ភ្នំពេញ ៖ ក្រុមហ៊ុន Marvel Garment ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេរបស់ប្រទេសចិន បាន និងកំពុងសាងសង់រោងចក្រផលិតថ្មី ចាប់តាំងពីខែមីនាឆ្នាំ ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
បន្ទាប់ពីសាងសង់បានមួយឆ្នាំកន្លះ ក្រុមហ៊ុនបានបញ្ចប់រោងចក្រផលិតដំណាក់កាលទី១ របស់ខ្លួន ហើយបានចាប់ផ្តើមជ្រើសរើសកម្មករ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដែលក្នុងដណាក់ដំបូង ក្រុមហ៊ុននឹងជ្រើសរើសកម្មករចំនួន ៥០០០ នាក់សម្រាប់ផលិម៉ាស ទៅកាន់ទីផ្សារជប៉ុន។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។
គម្រោងនេះត្រូវបានរចនាឡើងជាចង្កោមនៃរោងចក្រផលិតសម្លៀកបំពាក់ ដោយមានកាត់ដេរ បោះពុម្ព វេចខ្ចប់ និងឃ្លាំង គ្របដណ្តប់នៅលើផ្ទៃដី ៤៣ ហិកតា ក្នុងតំបន់ផលិតកម្មចំនួន ១៦ ត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ និងបានបង្កើតឱកាសការងារចំនួន ១៧,០០០កន្លែង។
លោក YAN DELIN អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Marvel Garment បានមានប្រសាសន៍ថា “យើងបានសម្រេចចិត្តឈានទៅមុខ ទោះបីមានពេលវេលាដ៏លំបាកនេះក៏ដោយ ដូច្នេះយើងអាចរៀបចំខ្លួនសម្រាប់ក្រោយជំងឺ COVID-19 បានបញ្ចប់។ តាមរយៈការធ្វើដូច្នេះ យើងនឹងបន្តបង្កើតឱកាសការងារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។
កាលពីខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីបន្ថែមជាមួយក្រុមហ៊ុន Marvel Garment Co Ltd ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេមកពីប្រទេសចិន ខណៈគម្រោងពង្រីករោងចក្រផលិតកម្មនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។
លោក Yan បាននិយាយថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងការជួលដីទំហំ ៦,៤ ហិកតាបន្ថែម និងជាសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដើម្បីរួមគ្នាបង្កើតការងារ និងសេដ្ឋកិច្ចដ៏សំខាន់។
លោកបាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមរៀបចំអន្តេវាសិកដ្ឋានរបស់កម្មករ និងកន្លែងនៅជុំវិញ ហើយលោករំពឹងថា គម្រោងនេះនឹងបង្កើតការងារក្នុងស្រុកចំនួន ១៧,០០០កន្លែង។លោក Yan បានថ្លែងបន្តថា “ខណៈកំពុងរៀបចំតំបន់ផលិតកម្ម យើងត្រូវរៀបចំកន្លែងរស់នៅជាមុនសម្រាប់កម្មករនាពេលអនាគត”។
កាលពីខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន Shenzhou International បានបើកការដ្ឋានសាងសង់រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីតម្លៃ ១៥០ លានដុល្លារអាមេរិកនៅកម្ពុជា បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេល ១៤ ឆ្នាំ។
យោងតាមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសកម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZ) កាលពីឆ្នាំមុនបានកើនឡើងប្រហែល ២៧ ភាគរយជាមួយនឹងតម្លៃសរុបការនាំចេញបានកើនឡើង ២ ៦៨៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនចំនួន ៤៦៥ ដែលប្រតិបត្តិការនៅក្នុង SEZ ទាំង ៥៤ កន្លែងរបស់ប្រទេសកម្ពុជា ដែលផ្ដល់ការងារជាង ១០០០០០ នាក់៕
ប្រភព៖ propertyarea