សេដ្ឋកិច្ច​

ដី​ទំហំ​ជិត៣០០០ហិកតា ​ត្រូវបាន​រដ្ឋាភិបាល​បែងចែក​ដល់​ ប្រជាពលរដ្ឋ​ក្រីក្ររស់នៅ ក្នុង​ខេត្តក្រចេះ

ក្រចេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាលខេត្ត​ក្រចេះ ក្រោម​ការគ្រប់គ្រង​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នឹង​ធ្វើការ​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច​ចំនួន២៨៣០.៨៩ហិកតា ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន៥៥៤គ្រួសារ រស់នៅក្នុង​ឃុំ​មួយចំនួន ស្ថិតក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

លោក ភឹម ភី​រ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២ (LASED II) ខេត្តក្រចេះ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅបាន​មានប្រសាសន៍ ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល ដែល​ស្ថិតនៅក្នុង​ឃុំ​សំបុក និង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ដាច់ខាត​ត្រូវតែ​យកទៅ​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោយ​ការ​តាំងទី​លំនៅដ្ឋាន​ឱ្យបាន​សមរម្យ និង​ប្រកប​ការដាំដុះ​ដំណាំផ្សេង។

សម្រាប់​ដី​សម្បទាន​សង្គមកិច្ច​នៅក្នុង​ឃុំ​សំបុក មាន​ផ្ទៃដី​ដែល​ត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ទំហំ២.៨៣០,៨៩ហិកតា ក្នុងនោះ​មាន​ផ្ទៃដី​លំនៅឋាន​ទំហំ៤៤,៧១ហិកតា និង​ផ្ទៃដី​កសិកម្ម​ទំហំ១.១២១ហិកតា ហើយ​មាន​សម្បទា​និក​ទទួលបាន​ដី​ចំនួន៥៥៤គ្រួសារ។

បច្ចុប្បន្ន សម្បទា​និក​ក្នុង​ឃុំ​សំបុក​បាន​ចូល​តាំង​ទីលំនៅ និង​ប្រើប្រាស់​ដី​កសិកម្ម​ចំនួន៥០៣ គ្រួសារ​លើ៥៥៤គ្រួសារ​ស្មើនឹង៩០,៧៩% ។ចំណែក​ដី​សម្បទាន​សង្គម​កិច្ច​ឃុំ​ចង្ក្រង់ មាន​ផ្ទៃ​សម្រាប់​បែងចែក​សរុប១.០៧៥,៦៨ហិកតា ក្នុងនោះ​មាន​ផ្ទៃដី​លំនៅឋាន​ទំហំ១៧,៤២ហិកតា និង​ផ្ទៃដី​កសិកម្ម​ទំហំ៦៦៦ហិកតា ហើយ​មាន​សម្បទា​និក​ទទួលបាន​ដី​ចំនួន៣៣១គ្រួសារ។

បច្ចុប្បន្ន​សម្បទា​និក ក្នុង​ឃុំ​សំបុក​បាន​ចូល​តាំងទី​លំនៅ និង​ប្រើប្រាស់​ដី​កសិកម្ម​ចំនួន២៧៦គ្រួសារ លើ៣៣១គ្រួសារ ស្មើនឹង៨៣,៣៨% ។

លោក​អភិបាលរង​ខេត្ត​បានបញ្ជាក់​ឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ដី ហើយ​គម្រោង LASED ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ (IDA-WB) ត្រូវ​អនុវត្តន៍​រយៈពេល៥ឆ្នាំ ចាប់ពី​ខែសីហា ឆ្នាំ២០១៦ ដល់​ខែធ្នូ ឆ្នាំ២០២១ ក្រោម​ថវិកា​សរុប២៦,៨៦ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ចំនួន១,៨០ លាន​ដុល្លារ​អាមេរិក គឺ​ដើម្បី​ផ្តល់នូវ​បំ​និ​ន ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​ចេះ​ដាំ​ដុះ​ប្រកប​របរ​កសិកម្ម​ដោយ​ជំនាញ និង​បច្ចេកទេស​សមស្រប ។

សម្រាប់​គោលការណ៍ នៃ​ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ទៅតាម​លក្ខខណ្ឌ ក្នុងនោះ​បងប្អូន​សម្បទាន​និក​ត្រូវធ្វើ​ការដាំដុះ និង​សាងសង់​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជា​អចិ​ន្ត្រិ​យ៍​នៅ​លើដី​លំនៅឋាន ដោយមាន​ដាំ​ដំណាំ​បន្ថែ ដំណាំ​ហូប​ផ្លែ ផ្ទះ​ត្រូវមាន​របង និង​មានការ​ចិញ្ចឹមសត្វ​ជាដើម។ ដោយឡែក​សម្រាប់​ដី​កសិកម្ម បងប្អូន​សម្បទា​និក​ត្រូវ​បង្ករ​បង្កើន​ផល ដាំ​ដំណាំ​កសិកម្មផ្សេងៗឱ្យបាន​ទៀងទាត់ និង​ត្រូវ​ប្រើប្រាស់​ដី​កសិកម្ម​ឱ្យបាន​ពេញលេញ។

លោក ភឹម ភី​រ៉ា បាន​បញ្ជាក់ថា“សម្រាប់​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច ទាំង២ឃុំ​ខាងលើ​នេះដែរ ឃើញថា​ជាទី​តាំង​ល្អ ស្ថិតនៅ​ជិត​នឹង​ផ្លូវជាតិ ដែលជា​កក្តា​អំណោយផល​ដល់​បងប្អូន​ក្នុង​ការដាំ​ដំណាំ និង​ដឹកជញ្ជូន​កសិផល​ចេញចូល​ដី​របស់ខ្លួន ក៏ដូចជា​អាចធ្វើ​ការដាក់​លក់ដូរ​នូវ​កសិផល ដែល​បងប្អូន​ស​ម្ប​ទានិ​ក​ផលិត​បាន នៅតាម​ដងផ្លូវ​បាន​ដោយ​ងាយស្រួល” ។

នៅក្នុង​ក្នុង​របាយការណ៍​ដដែល​បានបញ្ជាក់​ផងដែរ​ថា ចំនួន​គ្រួសារ​សម្បទា​និក ដែល​ប្រើប្រាស់​ដី មិនទាន់​គ្រប់​លក្ខខណ្ឌ ដែល​ត្រូវបាន​ប័ណ្ណកម្មសិទ្ធិ មាន​ឃុំ​សំបុក ១៧៣គ្រួសារ ឃុំ​ចង្ក្រង់៣៦គ្រួសារ។ ម្យ៉ាងវិញទៀត ចំពោះ​បងប្អូន​សម្បទា​និក ដែល​ទើប​ចូលមក​ឈួ​ស​ឆាយ និង​សម្អាត​ដី​ដើម្បី​សាងសង់​លំនៅឋាន និង​ធ្វើ​កសិកម្ម​ត្រូវ​រួសរាន់​ទៅធ្វើ​កិច្ចសន្យា​ចូលមក​ស្នាក់នៅ និង​ប្រើប្រាស់​ដី​នៅ​សាលាឃុំ​សំបុក និង​សាលាឃុំ​ចង្ក្រង់ ដើម្បី​ធានាថា បងប្អូន​សម្បទា​និក ចូល​ប្រើប្រាស់​ដី​ទាំងនោះ​វិញ​ពិតប្រាកដ​មែន៕ប្រភព៖propertyarea.asia

Most Popular

To Top