ភ្នំពេញៈ គម្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិជំងកូវីដ១៩យ៉ាងណាក្តី ហើយនៅពេលសាងសង់បញ្ចប់ផ្លូវនេះ អាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះ បានរហូតដល់២០ឆ្នាំ ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង៤០ភាគរយ ។
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះ ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣នេះ សាងសង់ដោយក្រុមហ៊ុនចិន ហើយក្រុមហ៊ុនចិនជាធម្មតា គឺអនុវត្តលឿន ជាង ការរំពឹងទុក ដែលរហូតមកដល់ពេលនេះ ជាលទ្ធផលនៃការសាងសងផ្លូវក្រវ៉ាត់ក្រុងទី៣នៅតែបន្តដំណើរទៅមុខ។
លោកបន្តថា “យើងបានពិនិត្យឃើញថា ក្រុមហ៊ុនសាងសង់បានគោរពតាមបទដ្ឋា នស្តង់ដារ ទាំងគុណភាពបេតុង នៃទម្រជើងសសរស្ពានអាកាស រួមទាំងគុណភាពផ្លូវ អាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះបានរហូតដល់២០ឆ្នាំ ស្របទៅតាមផែនការមេ” ។
លោកបន្តថា “ផ្លូវដ៏សំខាន់នេះនឹងជួយសម្រួល ដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុង ជាពិសេសផ្លូវវេងស្រេង ផ្លូវទួលពង្រ ហើយថែមទាំងជួយសម្រួល ដល់ការធ្វើដំណើរ និងដឹកជញ្ជូនត្រង់ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅកាន់តំបន់ព្រំដែនក្រុងបាវិត ដោយបំបែកចេញ ពីចំណុចដើមផ្លូវក្រវ៉ាត់ក្រុងទី៣ នៃផ្លូវជាតិលេខ៤ នឹងចុះទៅកាន់ផ្លូវជាតិលេខ១” ។
លោកបញ្ជាក់ទៀថា រាល់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធទាំងអស់ នៅកម្ពុជា ជាពិសេសគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ កំពុងដំណើរការដោយរលូន និងអាចបញ្ចប់ទៅតាមផែនការ និងការគ្រោងទុក។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដី ដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។
ផ្លូវនេះមួយខ្សែនេះ ត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ៕
ដោយ ៖ propertyarea