ភ្នំពេញៈ ក្រៅពីខេត្តសំខាន់ៗ ដែលមានសក្ដានុពល លើវិស័យទេសចរណ៍ បែបធម្មជាតិ ដែលមានតម្រូវការទីផ្សារដីធ្លី ដូចជាខេត្តកោះកុង កែប និងកំពត សម្រាប់ខេត្តចំនួន៣ ផ្សេងទៀត ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ក៏កំពុងតែមានសកម្មភាពទិញ-លក់យ៉ាងមមាញឹកផងដែរ រួមមានខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា សម្រាប់ទីផ្សារអចលនទ្រព្យរួម នៅទូទាំងប្រទេស គឺហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែសម្រាប់សកម្មភាពទិញ-លក់នៅតាមបណ្តា ខេត្តក្រុងមួយចំនួន នៅបន្តមានទីផ្សារ។
លោកបានបញ្ជាក់ថា “ក្រៅពីក្រុងភ្នំពេញ ដែលនៅតែបន្តមានសកម្មភាពសាងសង់ ក៏ដូចជាខេត្តកំពត កែប និងខេត្តកោះកុង នៅមានសកម្មភាពទិញ-លក់ សម្រាប់អភិវឌ្ឍន៍បម្រើ ដល់វិស័យទេសចរណ៍ និងលំហែរនោះ គេឃើញមានខេត្តចំនួន៣ផ្សេងទៀត ក៏មានសកម្មភាពទិញ-លក់ និងមានតម្រូវការប្រើប្រាស់ដីធ្លីផងដែរ រួមមានខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ”។
លោកបន្តថា ខេត្តទាំង៣នេះមានសក្ដានុពល ក្នុងវិស័យផ្សេងគ្នា ដូចជា តំបន់ព្រំប្រទល់ខេត្តកណ្តាល (ស្រុកអង្គស្នួល) និងខេត្តកំពង់ស្ពឺ (ស្រុកឧដុង្គ) មានសក្ដានុពលក្នុងវិស័យឧស្សាហកម្ម សំណង់រោងចក្រ និងសំណង់លំនៅដ្ឋាន ។ ដោយឡែកនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ (តំបន់ផ្លូវ៤១) មានសក្ដានុពល ក្នុងវិស័យឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ។ ហើយនៅតំបន់ព្រំប្រទល់ខេត្តតាកែវ (ស្រុកបាទី) និងខេត្តកណ្តាល (ស្រុកកណ្តាលស្ទឹង) ក៏កំពុងមានសកម្មភាពទិញ-លក់ច្រើនផងដែរ ជាពិសេសនៅជុំវិញ តំបន់គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី រួមជាមួយនឹងគម្រោងសាង សង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផងដែរ”។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEY THMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ដីនៅតំបន់ខាងលើនេះមានដូចគ្នា ប៉ុន្តែតម្លៃនៅទីផ្សារ គឺខុសគ្នាខ្លាំង។
លោកបញ្ជាក់ថា “តម្លៃដីមានភាពខុសគ្នាទាំងអស់ ដូចជានៅតាមតំបន់ផ្លូវ៥១ និងតំបន់ព្រំប្រទល់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដីសម្រាប់បម្រើដល់វិស័យ ឧស្សាហកម្មដែលមានទំហំធំ មានតម្លៃក្នុងចន្លោះ៥០-៧០ដុល្លារ ក្នុងមួយម៉ែតការ៉េ ហើយដីសម្រាប់បម្រើដល់វិស័យលំនៅដ្ឋានមានតម្លៃក្នុងចន្លោះពី៨០-១០០ដុល្លារ ក្នុងមួយម៉ែត្រការរ៉េ ឬនៅទីតាំងខ្លះអាចខ្ពស់ជាងនេះ”។
លោកបានបន្តថា សម្រាប់ដីនៅតំបន់ផ្លូវ៤១ បច្ចុប្បន្ននេះដោយសារតែមានគម្រោង អភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស បានជំរុញឱ្យតម្លៃឡើងថ្លៃខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលពីមុនដីនៅជាប់ផ្លូវជាតិ ក្នុងតំបន់គីឡូលេខ៣០ មានតម្លៃត្រឹម២០ដុល្លារ បច្ចុប្បន្នបានកើនឡើងរហូតដល់ចន្លោះពី ៣៥-៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។ លោកបន្តថា “បើចុះពីផ្លូវជាតិប្រមាណ ២គីឡូម៉ែត្រ អាចស្ថិតនៅក្នុងចន្លោះប្រមាណ១៥ -២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះនឹងបន្តឡើងថែមទៀត បន្ទាប់គម្រោងអភិវឌ្ឍន៍នានា បានចាប់ផ្តើមលេចចេញជារូបរាងពិតប្រាកដ”៕
ដោយ ៖ propertyarea