សេដ្ឋកិច្ច​

វិភា​គៈ​បណ្តា​ប្រទេស​មេគង្គ និង​មហា​យក្ស​ចិន​បន្ត​បើកក្តោង ​ឈាន​ដំណើរទៅកាន់​អនាគត?

ប្រទេស​ចិនៈ នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡា​ឆាង-មេគង្គ​លើក​ទី១ បានប្រារឰ​នៅ​ក្រុង​សាន​យ៉ា នៃ​ខេត្ត​ហៃ​ណាន​ដោយ​ជោគជ័យ ។

ឈរលើ​ស្មារតី “រួមគ្នា​ផឹកទឹក​ទន្លេ​តែមួយ ជោគវាសនា​ភ្ជាប់​នឹង​គ្នា​យ៉ាង​ស្អិតល្មួត” អ្នកដឹកនាំ​នៃ​ប្រទេស​ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បានរួម​គ្នា​ប្រកាស​ចាប់ដំណើរការ​យន្ត​ការ សហប្រតិបត្តិ​ការកម្រិត​អនុតំបន់​បែប​ថ្មី​នេះ ហើយ​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​ការកសាង​សហគមន៍ វាសនា​រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព ។

ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងទៅនេះ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​ឆ្លងកាត់​ដំណាក់កាល​ពូន​ជ្រុំ និង​ដំណាក់កាល​លូតលាស់​រហ័ស ហើយ​បាន​ឈានចូល​ទៅក្នុង​ដំណាក់កាល​រីកចម្រើន​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ចាក់​បញ្ចូល​នូវ“ទឹក​រស់​ជា​កម្លាំងចលករ”ក្នុងការ​អភិវឌ្ឍន៍​នៃ​ប្រទេស​នានា ព្រមទាំង​បាន​បង្កើតជា​គំរូ​សំខាន់ នៃ​ការកសាង​សហគមន៍​វាសនា​រួម​មនុស្សជាតិ ។

ទី១ នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ខិតខំ​កសាង​មូលដ្ឋានគ្រឹះ និង​បង្កើន​ទំនុកចិត្ត​លើ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ

ឯកឧត្តម​ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់ ដល់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង ហើយ​ធ្លាប់​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកដឹកនាំ នៃ​ប្រទេស​ទន្លេមេគង្គ​រាប់សិប​លើក ដែល​បានផ្តល់​ការណែនាំ និង​កំណត់​ទិសដៅ​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​ទាំង ៦ ។

ជាមួយគ្នានេះ ឯកឧត្តម លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ជា​រៀងរាល់​លើក ដើម្បី​ពិគ្រោះ​ពិភាក្សា ជាមួយ​អ្នកដឹកនាំ​នៃ​ប្រទេស​ទន្លេមេគង្គ​ទាំង៥ អំពី​ការកសាង​ផែនទី​បង្ហាញផ្លូវ​អភិវឌ្ឍន៍ ។ ប្រទេស​ទាំង ៦ ខិតខំ​កសាង​សហគមន៍​វាសនា រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព។

សហគមន៍​វាសនា​រួម​ចិន-ឡាវ ចិន-កម្ពុជា និង​ចិន-មី​យ៉ាន់​ម៉ា​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់។ យើង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន រួមគ្នា​ពិគ្រោះ​ពិភាក្សា ស្ថាបនា និង​ចែករំលែក​គ្នា ខិតខំ​បង្កើត​បរិយាកាស ដែល​ប្រកបដោយ​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​ការចុះ​សម្រុង​គ្នា​ក្នុង​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ ពួតដៃគ្នា ដើម្បី​សម្រេច​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរភាព និង​វិបុលភាព​រួម​សម្រាប់​ប្រទេស​ទាំង៦ ។

យើង​បានកំណត់ “ផែនការ​សកម្មភាពរ​យៈ​ពេល៥ឆ្នាំ ឡាន​ឆាង-មេគង្គ(២០១៨-២០២២)” អនុវត្ត​យ៉ាងសកម្ម​តាម​ផែនការ​សកម្មភាព លើ​វិស័យ​ធនធានទឹក កសិកម្ម និង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​ជារ​ដើម ព​ន្លឿ​ន​ការកំណត់​ផែនការ​សហប្រតិបត្តិកា​រ លើ​វិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្លងដែន ពង្រឹងសមត្ថភាព​ផលិត និង​ជំរុញ​ការតភ្ជាប់​គ្នា ។

