ភ្នំពេញៈ ជាមួយនឹងភាពធូរស្រាលនៃវិបត្តិជំកូវីដ១៩ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមកំរើកឡើងវិញ ហើយសកម្មភាពដើរសិក្សា របស់អ្នកវិនិយោគមួយចំនួនបានចាប់ផ្តើម ពិសេសនៅតំបន់ជាយក្រុងភ្នំពេញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ ធ្នូកន្លងមកថា គិតត្រឹមចុងសប្តាហ៍មុនមកទល់ពេលនេះ សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើម មានភាពប្រសើរឡើងវិញហើយ ដោយប្រជាពលរដ្ឋចេញដើរហើរ ប្រកបអាជីវកម្មធម្មតា ដែលនេះជាសញ្ញាល្អប្រសើរនៃសេដ្ឋកិច្ច និងវិស័យអចលទ្រព្យផងដែរ។
លោកបន្តថា “ប្រជាពលរដ្ឋ អ្នកវិនិយោគបានចាប់ផ្តើមដើរមើល អចលនទ្រព្យបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទិញលក់មិនទាន់ផុសផុលប៉ុន្មាននោះទេ” ។ លោកបន្តថា “ចរន្តទីផ្សារដីធ្លី នឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២១ ខណៈតម្លៃដីនឹងបន្តកើនឡើងរយៈពេល៥ឆ្នាំទៀត” ។
លោកច្រឹក សុខនីម បានបន្តថា នៅឆ្នាំ២០២១ខាងមុខ ដីដែលមានសកម្មភាពដោះដូរច្រើន និងមានតម្លៃកើនឡើងមាននៅខេត្តកណ្តាល កំពង់ស្ពឺ កំពត កំពង់សោម កែវ និងខេត្តមណ្ឌលគិរីផងដែរ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅឆ្នាំ២០២០នេះ បើទោះកម្ពុជាបានរងផលប៉ះពាល់ ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរ ដូចប្រទេសក្នុងតំបន់មួយចំនួន ដូចជា ប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី និងឥណ្ឌូនេស៊ីឡើយ។ មានន័យថា កម្ពុជាមានភាពល្អប្រសើរជាងប្រទេសទាំងនោះ។
លោកស្រីបន្តថា “តម្លៃដីធ្លីក្នុងទីក្រុង មិនមានតម្រូវការច្រើន និងកើនឡើងខ្ពស់ទេ ដោយសារបច្ចុប្បន្នមានការសាងសង់អាគារច្រើន ដែលទាមទារឲ្យទីផ្សារស្រូបយកអត្រាប្រើប្រាស់សិន” ។ លោកស្រូបន្ថែមថា “ដីនៅតំបន់ជាយក្រុងនឹងឡើងថ្លៃ តែមិនខ្ពស់ពេកនោះទេ បើទោះជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋច្រើនពីរដ្ឋាភិបាលក្តី ដោយសារមានការទិញលក់ច្រើន និងសាងសង់បុរីច្រើន” ។
លោកស្រីអាន សុធីតា បានបន្តថា នៅឆ្នាំ២០២១ខាងមុខ សកម្មភាពទិញលក់ និងការដោះដូរដីធ្លី នឹងមានកំនើនខ្ពស់ជាងឆ្នាំ២០២២ ដោយសារនៅឆ្នាំ២០២២ រដ្ឋាភិបាលនឹងអនុវត្តន៍ពន្ឋមូលធន២០ភាគរយ។ គោលនយោបាយពន្ឋនេះ រដ្ឋាភិបាលមានគោលដៅទប់តម្លៃដីកុំឲ្យហក់ឡើងខ្ពស់ពេក ទប់ស្កាត់ការទិញលក់ច្រើនខ្លាំងនៅក្នុងទីផ្សារ និងចុងក្រោយ គឺការបង្កើនការប្រមូលពន្ឋឲ្យបានកាន់តែច្រើនពីរដ្ឋាភិបាល៕ ប្រភព៖propertyarea