ភ្នំពេញៈ ចក្រភពអង់គ្លេស នឹងផ្តល់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ដែលប្រទេសនេះនឹងអាចទាញយកអត្ថប្រយោជន៍ច្រើន បន្ទាប់ពីការប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់ GSP របស់ចក្រភពអង់គ្លេស សម្រាប់នាំទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធនឹងចូលជាធរមានននៅឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកសុខ សុភ័ក្ត្រ ត្រូវបានដកស្រង់សម្តីចេញភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២០កន្លងមកបានមានប្រសាសន៍ថា កម្ពុជា នឹងពិភាក្សាជាមួយអង់គ្លេស ដើម្បីស្តារទំនាក់ទំនងនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ អំឡុងពេលមានវិបត្តិ ហើយនៅក្រោយវិបត្តិកូវីដ១៩ ។
លោកបន្តទៀតថា “កម្ពុជានឹងពិភាក្សារកវិធានការស្តារឡើងវិញ នូវការនាំចេញ-នាំចូលឱ្យមានប្រក្រតីភាព ហើយទាញយកនូវអ្វីដែលបានធ្លាក់ចុះកន្លង ដែលបណ្តាលមកពីវិបត្តិនៃការរីករាលដាលកូវីដ១៩” ។
លោកសុខ សុភ័ក្ត្របានថ្លែងថា “នៅពេលអង់គ្លេស បែកចេញមកពីសហភាពអឺរ៉ុប គាត់ អត់មានប្រើប្រព័ន្ធដែលចុះបញ្ជីរួមទេ ដូច្នេះយើងត្រូវធ្វើការផ្នែករដ្ឋបាលជាមួយចក្រភពអង់គ្លេស ដើម្បីយើងចេញវិញ្ញាបនប័ត្រ ឬមួយយើងរៀបចំប្រព័ន្ធមួយ ទទួលស្គាល់វិធានប្រភពដើមទំនិញ ដែលនេះជាកិច្ចការបន្តដែលយើងត្រូវធ្វើ” ។
ប្រព័ន្ធអនុគ្រោះទូទៅ ជាការជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងជាការទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវលក្ខណៈពិសេស។
ប្រព័ន្ធអនុគ្រោះពន្ធ GSP នឹងជំនួសការបាត់បង់ ក្នុងប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុប សម្រេចដកចេញពីកម្ពុជា។
ទាំងមន្ត្រីរដ្ឋាភិបាល អ្នកក្នុងវិស័យកាត់ដែរ និងវិស័យឯកជនបានរំពឹងថា ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ នឹងមិនត្រឹមតែជួយជំរុញទំនិញកាន់តែច្រើន នាំចេញពីកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយបំពេញបន្ថែម នូវការបាត់បង់ផ្នែកខ្លះនៃEBA នៅទីផ្សារអឺរ៉ុប ជាពិសេសជួយទាក់ទាញ វិនិយោគបន្ថែមចូលមកកម្ពុជា ដើម្បីផលិត កែច្នៃ និងវេចខ្ចប់ នាំចេញទៅទីផ្សារចក្រភពអង់គ្លេស។
កម្ពុជានាំចេញផលិតផលទៅចក្រភពអង់គ្លេស មានដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង អង្ករ និងកង់ ខណៈនាំចូលមកវិញ មានដូចជា រថយន្ត និងគ្រឿងចក្រជាដើម។
ក្នុងឆ្នាំ២០១៩ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស មានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារអាមរិក។ ចំណែកនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញ សរុបជាង២០០លានដុល្លារ ក្នុងនោះការនាំចេញវិស័យកាត់ដេរជាង ១៩០លានដុល្លារ និងទំនិញផ្សេង១៥ លានដុល្លារអាមេរិក៕ប្រភព៖propertyarea.asia