លេខាធិការដ្ឋាន​សហប្រតិបត្តិ​ការ​ឡាន​ឆាង-មេគង្គ ឬ​ស្ថាប័ន​សម្រប​ស្រួល​នៃ​ប្រទេស​ទាំង៦ បានធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​រលូន ក្រុមការងារ​រួម​លើ​វិស័យ​អាទិភាព និង​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ និង​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​លើ​វិស័យ​ធនធានទឹក បរិស្ថាន កសិកម្ម និង​យុវជន បាន​អនុវត្ត​ការងារ​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បានផ្តល់​យន្តការ​ចាំបាច់ ដល់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ខិតខំ​ប្រមូល​កម្លាំង ដើម្បី​បង្កើតជា​ឧត្តមភាព និង​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍។ យើង​បាន​បង្កើត​រូបមន្ត​ឡាន​ឆាង- មេគង្គ ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍ ធ្វើ​ការងារ​ជាក់ស្តែង​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចាត់ទុក​គម្រោង​ជាក់ស្តែង​ជា​គោល ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំ​រុញឱ្យ​ការបំពេញបន្ថែម​គ្នា លើ​វិស័យសេដ្ឋកិច្ច​ទៅជា​កម្លាំង​ជំរុញ​គ្នា​សម្រាប់​ការអភិវឌ្ឍន៍។

ក្នុង​រយៈពេល៥ឆ្នាំ​កន្លង​ទៅនោះ ទំហំ​សរុប​នៃ​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង៤៧,៥ ភាគរយ។ ប្រទេស​ចិន​បានទទួល​សមិទ្ធផល​ដ៏​អស្ចារ្យ ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការកសាង​សង្គម​ធូរធារ​គ្រប់​ជ្រុងជ្រោយ។

ទំហំ​សរុប​នៃ​សេដ្ឋកិច្ច​ប្រទេស​ទន្លេមេគង្គ​ទាំង៥ កើនឡើង​ជាង៣០% ។ ចំណែក​កម្រិត​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច និង​សង្គម​ក៏បាន​ត្រូវ​លើកកម្ពស់​ឥតឈប់ឈរ។

នៅ​ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​ប្រទេស​ទន្លេមេគង្គ​ទាំង៥ បាន​ឈានដល់​ទៅ ៣២២១០០ លាន​ដុល្លារ​អាមេរិក កើនឡើង ៦៦,៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ របស់​ប្រទេស​វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា និង​ថៃ ហើយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​ប្រទេស​ឡាវ។

ប្រទេស​វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៤ របស់​ប្រទេស​ចិន។ ប្រទេស​ចិន​ផ្តល់ប្រាក់​ឥណទាន​អនុគ្រោះ និង​ប្រាក់​ឥណទាន​ពិសេស​អំពី​សមត្ថភាព​ផលិត និង​ផលិតកម្ម​គ្រឿង​បរិក្ខារ ដើម្បី​គាំទ្រ​ឱ្យ​ប្រទេស​ទន្លេមេគង្គ អនុវត្តន៍ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាង៤០គម្រោង រួមមាន​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នៃ​ប្រទេស​កម្ពុជា គម្រោង​កែសម្រួល​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ និង​គម្រោង​សាងសង់​រោងចក្រ ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម យ៉ុង​សៀន ប្រទេស​វៀតណាម​ជាដើម ។

