សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ចំណេះ​ដឺ​ង! តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ?

ភ្នំពេញ៖ ការប្រមូល​ពន្ធ​ត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្តែ​នៅក្នុង​ជំ​ហ៊ាន​ដំបូង​ច្បាប់​នេះ​បានកំណត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយណា​ដែល​ស្ថិតនៅតាម​តំបន់​រដ្ឋបាល​ថ្នាក់ក្រុង (ទីក្រុង) និង​តំបន់​រដ្ឋបាល​ថ្នាក់​ខេត្ត (ទី​រួម​ខេត្ត) ជាមុនសិន​ចំណែក​តំបន់​ផ្សេងទៀត​ដូចជា​ថ្នាក់ស្រុក និង​ទីជនបទ​មិនទាន់​ជាប់ពន្ធ​នោះទេ។

យោងទៅតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា បញ្ជាក់ថា អចលនទ្រព្យ​ជាប់ពន្ធ​ទាំងនេះ​អាចមាន​ដូចជា ដី ផ្ទះ និង​សំណង់​នានា​ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​នោះ។ ទោះយ៉ាងណា​មាន​អចលនទ្រព្យ​មួយចំនួន​ត្រូវបាន​លើកលែង​ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ដែលមាន​ដូចជា​ដី​កសិកម្ម ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដី​កម្មសិទ្ធិ​របស់​ស្ថានទូត ដី​កម្មសិទ្ធិ​របស់​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សាសនា និង​អង្គការ​សប្បុរសធម៌។

អចលនទ្រព្យ​ជាប់ពន្ធ​លុះត្រាតែ​អចលនទ្រព្យ​នោះ​មានតម្លៃ​សរុប​លើសពី១០០លាន​រៀល (២៥,០០០ដុល្លារ) ឡើងទៅ។ យោងទៅតាម​ច្បាប់​អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​គឺ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​លើ​អចលនទ្រព្យ​ជាប់ពន្ធ។

តើ​ត្រូវ​បង់ពន្ធ​នៅឯណា?

សម្រាប់​អចល​ទ្រព្យ​នៅតាម​ខេត្ត​តម្រូវ​ឲ្យ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ខេត្ត​ប្រសិនបើ​អចលនទ្រព្យ​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បង់​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។ ជាទូទៅ​ពន្ធ​អចលនទ្រព្យ​តម្រូវ​ឲ្យ​បង់​បាន​មុន​បំណាច់​ខែកញ្ញា​នៃ​ឆ្នាំ​ដែល​ជាប់ពន្ធ។ ទាក់ទង​នឹង​ការបង់ពន្ធ​នេះ​អ្នក​បង់ពន្ធ​តម្រូវ​ឲ្យ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​គណនា​ពន្ធ​ដោយ​ខ្លួនឯង។

ក្រៅពី​ការបង់ពន្ធ​តាម​សាខា​ពន្ធដារ​ម្ចាស់​អចលនទ្រព្យ​ក៏​អាច​បង់ពន្ធ​នៅតាម​សាខា​ធនាគារ​ដៃគូ​មួយចំនួន​ដូចជា៖ ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា​ធនាគារ អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​ធនាគារ​កម្ពុជា​សាធារណៈ៕ប្រភព៖propertyarea.asia

Most Popular

To Top