ភ្នំពេញៈ ពលរដ្ឋដែលមានបំណង សាងសង់ផ្ទះក្រោម ៥០០ម៉ែត្រការ៉េ ត្រូវទៅជួបជួបមន្ត្រីច្រកចេញចូលតែមួយ នៅខណ្ឌដែលខ្លួនចង់សាងសង់ផ្ទះ។ នៅច្រកចេញចូលតែមួយមានមន្ត្រី សម្រាប់ផ្ដល់ព័ត៌មានពាក់ព័ន្ធ នឹងការស្នើសុំសាងសង់ផ្ទះនេះ។
នៅក្នុងអំឡុងពេលសាងសង់ ពលរដ្ឋត្រូវត្រៀមឯកសារចាំបាច់មួយចំនួន សម្រាប់សុំអនុញ្ញាតសាងសង់មានដូចជា លិខិតសុំអនុញ្ញាតសាងសង់ ដោយមានចុះហត្ថលេខា និងអាសយដ្ឋានអ្នកស្នើសុំជាដើម។
ម្យ៉ាងទៀត អ្នកសុំសាងសង់ក៏ត្រូវភ្ជាប់ មកជាមួយនូវឯកសារកាន់កាប់ដីស្របច្បាប់ដែលមាន ដូចជា ប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម។ ជាមួយគ្នានោះដែរក៏ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារថតចម្លងនិងស្នាមមេដៃស្តាំផង។
អ្នកសុំសាងសង់ត្រូវមានប្លង់ស្ថាបត្យកម្មមកជាមួយផង ឬអាចពឹងពាក់ក្រុមហ៊ុនឬបុគ្គលឯកជន ដែលជាអ្នកជំនាញគូរប្លង់ ដើម្បីជួយគូរប្លង់សំណង់លំនៅដ្ឋាននេះ ក្មុងតម្លៃសេវាព្រមព្រៀងគ្នាណាមួយ។ សម្រាប់ពលរដ្ឋដែលមិនអាចធ្វើដូចនេះ បានអាចពឹងពាក់មន្ត្រីជំនាញ នៅតាមការិយាល័យច្រកចេញចូលតែ មួយបានដោយត្រូវបង់សេវាប្រហែលជា១០០ដុល្លារ។
សម្រាប់តម្លៃសេវាសុំលិខិតអនុញ្ញាតសាងសង់ និងរយៈពេលវិញ ក្នុងតារាងតម្លៃដែលដាក់បង្ហាញ ក្នុងគេហទំព័រក្រសួងដែនដីបានឲ្យដឹងថា សំណង់ដែលមានទំហំត្រឹម៥០០ម៉ែត្រការ៉េចុះក្រោមនេះ ផ្អែកតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី៦សែនរៀល ដល់ ១,៨លានរៀល។
សម្រាប់ផ្ទះល្វែង ថ្លៃសេវាចន្លោះពី៤សែន ដល់ ១,២លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើ មានតម្លៃចន្លោះពី ១៤ម៉ឺនទៅ ២២ម៉ឺនរៀល និងមានរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការដូចគ្នា៕ប្រភព៖propertyarea