កសិផល និង​ជលផលល្អៗដូចជា ធូ​រេ​ន​ថៃ អង្ករ​ខ្មែរ ល្ហុង​ភូមា ចេក​ឡាវ និង​ត្រី basa វៀតណាម ត្រូវបាន​យកមក​ដាក់​លើ​តុ​បាយ​របស់​ប្រជាជន​ចិន។ សហគ្រាស​ចិន​បាន​ទៅ​ស្វែងរក​ដៃគូ សហប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ដើម្បី​បង្កើត​តំបន់​គំរូ​កសិកម្ម និង​មូលដ្ឋាន​កែច្នៃ​និង​ឡូ​ជី​ស្ទីក​អំពី​ផល​ស្រូវ កៅស៊ូ ផ្លែឈើ បន្លែបង្ការ និង​សាច់សត្វ​ចិញ្ចឹម ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​ប្រមូលផ្តុំ​កម្លាំង និង​ពង្រឹង​ចំណងមិត្តភាព ។ យើង​ប្រកាន់ខ្ជាប់​នូវ​ទស្សនទាន ដែល​ចាត់ទុក​ប្រជាជន​ជា​គោល ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឱ្យ​សមិទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា។

នៅ​ឆ្នាំ ២០១៩ អ្នកធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ចិន និង​ប្រទេស​ទន្លេមេគង្គ​មាន​ចំនួន​ជាង៥០លាន​នាក់ ហើយ​ជើងហោះហើរ​ជាប្រចាំ​មាន​ចំនួន​ជិត៣០០០ ជើង​រៀងរាល់​សប្តាហ៍ ។ ក្នុង​រយៈពេល៥ ឆ្នាំ​កន្លង​ទៅនោះ មាន​និស្សិត​ជាង២ម៉ឺន​នាក់ ដែល​មកពី​ប្រទេស​ទន្លេមេគង្គ​ទាំង៥ បានទទួល​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ចិន ដើម្បី​មក​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន។ ចំណែក​ជនបរទេស ដែល​មក​ធ្វើការ​នៅ​ប្រទេស​ចិន​ជាង៤ម៉ឺន​នាក់ បានទទួល​ការបណ្តុះបណ្តាល​ក្នុង​មូលដ្ឋាន​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទន្លេ​ឡាន​ឆាង-មេគ​អង្គ​នៅ​ខេត្ត​យូ​ណាន។

មូលនិធិ​ពិសេស អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ​បាន​គាំទ្រ​ឱ្យ​អនុវត្ត​គម្រោង​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​ជាង៥០០ គម្រោង ឧទាហរណ៍ គម្រោង“ភូមិ​ពន្លឺព្រះអាទិត្យ” បានផ្តល់​បច្ចេកទេស និង​បរិក្ខារ​ផលិត​អគ្គិសនី​ដើរ ដោយ​ពន្លឺព្រះអាទិត្យ​ដល់​ភូមិផ្សេងៗនៃ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា។ គម្រោង​បណ្តុះបណ្តាល​បច្ចេកទេស​ថាមពលនុយក្លេអ៊ែរ បានផ្តល់​ការបណ្តុះបណ្តាល​អំពី បច្ចេកទេស​ស្ថានីយ​អគ្គិសនី​នុយក្លេអ៊ែរ និង​សុខាភិបាល​នុយក្លេអ៊ែរ ដល់​យុវជន​ប្រទេស​វៀតណាម និង​ឡាវ ។

គម្រោង​បណ្តុះ​ពូជ​តែ​ប្រេង បាន​ជួយ​ដាំ​ដើម​តែ​ប្រេង នៅ​តំបន់ភ្នំ​នៃ​ប្រទេស​ថៃ និង​ឡាវ ។ គម្រោង​បង្កើន​ផល​កាហ្វេ បាន​ជួយ​បណ្តុះបណ្តាល​កសិករ​ដាំ​ដើម​កាហ្វេ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ជាង១១,០០០នាក់ ហើយ​បាន​ជំ​រុញឱ្យ​ការប្រមូល​ផល​គ្រាប់​កាហ្វេ នៃ​ប្រ​ទេ សមី​យ៉ាន់​ម៉ា​កើនឡើង​ទ្វេដង។

