ភ្នំពេញ៖ ក្រោយពីផ្ទុះឡើងមួយរយៈ នូវវិស័យអចលនទ្រព្យនៅកម្ពុជានាពេលប៉ុន្មានចុងក្រោយនេះ ក៏ដូចជាមានសកម្មភាព វិនិយោគ លំនៅ ដ្ឋានតម្លៃ មធ្យមនិង តម្លៃទាប ក៏ដូចជាគម្រោងពុះដីឡូត៍លក់ផ្សេងៗសំដៅ ប្រជាជន មានប្រាក់ចំណូលមធម្យម បាន កើនឡើង យ៉ាង គំហុកនោះ អ្នកជំនាញ អចលនទ្រព្យកម្ពុជា មើលឃើញថា វិធីសាស្រ្ត វិនិយោគលើលំនៅ ដ្ឋាន ឬគម្រោងពុះដីឡូត៍លក់ទាំងនោះ ថា ដើម្បី បញ្ចៀសហានិភ័យ ណាមួយ កើតឡើងអ្នកវិនិយោគមិនគួរសប្បាយអរ ទិញលក់ដីជាប់បំណុល ឬហៅថា ដីជាប់ធនាគារ ដែលមានតម្លៃទាបជាងទីផ្សារ នោះទេ ។
លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) បានមានប្រសាសន៍នាពេលថ្មីៗនេះថា “បំណុលធនាគារ មិនមែនជាមូលហេតុសំខាន់ នៅក្នុងការវិនិយោគឬការទិញដូរ អចលនទ្រព្យទេបើអចលនទ្រព្យ ដែលយើងទិញជាប់ធនាគារ ហើយមានតម្លៃទាបជាងទីផ្សារ តែអ្នកវិនិយោគ គួរតែគិតពីកត្តាផ្សេងៗដែរ ដូចជាកត្តាទីតាំងភូមិសាស្រ្ត បញ្ហាប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ឬប្លង់ ដែល ទទួលស្គាល់ ត្រឹម ត្រូវពីមន្រ្តីជំនាញ (ស្រុក ឬខ័ណ្ឌ) ត្រូវគិតដង់ស៊ីតេប្រជាជន កត្តាហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផែនការអាជីវកម្ម ចំពោះអចលនទ្រព្យ ដែលត្រូវវិនិយោគ” ។
ជាការពិតណាស់ មុននឹងវិនិយោគលើអ្វីមួយ អ្នកបានគិត ឬត្រូវតែគិតអោយបានល្អិតល្អន់ អំពីវាទើបការវិនិយោគ ទទួលបានផលចំណេញ ច្រើនជាងការខាតបង់ ដែលមួយរយៈក្រោយនេះ ការផ្ទុះឡើងនូវគំនិត វិនិយោគជាមួយវិស័យអចលនទ្រព្យ លើការទិញលក់ដីធ្លី ដែលជាប់ធនាគារ ឬកុនលុយ ត្រូវបានផុះផលជាខ្លាំង ។ ពិតថា ការទិញលក់ដីធ្លី ដែលជាប់ធនគារ និងកុនលុយ ទទួលបាន តម្លៃទាបជាងទីផ្សារ និងធ្វើឲ្យអ្នកវិនិយោគ ទទួលបានផលចំណេញខ្លាំង ក៏ដោយ ក៏ប៉ុន្តែវាមិនទាំងអស់នោះទេ ដែលមានករណីខ្លះ គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារថ្មីមួយ ដើម្បីលក់ចេញ ដីនៅតំបន់ណាមួយ ដែលគេទិញស្តុក ជាប់គាំងជាយូរ ឲ្យលក់ចេញបានឆាប់រហ័ស ដែលបាននាំឲ្យមាន បាតុភាពមួយចំនួន ធ្វើឲ្យវិស័យអចនលទ្រព្យ រងផលប៉ះពាល់ និងកាន់តែធ្លាក់ចុះ។
អ្នកជំនាញខាងលើបន្ថែមថា “ដើម្បីកុំឲ្យប្រជាជន ចេះតែពុល នឹងអ្វីៗក៏ជាប់ធនាគារ អ្វីៗក៏កុនលុយ ប៉ុន្តែបើទោះបីអចលនទ្រព្យនឹង ផ្ទះដីធ្លីគាត់នឹង កុនធនាគារម្តេចក៏ដោយ តែទីតាំងមិនល្អ អត់ហេដ្ឋារចនាសម្ព័ន្ធ ទោះបីយើងវិនិយោគ ក៏មិនមានផលល្អ នឹងអត់មានប្រាក់ចំណេញត្រឡប់មកវិញនោះទេ”៕ ដោយ៖ ដារាត់