បរទេស៖ លោក Pep Guardiola ត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅកំពូលរបស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ក្នុងការជំនួសតំណែងលោក Mauricio Pochettino ខណៈដែលបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងខិតជិត ក្នុងការទទួលបានការងារនៅក្លឹប Manchester United។ អតីតអ្នកចាត់ការទូទៅរបស់ក្រុម Manchester City រូបនេះ ស្ទើរតែបានចូលកាន់តំណែងដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី កាលពីរដូវក្តៅកន្លងទៅ ហើយលោកតែងតែមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើការនៅសហរដ្ឋអាមេរិក ដោយកាលពីពេលមុនលោក ធ្លាប់បានពណ៌នាថា សហរដ្ឋអាមេរិកគឺជាកន្លែង "ដ៏គួរឱ្យចាប់អារម្មណ៍" សម្រាប់ការកសាងគម្រោងរយៈពេលវែង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Pochettino កំពុងស្ថិតនៅជាមួយកីឡាករជម្រើសជាតិសហរដ្ឋអាមេរិករួចរាល់ហើយ មុនពេលការប្រកួតពានរង្វាន់ CONCACAF Nations League របស់ពួកគេទល់នឹងក្រុមហៃទី (Haiti) ក្នុងរយៈពេលពីរសប្តាហ៍នេះ ប៉ុន្តែលោកត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹប Manchester United បន្ទាប់ពីការប្រកួតទាំងនោះត្រូវបានបញ្ចប់។ ក្លឹបបិសាចក្រហម United បានឈានមួយជំហានកាន់តែខិតជិតក្នុងការតែងតាំងអតីតអ្នកចាត់ការក្រុម Tottenham និង Chelsea រូបនេះ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងដោយផ្ទាល់មាត់ជាមួយលោកកាលពីថ្ងៃពុធ។
បញ្ហានេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការគ្រូបង្វឹកថ្មីម្នាក់ ហើយយោងតាមសារព័ត៌មាន The Athletic ពួកគេនឹងដាក់លោក Guardiola ជាគោលដៅកំពូលរបស់ពួកគេ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះពានរង្វាន់ Champions League និងពានរង្វាន់ Premier League ចំនួន ៦ដង នៅក្លឹប Man City បន្ទាប់ពីធ្លាប់ទទួលបានភាពជោគជ័យយ៉ាងធំធេងជាមួយក្លឹប Barcelona និង Bayern Munich ។
លោក Guardiola ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ ហើយលោកស្ទើរតែក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលីកាលពីរដូវក្តៅកន្លងទៅ រហូតដល់ថ្នាក់លោកបានសរសេររៀបចំជម្រើសកីឡាករមុនពេលសម្រេចចិត្តបដិសេធតំណែងនេះ។ នាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី លោក Paolo Maldini ក្រោយមកបានលាលែងពីតំណែង បន្ទាប់ពីការព្យាយាមតែងតាំងលោក Andrea Pirlo ក៏បានទទួលបរាជ័យផងដែរ ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មរបស់គាត់ជាមួយក្រុមហ៊ុនភ្នាល់របស់រុស្ស៊ី។
លោក Maldini បានប្រាប់សារព័ត៌មាន Corriere della Sera ថា៖ "[Guardiola] គឺជាគ្រូបង្វឹកដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវបច្ចេកទេស និងទម្រង់លេងវាយសម្រុក។ គាត់បានបង្ហាញពីគំនិតចង់បង្វឹកក្រុមជម្រើសជាតិទៅកាន់មិត្តភក្តិមួយចំនួន។ យើងបានទៅជួបគាត់នៅទីក្រុងបាសេឡូណា យើងបានញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា យើងបាននិយាយគ្នាពេញមួយថ្ងៃ។ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ស្ទើរតែយល់ព្រមទទួលយកទៅហើយ។ គាត់ថែមទាំងចាប់ផ្តើមសរសេររៀបចំកីឡាករនៅលើក្រដាសទៀតផង"។
លោក Guardiola ត្រូវបានរាយការណ៍ថាធ្លាប់បាននិយាយជាមួយមន្ត្រីក្រុមជម្រើសជាតិសហរដ្ឋអាមេរិកកាលពីពេលមុន និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនិតនៃការធ្វើការនៅអាមេរិក ដោយសារលោកធ្លាប់បានរស់នៅរយៈពេលខ្លីក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ ២០១២។ គាត់ត្រូវបានគេនិយាយថាត្រូវបានទាក់ទងកាលពីឆ្នាំ ២០២៤ មុនពេលលោក Pochettino ត្រូវបានតែងតាំង ហើយគាត់បានជូនពរមិត្តរួមអាជីពរបស់គាត់ឱ្យទទួលបានជោគជ័យនៅពេលដែលគាត់ទទួលយកការងារនេះ។
ប្រែសម្រួល៖ គីរី
