ខេត្តស្វាយរៀង៖នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍សារ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជាការពិតណាស់ ការប្រកួតមានរយៈពេលតែ៣ថ្ងៃក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំនឹងការតស៊ូព្យាយាម គោរព វិន័យ ប្រកបដោយក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅក្នុងការប្រកួត។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ខាងមុខនេះផងដែរ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ថែមថា ខ្ញុំសង្កេតឃើញថា ប្រភេទកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនិងមានការគាំទ្រជាបណ្តើរៗពីថ្នាក់ដឹកនាំ និងមហាជនទូទៅផងដែរ។ ទន្ទឹមគ្នានេះ សមត្ថភាព របស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសមានការ ចូលរួមពីកីឡាករ កីឡាការិនីជាយុវជន ដែលជាថ្នាលនិងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅអនាគត ដែលជាតម្រូវការរបស់សហព័ន្ធ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡាទូក “ង” ទូកនាគ ផ្កាចារ ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង កាន់តែមានវឌ្ឍនភាព ទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់អាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ទទួលបានលទ្ធផលល្អ។

បញ្ជាក់៖ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក ង ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង ដោយមានប្រតិភូចំនួន ២៦ សមាគម និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៨៣៦ នាក់ ក្នុងនោះកីឡាការិនី ១៥នាក់៕
ដោយ៖លី ភីលីព




