សេដ្ឋកិច្ច​

រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​សិក្សា​ពី​គម្រោង ​សាងសង់​ផ្លូវ​ថ្មី ​ចំនួន៣ខ្សែ​ បន្ថែមទៀត នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ

ភ្នំពេញៈ ជាមួយនឹង​ភាព​រីកចម្រើន ​នៃ​តំបន់​ជ្រោយចង្វារ និង​មាន​កំណើន​ប្រជាសាស្ត្រ​យ៉ាងច្រើន រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ផែនការ ​ក្នុងការ​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣ខ្សែ​បន្ថែមទៀត ដែល​ត​ភ្ជាប់​ពី​តំបន់​គម្រោង ក្រុង​រណប​របស់​ក្រុមហ៊ុន OCIC ឆ្ពោះទៅកាន់​តំបន់​ក្រុង​រណប ​របស់​ក្រុមហ៊ុន​លី​យ៉ុង​ផាត ខណៈដែល​ពេលនេះ​មន្ត្រី​ជំនាញ កំពុង​ស្ថិតនៅ​ក្នុងការ​សិក្សា​លម្អិត ​ពី​ផលប៉ះពាល់​នៃ​គម្រោង។

អភិបាលខណ្ឌ​ជ្រោយចង្វារ លោក​ឃ្លាំង ហួត បាន​មានប្រសាសន៍ ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​ផ្នែក​សាងសង់ រួម​ជាមួយនឹង​បុគ្គលិក​ជំនាញ​ របស់​ក្រុមហ៊ុន​ប្រឹក្សា គម្រោង​កំពុងតែ​សិក្សា​លម្អិត​ពី​ផលប៉ះពាល់ រួម​ជាមួយនឹង​ការប៉ាន់ស្មាន​ នៃ​ខ្ទង់ចំណាយ ដើម្បី​ដាក់ជូន​លោក​អភិបាល ​រាជធានី​ភ្នំពេញ។

លោក​បាន​បញ្ជាក់ថា “មុនដំបូង​រដ្ឋបាល​ក្រុង បានលើកឡើង​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មី ​ត្រឹមតែ២ខ្សែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពេល​សិក្សា​បឋម និង​តម្រូវការ​ប្រើប្រាស់​ផ្លូវ​ជាក់ស្ដែង ជាពិសេស​សម្រាប់​ត្រៀម​សម្រួល​ការធ្វើ​ចរាចរណ៍ ក្នុងឱកាស​ព្រឹត្តិការណ៍ធំៗជា​ប្រវត្តិសាស្ត្រ​ចាប់ពី​ឆ្នាំក្រោយ​ទៅ ក៏បាន​សិក្សា​ពី​ការសាងសង់​ផ្លូវ​ថ្មី​ រហូតដល់៣ខ្សែ” ។

លោក​អភិបាលខណ្ឌ​ បាន​មានប្រសាសន៍​បន្តទៀតថា ផ្អែក​តាម​ភាពជាក់ស្ដែង​នៃ​ការអភិវឌ្ឍ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ នៃ​តំបន់​ជ្រោយចង្វារ ដែល​ធ្លាប់​តែមាន​ភាពស្ងប់ស្ងាត់ និង​ជា​តំបន់​លិច​ទឹក មកជា​បណ្តុំ​លំនៅដ្ឋាន​ទំនើប ប្រមូលផ្តុំ​ជាទី​តាំងធ្វើ​ពាណិជ្ជកម្ម​យ៉ាងសកម្ម ជាពិសេស​មាន​កំណើនប្រជាជន​ជា​បន្តបន្ទាប់ រហូតដល់​ជាង៧ម៉ឺន​នាក់​នោះ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​បន្ថែម ។ កន្លងមក​យើង​បាន​ដោះស្រាយបញ្ហាសំខាន់ៗ ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ របស់​ប្រជាជន ដូចជា​បញ្ហា​បណ្តាញ​អគ្គិសនី បញ្ហា​កង្វះ​ទឹកស្អាត និង​បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ជាដើម ប៉ុន្តែ​ពេលនេះ​យើង​បាន​ដោះស្រាយ​រួចហើយ ហើយនឹង​បន្ត​ខិតខំ​អភិវឌ្ឍន៍​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល ដល់​ប្រជាជន​រស់នៅក្នុង​តំបន់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចរាចរណ៍​ឆ្លងកាត់​ផងដែរ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​មានប្រសាសន៍ បង្ហា​ពី​ក្ដី​សាទរ​ចំពោះ​ភាព​រីកចម្រើន និង​អភិវឌ្ឍ​វិស័យ​សំណង់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វា​រថា “ជ្រោយចង្វារ ជា​ខណ្ឌ​ដែលមាន​សក្ដានុពល និង​អំណោយផល​ដល់​ការវិនិយោគ​ផ្នែក​សំណង់ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ​ចម្បង​នោះ គឺ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ចេញ​ចេញ​ចូលទៅ​តំបន់ ដែលមាន​គម្រោង​អភិវឌ្ឍន៍​មាន​ភាព​ចង្អៀត។

លោកស្រី​បាន​បញ្ជាក់ថា “នៅ​តំបន់​នេះ​ភាគច្រើន ជាការ​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​បែប​ប្រណីត​ដែលមាន​តម្លៃ​មធ្យម និង​កម្រិត​ខ្ពស់ ប៉ុន្តែ​បើ​ស្ថិតនៅ​កៀក​នឹង​ក្រុង គឺមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង​អគារ​ខុន​ដូធំៗ និងខ្ពស់ៗច្រើន។លោកស្រី​បន្តថា “នៅទីនេះ​អំណោយផល​ល្អ​ពី​ធម្មជាតិ ដូច​ជាមាន​ទន្លេ​នៅ​អម​សងខាង ផ្តល់​ផាសុកភាព​ដល់​ការរស់នៅ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ គឺ​ផ្លូវចេញចូល​មាន​សភាព​តូចចង្អៀត​បន្តិច ប្រសិនបើ​ការពង្រីក និង​បង្កើត​ផ្លូវ​ថ្មី​បន្ថែម ភាព​ទាក់ទាញ​លើ​ការវិនិយោគ នឹង​កើន​ខ្លាំង​ជាងនេះទៅទៀត” ៕
ដោយ ៖ propertyarea

Most Popular

To Top