គម្រោង “ពឹង​ឆាវ” ផ្តល់​ផលប្រយោជន៍ ដល់​ប្រទេស​ឡាន​ឆាង-មេគង្គ និង​គម្រោង“ម្ជុល​វិទ្យាសាស្ត្រ​ដើរចូល​ប្រទេស​ឡាន​ឆាង-មេគង្គ”បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពេទ្យ ចិន​សែ ។ គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រីក្រ និង“សកម្មភាព​ពាក់កណ្តាល​មេឃ​ឡាន​ឆាង-មេគង្គ”ជាដើម បាន​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​បុព្វហេតុ​ស្ត្រី​នៅក្នុង​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ។

នេះ​ជា​រយៈកាល៥ឆ្នាំ ដែល​រួមសុខទុក្ខ​ជាមួយគ្នា និង​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ បាន​បង្កើតឡើង​នូវ​វេទិកា​សហប្រតិបត្តិការ​ធនធានទឹក​ទី១ ដែលមាន​ការចូលរួម​ពី​ប្រទេស​ពាក់ព័ន្ធ​ទាំង។ យើង​បានរៀបចំ​ដោយ​ជោគជ័យ នូវ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី កិច្ចសហប្រតិបត្តិការ​ធនធានទឹក​ទន្លេ​ឡាន​ឆាង-មេគង្គ ហើយ​បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាក់ស្តែង​លើ​វិស័យ​ទប់ទល់​នឹង​ទឹកជំនន់ គ្រប់គ្រង​គ្រោះមហន្តរាយ និង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ជាដើម។

ក្នុងនាម​ជា​ប្រទេស ដែល​ស្ថិតនៅតាម​ផ្នែក​ខាងលើ នៃ​ទន្លេ​ឡាន​ឆាង-មេគង្គ ប្រទេស​ចិន ខិតខំ​យ៉ាង​ពេញទំហឹង ដើម្បី​ធានាឱ្យមាន​បរិមាណ​ទឹក​ហូរ សមរម្យ​ទៅ​ផ្នែក​ខាងក្រោម ហើយ​ចាក់​បង្ហូរទឹក​បន្ថែម​ជាបន្ទាន់ តាម​តម្រូវការ​របស់​ប្រទេស​ទន្លេមេគង្គ ។ ជាពិសេស តាំងពី​ឆ្នាំទៅ​រៀងមក ប្រទេស​ចិន​ចាប់ផ្តើម​ចែករំលែក​គ្នា អំពី​ព័ត៌មាន​ជល​សាស្ត្រ​ពេញ​មួយឆ្នាំ​នៃ​ទន្លេ​ឡាន​ឆាង ហើយ​បាន​បង្កើត​វេ​ប​សាយ​ជា​វេទិកា ចែករំលែក​អំពី​ព័ត៌មាន​សហប្រតិបត្តិកា​រ​ធនធានទឹក ទន្លេ​ឡាន​ឆាង-មេគង្គ ព្រមទាំង​ខិតខំ​យ៉ាងសកម្ម​ដើម្បី​ជួយ​ប្រទេស​នៅ ផ្នែក​ខាងក្រោម​ទន្លេ​ឡាន​ឆាង-មេគង្គ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត។

នៅ​ខែកុម្ភៈ​ឆ្នាំទៅ នៅពេល​ជំងឺ​កូ​វីដ-១៩ ផ្ទុះឡើង ខ្ញុំ និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រ ទេស​ទន្លេមេគង្គ​ទាំង៥ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី៥ ដែល​រៀបចំ​នៅ​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ តាម​ផែន​ការដែល​បានកំណត់ ។ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រ​ទេ សផ្សេងៗរួមគ្នា សម្តែង​នូវ​ការគាំទ្រ ចំពោះ​ប្រទេស​ចិន​ក្នុងការ​ប្រឆាំងនឹង​ជំងឺឆ្លង និង​បានផ្តល់​ការគាំទ្រ​ដ៏​ថ្លៃថ្លា ដល់​ភាគី​ចិន​នៅ​ខណៈពេល​ដ៏​សំខាន់​នេះ។

