សុខភាព និង ផ្លូវភេទ

ប្រយ័ត្ន! “ទឹក” មួយមុខមិនទាន់គ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹក ក្នុងរាងកាយឡើយ

រាងកាយរបស់យើងត្រូវបានបង្កើតឡើង ដោយជាតិទឹកដល់ទៅ ៦០ភាគរយ ហើយការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ គឺចាំបាច់ណាស់ដើម្បីទទួលបាននូវសុខភាពល្អប្រសើរ ស្បែកស្រស់ស្អាត កម្ចាត់ជាតិពុលពី ក្នុងរាងកាយ និងរក្សាទម្ងន់ត្រឹមត្រូវមួយ។ ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ​ក៏មានឥទ្ធិពលលើអារម្មណ៍ និងសមត្ថភាពរបស់ខួរក្បាលផងដែរ។

ទោះជាយ៉ាងណាការរក្សាបាននូវសារធាតុរាវ ឬជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយមិនធម្មតាត្រឹមតែទទួលទានទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំហុសមួយចំនួនដែលគ្រប់គ្នាធ្វើដោយមិនដឹងខ្លួន កំឡុងពេលព្យាយាមរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ៖

១. អ្នកទទួលទានទឹកក្រោយពេលធ្វើលំហាត់ប្រាណ

ពិតណាស់ដែលការទទួលទានទឹកក្រោយពេលធ្វើលំហាត់ប្រាណ អាចជួយដល់ការរក្សាបាននូវជាតិទឹកក្នុងរាងកាយ ប៉ុន្តែការទទួលទានឱ្យបានគ្រប់គ្រាន់ នៅមុនពេលនិងកំឡុងពេលហាត់ប្រាណក៏ចាំបាច់ផងដែរ។ ប្រសិនបើអ្នកចាប់ផ្ដើមធ្វើលំហាត់ប្រាណ ទាំងដែលរាងកាយកំពុងជិតខ្សោះជាតិទឹកនោះអ្នកនឹងបាត់បង់សារធាតុរាវកាន់តែច្រើន ខណៈពេលហ្វឹកហាត់ ហើយវាអាចបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះទាំងសុខភាពផ្លូវចិត្ត និងរាងកាយ។ ប៉ុន្តែអ្នកមិនចាំបាច់តែត្រូវទទួលទានទឹកដើម្បីបំពេញតុល្យភាពនៃជាតិទឹកឡើយ ដោយអ្នកអាចជ្រើសរើសទឹកដូង តែខ្មៅ តែបៃតង និងសូម្បីតែសូកូឡាទឹកដោះគោ។

២. អ្នកគិតថាកាហ្វេនិងតែមិនអាចបំពេញជាតិទឹកបាន

កាហ្វេឬតែក៏អាចចាត់ទុកជាភេសជ្ជៈជួយបំពេញជាតិទឹកក្នុងរាងកាយបានផងដែរ ទោះបីជាភេសជ្ជៈទាំងនេះមានផ្ទុកកាហ្វេអ៊ីន។ ការទទួលទានកាហ្វេប្រមាណ ៣ ពែងក្នុងមួយថ្ងៃពិតជាតិអាចជួយរក្សាជាតិទឹកក្នុងរាងកាយដូចការទទួលទានធម្មតាដែរ។

៣. អ្នកទទួលទានអំបិលតិចពេក

ទោះបីជារបបអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់អាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹក ប៉ុន្តែជាតិសូដ្យូមក្នុងកម្រិតត្រឹមត្រូវអាចជួយទ្រទ្រង់តុល្យភាពសារធាតុរាវនៃរាងកាយ។ យើងអាចបាត់បង់ជាតិសូដ្យូមនិងសារធាតុចិញ្ចឹមចាំបាច់ដទៃទៀតពីក្នុងរាងកាយតាមរយៈការបែកញើស ហើយដើម្បីរក្សាបាននូវសុខភាពប្រសើរទាំងជាតិទឹកនិងសូដ្យូមត្រូវតែបំពេញឱ្យបានគ្រប់គ្រាន់ឡើងវិញ។

៤. អ្នកទទួលទានទឹក ៨ កែវក្នុងមួយថ្ងៃ

បរិមាណនៃជាតិទឹកដែលអ្នកគួរទទួលទានក្នុងមួយថ្ងៃៗគឺអាស្រ័យទៅលើកត្តាផ្សេងៗគ្នាដូចជាថាតើអ្នកធ្វើសកម្មភាពរាងកាយបានសកម្មប៉ុណ្ណា អ្វីដែលអ្នកទទួលទាន កន្លែងដែលអ្នករស់នៅ ជាដើម។ ដើម្បីអាចដឹងថាតើអ្នកគួរទទួលទានទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ អ្នកអាចគុណទម្ងន់ជាគីឡូនឹង ០.០៣៣។

៥. អ្នកទទួលទានទឹកមួយកែវនៅពេលព្រឹក

រាងកាយអាចបាត់បង់ជាតិទឹក ឬសារធាតុរាវកំឡុងពេលគេងទោះបីជាយើងទទួលទឹកគ្រប់គ្រាន់នៅពេលមុនចូលគេងក៏ដោយ ក៏នៅតែអាចមានអារម្មណ៍ស្រេកទឹកនៅពេលព្រឹក។ ប៉ុន្តែការទទួលទានទឹកធម្មតានៅពេលពោះទទេ គឺមិនមែនជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ដើម្បីជាការ​ប្រសើរចូតទទួលទានទឹកជាមួយអាហារសម្រន់ណាមួយ ឬទទួលទឹកទឹកក្រូចស្រស់ ឬទឹកដោះគោជំនួសវិញ។ នេះក៏ព្រោះតែរាងកាយកាន់តែងាយស្រួលក្នុងការស្រូបយកនិងរក្សាជាតិទឹកនៅពេលមានសារធាតុចិញ្ចឹមដទៃទៀត។

៦. អ្នករំលងមិនទទួលទានអាហារសម្បូរជាតិទឹក

ផ្លែឈើនិងបន្លែភាគច្រើនអាចផ្ដល់នូវជាតិទឹកបន្ថែមដល់រាងកាយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃ៕ប្រភព៖health

Most Popular

To Top