ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២១នេះ

បរទេស៖ ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹង ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក ជាមួយនឹងការព្យាករថា នឹងមានកំណើន ៦,៦ភាគរយនៅឆ្នាំ ២០២១ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍នេះបាននិយាយ នៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ខ្លួននៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ហៅថា Uneven Recovery ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រថា កំណើននេះនឹងផ្អែកលើលទ្ធផល នៃការនាំចេញដ៏ខ្លាំងក្លា និងការងើបឡើងវិញនៃ វិស័យផលិតកម្មនិងសេវាកម្ម។

របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសវៀតណាមនិងប្រទេសចិន គឺជាប្រទេសដែលមិនសូវ រងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ដោយបានដាក់ចេញនូវវិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ៨,១ ភាគរយនៅឆ្នាំនេះ ខណៈប្រទេសតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកខ្លះទៀត ត្រូវបានរំពឹងថានឹងកើនឡើងត្រឹម ៤,៤ ភាគរយប៉ុណ្ណោះ។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា បណ្តាប្រទេសដែលពឹងផ្អែកខ្លាំង លើការនាំចេញនិងទេសចរណ៍ នឹងជួបប្រទះការពន្យាពេល នៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ក្រៅពីធនាគារពិភពលោក គឺមានអង្គការជាច្រើនទៀត បានបង្ហាញទស្សនៈសុទិដ្ឋិនិយមអំពី កំណើនរបស់វៀតណាមនៅឆ្នាំ ២០២១។ ធនាគារ Standard Chartered Bank បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងកើនឡើង ៧,៨ ភាគរយនៅឆ្នាំនេះ ដោយការផលិតបានជំរុញឱ្យ មានការរីកលូតលាស់ឡើងវិញ។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ពីកំណើន ៦,១ ភាគរយ, IMF, ៦,៥ ភាគរយ, និងធនាគារ HSBC ៧,៦ ភាគរយ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top