ប្រទេស​ទាំង៦បាន​ចាត់វិធានការ ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង។ ករណី​កើត​ជំងឺ​កូ​វីដ-១៩ និង​អត្រា​កើត​ជំងឺ​នៅ​តំបន់​ទន្លេ​ឡាន​ឆាង- មេគង្គ​មាន​កម្រិត​ទាប​ជាង​តំបន់​ដទៃទៀត​លើ​ពិភពលោក។ ប្រទេស​ទាំង ៦ ក៏បាន​រួមសហការ​គ្នា ក្នុងការ​ប្រឆាំងនឹង​បទល្មើស​ឆ្លងដែន​ដូចជា ភេរវកម្ម ល្បែងស៊ីសង​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ការបោក​បញ្ឆោត​តាម​ទូរស័ព្ទ ការជួញដូរ​មនុស្ស និង​អន្តោប្រវេសន៍​ខុសច្បាប់​ជាដើម ព្រមទាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ យ៉ាងសកម្ម​សម្រាប់​ការពារ និង​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្តល់​កិច្ចធានា​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា និង​ផ្តល់“ប្រាជ្ញា​ឡាន​ឆាង-មេគង្គ”សម្រាប់​កែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​ក្នុង​តំបន់ ។

ទី២ ការសម្រេច​សមិទ្ធផល​ត្រូវ​ឆ្លង​ការលំបាក​ដ៏​ច្រើន ចំណែក​បទពិសោធន៍​កាន់ តែមាន​តម្លៃ​ខ្ពស់

បើ​រំលឹក​ឡើងវិញ​នូវ​ដំណើរ​សហប្រតិបត្តិការ ក្នុង​រយៈពេល៥ឆ្នាំ​កន្លងទៅ យើង​តែងតែ​ចងចាំ​ឱ្យបាន​ច្បាស់​នូវ​បំណង​ដើម និង​ភារកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ភ្ជួរ​ដីស្រែ​ដែលមាន​វប្បធម៌​ស្រដៀង​គ្នា និង​មាន​ទំនាក់ទំនង​រាប់អាន​គ្នា ដាំ​ដុះ​ផ្កា​ដែល​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ប្រមូល​ផល​សន្តិភាព វិបុលភាព និង​សុភមង្គល​ប្រជាជន ដោយ​មិន​គ្រាន់តែ​បានផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន នៃ​បណ្តា​ប្រទេស​នានា​តាម​បណ្តោយ ទន្លេ​ឡាន​ឆាង-មេគង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្សល់​នូវ​បទពិសោធន៍ ដ៏​មានតម្លៃ​សម្រាប់​ការពង្រឹង កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ទៀតផង។

អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ជា​បន្ត​តាម​គោលនយោបាយ ដែល​រាប់អាន​ជាមួយ​អ្នកជិតខាង និង​រាប់អាន​គ្នា​ដូច​គ្រួសារ​តែមួយ ។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​ចាក់​ប្ញ​ស​យ៉ាង​ស៊ីជម្រៅ​ក្នុង​ចំណងមិត្តភាព​ប្រពៃណី។ ជា​រៀង​រហូតមក យើង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​ប្រទេស​មិន​ថា​តូចធំ ខ្លាំង​ខ្សោយ​ឬ​មាន​ក្រ សុទ្ធ​តែមាន​ភាពស្មើគ្នា ។

យើង​ត្រូវ​គិតពិចារណា​អំពី​គំនិត​របស់គេ ប្រកាន់ខ្ជាប់​នូវ​ការគាំទ្រ​ឱ្យ​ប្រទេស​នានា​ធ្វើដំណើរ​តាម​មាគ៌ា​អភិវឌ្ឍន៍ ដែល​សក្តិសម​នឹង​ស្ថានភាព​ជាក់ស្តែង​របស់ខ្លួន ហើយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “រឿង​ដែល​ខ្លួនឯង​មិ​ង​ចង់​ទទួល កុំទៅ​បង្ខំ​ឱ្យគេ​ទទួល” ។ យើង​រាប់អាន​គ្នា​ដោយ​សមភាព ជួយ​គ្នា​ទៅវិញទៅមក​ដោយមាន​ចិត្ត​ស្មោះ។ បើ​ជួបនឹង​រឿង​ពិបាក ត្រូវ​ពិគ្រោះ​ពិភាក្សា​ឱ្យបាន​ច្រើន មានរឿង​កើតឡើង​យើង​អាច​ពិភាក្សាគ្នា​បាន ។

