សេដ្ឋកិច្ច​

តើតម្លៃអចលនទ្រព្យ នៅតាមផ្លូវព្រះមុនីរ៉េត កើនឡើងខ្ពស់បែបណាហើយ?

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងថា តម្លៃអចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កំពុងមានសក្តានុពល ហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។

នាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈបានប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា អចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាឌឺហ្គោល ឬមហាវិថីសហព័ន្ធរុស្ស៊ី គឺនៅមានកម្រិតទាបនៅឡើយ។

លោកបន្តថា “យើងមើលឃើញជាក់ស្ដែងស្រាប់ ចំពោះសំណង់អាគារដែល ស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មិនសូវជាមានភាពទាក់ទាញខ្លាំង ដូចតាមបណ្តាផ្លូវដូចដែល បានរៀបរាប់ខាងលើនោះទេ”។

ផ្លូវនេះ ត្រូវបានគេបែងចែកជា២តំបន់ គឺតំបន់ទី១ ចាប់ពីផ្សារដើមគរឆ្ពោះមកអាងទឹកអូឡាំពិក និងតំបន់ទី២ ចាប់ពីផ្សារដើមគរ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ។

លោក វ៉ា វីរៈ បានបន្តទៀតថាចំពោះតំបន់ទី១ មានភាពទាក់ទាញជាងព្រោះ នៅសងខាងផ្លូវភាគច្រើនត្រូវបាន គេបើកលក់ជាអាជីវកម្មចំរុះ បាននិងមានមនុស្សចរាចរណ៍ ឆ្លងកាត់ច្រើនដែលដីនៅតំបន់នេះ មានតម្លៃចន្លោះពី ៣៥០០ទៅ៤៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះតំបន់ទី២ ហាក់មិនសូវសម្បូរផ្ទះអាជីវកម្មនោះទេ ហើយប្រភេទផ្ទះនីមួយៗភាគច្រើន មានប្រវែងខ្លីហើយក៏មានតែមួយជួរ ព្រោះនៅទល់មុខជារបងសណ្ឋាគារ និងរបងភូមិគ្រឹះ។ ដូច្នេះតំបន់ទី២នេះ មានតម្លៃទាបជាងតំបន់ទី១ ដែលអាចស្ថិតនៅក្នុងចន្លោះពី ៣០០០ទៅ៤០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ លោកវ៉ា វីរៈ ក៏បានបញ្ជាក់បន្ថែមថា តម្លៃខាងលើនេះជាតម្លៃនៅ លើទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែនៅថ្ងៃខាងមុខនេះ អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ព្រោះជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តែងមានការកើនឡើងក្នុងរង្វង់ប្រមាណ ១០-១៥ ភាគរយប្រចាំឆ្នាំ៕

ប្រភព៖ propertyarea

Most Popular

To Top