ភ្នំពេញ៖ ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។
យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា បញ្ជាក់ថា អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជាដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។
អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល (២៥,០០០ដុល្លារ) ឡើងទៅ។ យោងទៅតាមច្បាប់អ្នកដែលជាប់បន្ទុកបង់ពន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យជាប់ពន្ធ។
តើត្រូវបង់ពន្ធនៅឯណា?
សម្រាប់អចលទ្រព្យនៅតាមខេត្តតម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្តប្រសិនបើអចលនទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញត្រូវបង់នៅសាខាពន្ធដារខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះអ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ និងគណនាពន្ធដោយខ្លួនឯង។
ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ៕ប្រភព៖propertyarea.asia