ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញក្រុមហ៊ុនជំនាញពន្លឿនសកម្មភាពស្ថាបនាផ្លូវចំនួន២ខ្សែផ្សេងទៀត ដែលស្ថិតនៅក្នុងគម្រោងស្ថាបនាវិថីតេជោ ស្ថិតនៅប្របនឹងឆ្នេរសមុទ្រ ឱ្យបានចប់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ និងប្រកបដោយគុណភាព ដើម្បីបង្កើនភាពទាក់ទាញ និងកាន់តែងាយស្រួល ក្នុងដំណើរទេសចរណ៍នៅតំបន់ឆ្នេរ។
តាមការបញ្ជាក់ឱ្យដឹងពីសំណាក់មន្ត្រីសាលាខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្លូវថ្មីចំនួន២ខ្សែ ដែលស្ថិតនៅក្នុងគម្រោងស្ថាបនាតេជោ និងកំពុងពន្លឿនសកម្មភាពសាងសង់នេះរួមមាន ផ្លូវតភ្ជាប់ពីមុខពយតាមូងមកចុងផ្លូវ៥០២ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយខ្សែទៀតផ្លូវភ្ជាប់ពីឆ្នេរសុខាឆ្ពោះមកឆ្នេរអូរឈើទាល ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែលបានអះអាងបញ្ជាក់ថា សម្រាប់តែគម្រោងសាងសង់ផ្លូវថ្មី តភ្ជាប់ពីឆ្នេរសុខាទៅកាន់ឆ្នេរអូរឈើទាល់ ឆ្លងកាត់តំបន់ពយតាមួយនៃតំបន់កន្ទុយនាគ ដែលមានសរុប១០៣៤ម៉ែត្រ ហើយទទឹងមានទំហំ១០.២៥ម៉ែត្រ។
ជាមួយនឹងគម្រោងនៃការសាងសង់ផ្លូវថ្មីមួយខ្សែនេះ វានឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលក្រៅពីបង្កើនសោភ័ណភាព នៅក្នុងក្រុងដែលជាតំបន់ទេសចរណ៍ឆ្នេរលំដាប់ខ្ពស់ប្រចាំប្រទេស ដែមទាំងបានបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ វាងផ្លូវពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ទៀតនោះទេ ពោលគឺអាចធ្វើដំណើរតភ្ជាប់ រវាងឆ្នេរទាំងពីរស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែម្ដង។
ដោយឡែក ការសាងសង់ និងស្ថាបនាផ្លូវមួយខ្សែទៀត ក៏នឹងត្រូវបញ្ចប់ក្នុងពេលតំណាលគ្នានៅពេលដ៏ខ្លីខាងមុខនេះផងដែរ៕ប្រភព៖propertyarea.asia