សេដ្ឋកិច្ច​

កម្ពុជាទទួលបានចំណូល ៣០០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ ទឹកប្រាក់សរុបប្រមាណជិត ៣០០លានដុល្លារ បានពីការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៤៤៨ ២០៣ តោន កើនឡើងជាង ៣១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍សង្ខេប​ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករ គ្រប់ប្រភេទចំនួន ៤៤៨ ២០៣តោន ដែលមានកំណើនជាង៣១ភាគរយ បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០១៩ និងគិតជាទឹកប្រាក់មានចំនួនសរុប ២៩៩.៩០ លានដុល្លារ។

ក្នុងរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសចិនបានចំនួន ១៥៩២៥៣តោន, សហគមន៍អ៊ឺរ៉ុបបានចំនួន ១៤៩ ៨៤៨ តោន, បណ្តាប្រទេសសមាជិកអាស៊ានបានចំនួន ៦០៩៣៣តោន ហើយនឹងបណ្តា ប្រទេសផ្សេងៗចំនួន២៦ គោលដៅ រួមមាន ហ្កាប៊ុង អូស្ត្រាលី ជាដើម មានចំនួន ៧៨១៦៩តោន។

បរិមាណនាំចេញប្រភេទអង្ករគ្រាប់វែង (Indica rice) នេះបានធ្វើអោយកម្ពុជា មានចំណែក នៅក្នុងទីផ្សារសហគមន៍ អ៊ឺរ៉ុបលំដាប់លេខពីរ បន្ទាប់ពីប្រទេសថៃ ដោយកាន់កាប់ចំណែកទីផ្សារ ២៤.៤ភាគរយ ខណៈប្រទេសថៃកាន់ចំណែក ២៩.៦ភាគរយ ហើយប្រទេសកម្ពុជាក៏ឈរជើងលំដាប់ទី៥ បន្ទាប់ពីវៀតណាម មីយ៉ាន់ម៉ា ប៉ាហ្គីស្ថាន និងប្រទេសថៃ ដោយកម្ពុជាមានចំណែកទីផ្សារ ប្រមាណជិត១១ភាគរយ នៃទីផ្សារអង្ករនាំចូលទៅកាន់ប្រទេសចិន លើប្រភេទអង្ករគ្រាប់វែង(Indica-Long grain) បើទោះជាអង្ករកម្ពុជា ទើបឈានចូលទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០១១ក៏ដោយ តែបានទទួលនូវកំណើនយ៉ាងឆាប់រហ័ស ជាពិសេសប្រភេទអង្ករក្រអូបបានកើនជាង៨០ភាគរយ នៅឆ្នាំ២០១៩ ដែលកាលពីឆ្នាំ២០១៥ មានត្រឹមតែ ៤៥.៣ភាគរយ តែប៉ុណ្ណោះ ។

ទីផ្សារអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីកំពុងមានសន្ទុះយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេល៨ខែ នៅក្នុង២ឆ្នាំចុងក្រោយនេះ ដែលកើនឡើងចំនួន ៩៤៦.២៧ភាគរយ ពោលគឺ ពី១៩៩៩ តោន ក្នុងឆ្នាំ២០១៨ ទៅដល់ ២០៩១៥ តោន ក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ខែសីហាឆ្នាំ ២០២០នេះ ការនាំចេញបានធ្លាក់ចុះប្រមាណជាង ៣៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ទៅឆ្នាំ២០១៩។ ការធ្លាក់ចុះ ដែលជាពិសេសទៅលើអង្ករ ប្រភេទស្រូវសែនក្រអូប បានធ្លាក់ចុះ៨៥.៧៨ភាគរយ ដែលកាលពីខែសីហាឆ្នាំ២០១៩ ការនាំចេញបានរហូតទៅដល់ ១៦ ៣៨៦ តោន តែក្នុងខែសីហា ឆ្នាំ២០២០នេះបានត្រឹមតែ ២ ៣៣៨ តោនប៉ុណ្ណោះ៕

ដោយ ៖ propertyarea

Most Popular

To Top