កីឡា

ប្រធានសហព័ន្ធ កីឡាល្បុក្កតោកម្ពុជា អញ្ជើញបើកការប្រកួតកីឡាគុនល្បុក្កតោ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ជាតិលើកទី៥

ភ្នំពេញ ៖នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ នៃគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្កតោ នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេកម្ពុជា បរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រសាសន៍ថា ការប្រកួតកីឡាគុនល្បុក្កតោ នាពេលនេះ មានការចូលរួមពីប្រតិភូកីឡាតំណាងរាជធានី-ខេត្តចំនួន ១៣ និងក្រសួងចំនួន ២ សរុបចំនួន ១៥ អង្គភាព និងកីឡាករឥកីឡាការិនីចូលរួមសរុបចំនួន ១៣១នាក់ ក្នុងនោះកីឡាករបុរសចំនួន ៨០នាក់ កីឡាការិនីចំនួន ៥១នាក់
។ វិញ្ញាសាប្រកួត ការប្រកួតត្រូវបានរៀបចំសរុបចំនួន ១៥វិញ្ញាសា រួមមាន៖ វិញ្ញាសាប្រយុទ្ធចំនួន ៥វិញ្ញាសា និងវិញ្ញាសាបង្ហាញទម្រង់មេគុនចំនួន ១០វិញ្ញាសា។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តថា កីឡាគុនល្បុក្កតោ គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបានតម្កល់ជាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ ទស្សនវិជ្ជា និងអត្តសញ្ញាណជាតិដ៏ជ្រាលជ្រៅ។ ក្បាច់គុននេះមិនត្រឹមតែបង្ហាញពីសមត្ថភាពប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះនូវវិន័យ សីលធម៌ សេចក្តីក្លាហាន ការគោរព និងស្មារតីស្នេហាជាតិ។ ការដែលគុនល្បុក្កតោត្រូវបានចុះបញ្ជីក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

ក្នុងន័យនេះ ការរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍កីឡាជាតិ គឺជាផ្នែកមួយដ៏សំខាន់​ នៃការអនុវត្តបេសកកម្មអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ ព្រមទាំងបង្កើនឱកាសឱ្យយុវជនជំនាន់ក្រោយបានសិក្សា ហ្វឹកហាត់ និងបន្តថែរក្សាកេរមរតកដូនតាខ្មែរ។ គណៈកម្មការបច្ចេកទេសបានយកចិត្តទុកដាក់លើការរៀបចំបទបញ្ជាប្រកួត ការត្រួតពិនិត្យលក្ខណៈសម្បត្តិកីឡាករ កីឡាការិនី ការថ្លឹងទម្ងន់ ការរៀបចំគូប្រកួត និងការគ្រប់គ្រងដំណើរការប្រកួត ការដាក់ពិន្ទុតាមប្រព័ន្ធ digital ( scoring system) និង កែសម្រួលបទបញ្ជាបច្ចេកទេសឲ្យស្រប ទៅតាមគោលការណ៍សុវត្ថិភាពកីឡា (safe sports) ដើម្បីឱ្យការប្រកួត ប្រព្រឹត្តទៅស្របតាមគោលការណ៍បច្ចេកទេស និងក្រមសីលធម៌កីឡា៕
ដោយ៖លី ភីលីព

Most Popular

To Top