មតាការឆ្លងបែបនេះច្រើនតែកើតឡើងនៅពេលដែលមនុស្សមិនបានសម្អាតដៃបានត្រឹមត្រូវ ទាំងឪពុកម្តាយ និងក្មេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ ពងអៀនដែលទុំនៅលើគ្រែ ឬរបស់របបផ្សេងៗទៀតអាចចម្លងទៅមនុស្សតាមរយៈការប៉ះពាល់របស់អស់ទាំងនោះ ឬធ្វើអោយមនុស្សនោះឆ្លងម្តងទៀតបាន៕ប្រភព៖health