ភ្នំពេញៈ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភព (World Bank) បានឱ្យដឹងថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩ ខណៈសកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងកម្រើកឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។
ស្ថាប័នអន្តរជាតិលំដាប់ពិភពលោកនេះ បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងនៅរក្សាកំណើន ៤ភាគរយនៅឆ្នាំនេះ ដូចការព្យាករណ៍របស់ខ្លួនកាលពីចុងឆ្នាំមុនផងដែរ ។
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញក្នុងរង្វង់ ៤ភាគរយក្នុងឆ្នាំ២០២១នេះ ហើយនឹងបន្តរីកលូតលាស់ បានប្រមាណ៥,២ភាគរយ ក្នុងឆ្នាំ២០២។ នេះបើយោង តាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ ។
ធនាគារពិភពលោក បានឱ្យដឹងថា កម្ពុជាស្ថិតនៅគឺជាប្រទេសមួយ ស្ថិតចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ដែលត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញ នៅឆ្នាំនេះ និងឆ្នាំក្រោយ។
លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនិយាយថា វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ ។
លោកស្រីបានថ្លែងបន្តថា “ក្នុងគ្រាដែលប្រទេសនានា ចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះ និងធានាឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ច ដែលមានបរិយាបន្ន, មានភាពបៃតង និងភាពធន់។
លោកអាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកបាននិយាយ ឲ្យដឹងផងដែរថា “ជាងពេលណាៗទាំងអស់ យើងត្រូវការកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដើម្បីទប់ទល់ជំងឺនេះ គាំទ្រសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយភាពបៃតង។
លោកបានថ្លែងទៀតថា “ប្រទេសចិនអាចដើរតួនាទីនេះយ៉ាងសំខាន់ ដោយនាំចេញផលិតផល វេជ្ជសាស្ត្របន្ថែមទៀត បង្កើនការប្រើប្រាស់របស់ខ្លួន និងចាត់វិធានការអាកាសធាតុឱ្យកាន់តែខ្លាំងក្លា។ លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏ នឹងបានអត្ថប្រយោជន៍ពីពិភពលោកមួយ ដែលកាន់តែមានសុវត្ថិភាព និងកំណើនប្រកប ដោយតុល្យភាពផងដែរ” ៕ propertyarea