លោក Yusaku Maezawa អ្នកបណ្ដាក់ទុនដ៏ធំមួយ ក្នុងប្រព័ន្ធរ៉ុកកែតជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន SpaceX គ្រោងនឹងលក់ភាគហ៊ុន ៣០% ក្នុងក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ខ្លួនឈ្មោះ Zozo ទៅឲ្យក្រុមហ៊ុន Yahoo Japan ។
លោក Yusaku Maezawa
ការចុះផ្សាយរបស់ Forbes បាននិយាយថា ការចាកចេញរបស់លោក Maezawa គឺជាហេតុផលផ្ទាល់ខ្លួនច្រើនជាង គឺក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ការហោះទៅឋានព្រះចន្ទនៅឆ្នាំ ២០២៣ នៅក្នុងរ៉ុកកែត Starship របស់ SpaceX ។
លោក Maezawa នឹងលាលែងតំណែង ពីនាយកប្រតិបត្តិក្រុមហ៊ុន Zozo ជាថ្នូរនឹងទ្រព្យ ៣,៧ ពាន់លានដុល្លារ ដែលលោកនឹង ទទួលបានសាច់ប្រាក់សុទ្ធ ២,៣ ពាន់លានដុល្លារ និងអាចរក្សាទុកភាគហ៊ុន ៦% ក្នុងក្រុមហ៊ុន ដែលខ្លួនបង្កើត ។ លោក Maezawa បាននិយាយអំពីការ ជួញដូរនេះ នៅក្នុងសន្និសីទពោរពេញដោយមនោសញ្ចេតនាមួយមានរយៈ ២ ម៉ោង ដែលធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅ ។
លោកមហាសេដ្ឋីរូបនេះ បានប្រកាសអំពីគោលបំណង ហោះជុំវិញ ឋានព្រះចន្ទកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១៨ ក្នុងពេលដែលលោក Elon Musk នាយកប្រតិបត្តិនិងស្ថាបនិករបស់ SpaceX បានធ្វើបទបង្ហាញ អំពីប្រព័ន្ធបាញ់បង្ហោះថ្មី ។
លោក Yusaku Maezawa ពេលជួបផ្ទាល់នឹងលោក Elon Musk
លោក Maezawa គ្រោងនឹងជ្រើសរើសនាវិក ធ្វើដំណើរទៅឋានព្រះចន្ទ ជាមួយខ្លួនដោយផ្ទាល់ដៃ ដែលក្នុងនោះលោកចង់រើសយកវិចិត្រករ, តន្ត្រីករ និងអ្នកថតភាពយន្ត រួមទាំងសិល្បករដទៃទៀត និង អវកាសយានិកប៉ុន្មាន នាក់ផងដែរ។
លោក Elon ធ្លាប់បាននិយាយថា បេសកម្មនេះត្រូវចំណាយពី ២ ទៅ ១០ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍ Starship ឲ្យមានដំណើរការបាន៕