សេដ្ឋកិច្ច​

ជប៉ុនអាចនឹងខាតបង់ចំណូល ពីទេសចរណ៍ជាទឹកប្រាក់ ១,៣ ពាន់លានដុល្លារ ដោយសារតែការផ្ទុះវីរុសថ្មី

តូក្យូ៖ យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកមួយបានឲ្យដឹងថា ប្រទេសជប៉ុនអាចបាត់បង់ចំណូលទេសចរណ៍ ជាទឹកប្រាក់ចំនួន ១,២៩ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករាដល់ខែមីនា ដោយសារតែការរឹតត្បិតជើងហោះហើរអន្តរជាតិ បណ្តាលមកពីការផ្ទុះឡើងនៃវីរុសថ្មីនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហៅកាត់ថា (ICAO) បានសន្មតថា ការថយចុះនៃចំនួនអ្នកធ្វើដំណើរតាមអាកាសចិន ដោយទីក្រុងវ៉ូហាន់ភាគកណ្តាលប្រទេសចិន ស្ថិតនៅចំកណ្តាលនៃការផ្ទុះជំងឺនេះ ។ ប្រទេសជប៉ុនតាមពីក្រោយដោយប្រទេសថៃចំនួន ១,១៥ ពាន់លានដុល្លារ ។

ទីភ្នាក់ងារ ICAO មានមូលដ្ឋាននៅម៉ុងត្រេអាល់បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ ប្រហែល ៧០ បានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់ទៅ និងមកពីចិនដីគោក ហើយ ថាក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥០ ផ្សេងទៀតបានកាត់បន្ថយប្រតិបត្តិការអាកាសដែលពាក់ព័ន្ធ។ បញ្ហានេះបានបណ្តាលឲ្យមានការ កាត់បន្ថយអាកាសចរណ៍បរទេស ៨០ ភាគរយសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរដោយផ្ទាល់ទៅ ឬមកពីប្រទេសចិន ។

ការព្យាករណ៍បឋមរបស់ICAOបង្ហាញពីការកាត់បន្ថយ ១៦,៤ លាននាក់ទៅ ១៩,៦ លាននាក់បើប្រៀបធៀបទៅនឹងក្រុមហ៊ុន អាកាសចរណ៍បានគ្រោងទុក សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ ។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃវីរុសថ្មីដែលមានឈ្មោះថា COVID-19ត្រូវបានគេរំពឹងថា នឹងមានច្រើនជាងផលប៉ះពាល់ ដែលបណ្តាលមកពីការរីករាលដាល នៃរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវឆ្នាំ ២០០៣ ដែលត្រូវបានគេសង្កេតឃើញ។

ការកាត់បន្ថយអ្នកដំណើរស្មើនឹងការខាតបង់ពី ៤ ទៅ ៥ ពាន់លានដុល្លារ នៅក្នុងប្រាក់ចំណូលប្រតិបត្តិការសរុប សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក ។ ការផ្ទុះឡើងCOVID-19 បានសម្លាប់មនុស្សជាង ១.៦០០ នាក់ និងឆ្លងជាង ៦៨.០០០ នាក់នៅក្នុងប្រទេសចិនតែមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top