ភ្នំពេញៈ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក ពីគម្រោងវិនិយោគរបស់ ១៣០ក្រុមហ៊ុន ក្នុងរយៈពេលជិត ៩ខែឆ្នាំនេះ ខណៈគម្រោងទាំងនេះ ការរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងស្រុក។
យោងតាមរបាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្ហាញថាគិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក។
នៅក្នុងគម្រោងវិនិយោគដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន ក្នុងនោះគម្រោងរោងចក្រកាត់ដេរសំលៀកបំពាក់មានចំនួនជាង ៤០ក្រុមហ៊ុន ផ្នែកអគ្គិសនី និងគ្រឿងបរិក្ខារផ្សេងៗមានចំនួន ១៣ក្រុមហ៊ុន រោងចក្រផលិតកាបូប និងស្បែកជើងជាង២០ក្រុមហ៊ុន រោងចក្រការតុង ៩ក្រុមហ៊ុន កសិដ្ឋាន និងរោងចក្រកែច្នៃជាង ១០ក្រុមហ៊ុនសណ្ឋាគារ ៧គម្រោង រោងចក្រតម្លើងគ្រឿងបង្គុំចំនួន ៧ក្រុមហ៊ុន ផ្សារទំនើបមានចំនួន៣គម្រោង និងមានគម្រោងផ្សេងៗទៀតជាច្រើន។
ជាមួយនឹងការគិតគូរដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការជំរុញភាពទាក់ទាញនិងបើកចំហរជើងមេឃកម្ពុជាកំពុងស្រូបយកសក្ដានុពលលើការវិនិយោគជាបន្តបន្ទាប់។
លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia បានថ្លែងបានកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Knight Frank មើលឃើញពីការកើនឡើងនៃចំនួនអ្នកវិនិយោគពីហុងកុង ដែលឥឡូវនេះ កំពុងសម្លឹងមើលឱកាសនៅកម្ពុជា ទាំងអាជីវកម្ម និងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកប្រទេសកម្ពុជាត្រូវបានគាំទ្រដោយការវិនិយោគពីប្រទេសចិន។
លោកបានបន្តថា “កម្ពុជានៅតែល្អសម្រាប់វិនិយោគិនបរទេសក្នុងការពិចារណាដើម្បីធ្វើការវិនិយោគ” ។
ជាក់ស្តែងនៅក្នុងខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាស់ ស្រោមដៃ កាបូបថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ របស់ក្រុមហ៊ុន NEW TOSHI HOME WEAR ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគ៣,៤លានដុល្លារ។
គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុន FOREVER FUGGARMENT នៅឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១០,៣លានដុល្លារ។
ក្រុមហ៊ុន “TOKYO HAPPY ICECREAM ” គម្រោងបង្កើតរោងចក្រផលិតការ៉េមនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣,១លានដុល្លារ។ ក្រុមហ៊ុន “RONGXING PAPER INDUSTRIAL” គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនៅខណ្ឌកំបូល មានទុនវិនិយោគ ៣,៦លានដុល្លារ។
ក្រុមហ៊ុន “K&K PIPE (CAMBODIA)” គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មានទុនវិនិយោគ ៦លានដុល្លារ និងរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតារបស់ក្រុមហ៊ុន CAM-ICARE ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក។
ចំណែកក្រុមហ៊ុន “RAY POWER SUPPLYCO.,LTD” នឹងមានគម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងអានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យមានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិកផងដែរ៕ប្រភព៖propertyarea.asia