តូក្យូ៖ ទីភ្នាក់ងារឥណទាននាំចេញ របស់រដ្ឋជប៉ុន បានយល់ព្រមផ្តល់ ឲ្យក្រុមហ៊ុន Nissan Motor Co រហូតដល់ ២ ពាន់លានដុល្លារ ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឥណទាន ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់ការលក់រថយន្ត នៅសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ធនាគារកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JBIC) បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រាក់នេះគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឥណទានចំនួន ៤,១ ពាន់លានដុល្លារ សម្រាប់សាជីវកម្ម Nissan ជាអង្គភាពមួយ នៃក្រុមហ៊ុន Nissan ខាងជើងអាមេរិក។
ទីភ្នាក់ងារឥណទាននាំចេញ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រាក់ទាំងនេះអាចជួយក្រុមហ៊ុនជប៉ុន លក់រថយន្តនៅក្នុងទីផ្សារ រថយន្តធំបំផុតទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន ដោយអនុញ្ញាត ឲ្យវាផ្តល់ជូនអតិថិជន នូវប្រាក់កម្ចី ដែលពួកគេអាច សងជាប្រាក់ប្រចាំខែ។
Nissan ជាក្រុមហ៊ុនផលិតរថយន្តធំ លំដាប់ទី ៣ របស់ជប៉ុន កំពុងផ្តោតលើ ទីផ្សារសំខាន់ៗ ខណៈ ខ្លួនដកថយពីការពង្រីកយ៉ាងឆាប់រហ័ស ដែលដឹកនាំដោយលោក Carlos Ghosn ដែលត្រូវបានបណ្តេញចេញ ពីតំណែង។ ក្រុមហ៊ុននេះកំពុងព្យាយាម បង្កើនចំណែកទីផ្សារ ជាមួយម៉ូដែលថ្មី នៅសហរដ្ឋអាមេរិក ចិន និងជប៉ុន នៅពេលពួកគេស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៃតម្រូវការ ដែលបង្កឡើង ដោយមេរោគ COVID-19៕ ដោយ៖លី ភីលីព