បាត់ដំបង ៖ គម្រោងស្ថាបនាសាងសង់ព្រលានយន្តហោះ បែកចានខេត្តបាត់ដំបង រហូតមកដល់ពេលនេះឈានដល់ដំណាក់កាលនៃការដាំបង្គោល កំណត់ព្រំដី និងកំពុងបន្តសិក្សាពីទំហំទុននៃការសាងសង់ រួមជាមួយនឹងផលប៉ះពាល់លើគម្រោងផងដែរ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទាំងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។
លោកបានបន្តថា ប្រសិនបើប្រជាពលរដ្ឋទៅដាំដុះ ឬធ្វើស្រែទៅដល់ដីកន្លែងព្រលាននោះ នៅពេលដែលចេញប្លង់កម្មសិទ្ធិ គឺរដ្ឋមិនចេញប្លង់ឱ្យទេ ហើយប្រជាពលរដ្ឋក៏បានទទួលស្គាល់ និងផ្តិតមេដៃអនុវត្តតាមកិច្ចសន្យានេះហើយដែរ។
លោកបញ្ជាក់ថា “ការពង្រីកបែបណាត្រូវឱ្យមានលក្ខណៈសមស្របជាព្រលានក្នុងស្រុកមួយដែលការចុះចតយន្តហោះកម្រិតណាបាន គឺនៅលើការងារបច្ចេកទេស ជាពិសេសនៅលើរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលត្រូវសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស។ រដ្ឋបាលខេត្តគ្រាន់តែសម្របសម្រួល រឿងបញ្ហាបោះបង្គោលព្រំដីព្រលាន ដើម្បីជៀសវាងប្រជាពលរដ្ឋចេះតែទន្ទ្រានកាន់កាប់ដីរបស់រដ្ឋនៅទីនោះបន្ថែមទៀត” ។
បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងតំបន់បានធ្វើស្រែ ធ្វើចំការនៅក្នុងដីព្រលានយន្តហោះស្ទើរតែទាំងស្រុង ហើយពួកគាត់នៅតែមានបំណងទាមទារឱ្យរដ្ឋដោះស្រាយគោលនយោបាយ ខណៈដែលដោយពួកគាត់បានដឹងហើយថាទីតាំងនេះជាដីរបស់រដ្ឋជាទ្រព្យសម្បត្តិសាធារណៈ ដូច្នេះ រដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ៕ប្រភព៖propertyarea.asia