ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុបានក្លាយទៅជាទីក្រុង និងខេត្តដែលទទួលបានការអភិវឌ្ឍ និងវិនិយោគច្រើនជាងគេ ប្រចាំប្រទេសកម្ពុជា ។ ទិដ្ឋភាពនេះ គឺជារឿងមិនគួរឱ្យជឿថា ខេត្តព្រះសីហនុបច្ចុប្បន្នខុសដាច់ ពីកាលពី១០ ឆ្នាំមុនស្រឡះ។
សព្វថ្ងៃក្រុងព្រះសីហនុ គឺជាតំបន់ដែលទទួលបានការស្គាល់ច្រើន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិនបានចូលរួមចំណែក ដ៏ធំធេងជាងគេក្នុងការអភិវឌ្ឍ និងវិនិយោគទៅលើវិស័យជាច្រើននៅក្នុងខេត្ត។
សេដ្ឋកិច្ចចិន បានជះឥទ្ធិពលមួយផ្នែកតូច កាលពីអំឡុងផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចចិន ត្រឡប់មកសភាពដើមវិញ ខេត្តព្រះសីហនុហាក់មានភាពជឿនលឿននិងរីកចម្រើនឡើងវិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកចំហសេដ្ឋកិច្ច ដោយទទួលយកការវិនិយោគ ពីបរទេសយ៉ាងពេញលេញ។ ហេតុនេះបណ្តាក្រុមហ៊ុនមកពីបរទេសបានចាប់អារម្មណ៍ ទៅលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងជាឱកាសមួយ ក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានជីវភាពធូរធារ។ លើសពីនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ និងមានពេលវេលាពង្រឹងបណ្តាញ ហេដ្ឋារចនាស ម្ព័ន្ធឱ្យកាន់តែប្រសើរឡើង។
ក្រៅពីនេះ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុញ្ញាតឱ្យការវិនិយោគ ទៅលើវិស័យឧស្សាកម្មហូរចូលមកកាន់តែច្រើន។ វឌ្ឍនភាព នៃខេត្តព្រះសីហនុបានបង្កើននូវសក្តានុពលគោលដៅទេសចរណ៍ ដែលជាចំណូល របស់ជាតិ សម្រាប់សេដ្ឋកិច្ចប្រទេស។
ក្រឡេកមើលទៅលើវិស័យអចលនទ្រព្យ ប្រភេទអចលនវត្ថុ ដែលមានការវិនិយោគច្រើនជាងគេគឺ អាផាតម៉ិនជួល ។ វិនិយោគិនចិន បានបោះទុន សាងសង់គម្រោងអាផាតម៉ិនសម្រាប់ជួល ដើម្បីបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរ ស្នាក់នៅរយៈពេលវែង និងអ្នកវិនិយោគបរទេស ដែលចូលមករស់នៅបណ្តោះអាសន្ន ក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ វិនិយោគិនយល់ឃើញថា ការទាញយកផលប្រយោជន៍ក្នុងការបណ្តាក់ទុនវិនិយោគ ទៅគម្រោងលំនៅដ្ឋាន បានជម្រុញឱ្យតម្លៃអចលនទ្រព្យកើនឡើង និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីទទួលបានផលចំណេញច្រើន។ ប៉ុន្តែការតំឡើងតម្លៃអចលនទ្រព្យអំឡុងពេលនេះ មិនបានផ្តល់ផលប្រយោជន៍ដល់ ប្រជាជនកម្ពុជានោះឡើយ ដោយសារចំណូលមានកម្រិតក្នុងការផ្លាស់ប្តូរការរស់នៅបែបថ្មីនិងទំនើប។
ជាការពិត ខេត្តព្រះសីហនុ នៅតែជាទីក្រុងទទួលបានប្រជាប្រិយភាព និងជោគជ័យទៅលើលំហូរវិនិយោគ ពីបរទេសពាក់ព័ន្ធវិស័យឧស្សាហកម្ម និងវិស័យអចលនទ្រព្យ៕ Taiwan Times៕
ដោយ ៖ propertyarea