យើង​ត្រូវ​ធ្វើតាម​គោលការណ៍ តែ​ក៏ត្រូវ​គិតពី​មិត្តភាព​រវាង​គ្នា​ដែរ ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រួម​សាមគ្គី​គ្នា និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព ដើម្បី​សម្រេចបាន​នូវ​សន្តិភាព ការ​រាប់អាន​គ្នា និង​សុខដុមរមនា ។ “ខ្លួនឯង​ចង់​ឈរ​ឡើង ក៏ត្រូវ​ជួយ​ឱ្យគេ​ឈរ​ឡើង ឯ​ខ្លួនឯង​ចង់​លូតលាស់ ក៏ត្រូវ​ជួយ​ឱ្យគេ​លូតលាស់​ដែរ” យើង​ត្រូវ​ធ្វើជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​បងប្អូន​ល្អជា​និច្ចកាល។

សម្រប​តាម​ការរំពឹងទុក ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​រួមគ្នា និង​ស្វែងរក​វិបុលភាព​រួម។ ក្នុង​អនុតំបន់​ទន្លេមេគង្គ​មាន​ប្រជាជន​ក្រីក្រ​ច្រើន មាន​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​មិន​គ្រប់គ្រាន់ ហើយ​ខ្វះ​ថវិកា​សម្រាប់​ការអភិវឌ្ឍន៍។ ដូច្នេះ​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​ក្នុងការ​អភិវឌ្ឍន៍ និង​ការស្វែងរក​វិបុលភាព​ក្នុង​តំបន់​នេះ។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បានចាត់ទុក​ការធ្វើ​កិច្ចសហប្រតិបត្តិការ និង​ការជំរុញ​ការអភិវឌ្ឍន៍​ជា​ភារកិច្ច​ចម្បង ហើយ​ខិតខំ​ធ្វើជា “ម៉ាស៊ីន​ឈូស​ដី” ដែល​ធ្វើ​ការងារ​ជាក់ស្តែង និង​ជួយ​បញ្ចេញ​សក្តានុពល​អភិវឌ្ឍន៍​នៃ​បណ្តា​ប្រទេស​នានា។

យើង​នឹង​ប្រើ​ល័ក្ខខ័ណ្ឌ​អំណោយផល ដែលមាន​ទីតាំង​ភូមិសាស្ត្រ​នៅជាប់​គ្នា និង​អាចបំពេញ​បន្ថែម​គ្នា​លើ​វិស័យ​ឧស្សាហកម្ម ជំរុញ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ ពង្រីក​យ៉ាងសកម្ម​នូវ​ការធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​ទៅវិញទៅមក កែសម្រួល​បណ្តាញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​តំបន់ ជំ​រុញឱ្យ​ប្រទេស​ទាំង៦ បង្កើតជា​និម្មាបនកម្ម​អភិវឌ្ឍន៍ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​គុណភាព​ខ្ពស់ និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ស្អិតល្មួត ព្រមទាំង​ជំរុញ​ការអភិវឌ្ឍន៍​រួមគ្នា ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត បង្កើន​កម្លាំងចលករ ផ្ទៃ​ក្នុងនៃ​កិច្ចសហប្រតិបត្តិការ រួមគ្នា​បំពេញភារកិច្ចផ្សេងៗ និង​ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា ។

បញ្ចេញ​ឧត្តមភាព​ទីតាំង​ភូមិសាស្ត្រ ដែល​មានការ​រាប់អាន​គ្នា និង​ស្រដៀង​គ្នា​លើ​វិស័យ​វប្បធម៌ ។ ប្រទេស​ទន្លេ​ឡាន​ឆាង -មេគង្គ មានការ​ភ្ជាប់​នឹង​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​វិស័យ​វប្បធម៌។ ប្រជាជន​នៃ​ប្រទេស​ទាំង ៦ បាន​រាប់អាន​គ្នា និង​ទៅមក​រកគ្នា​ដូច​ញាតិសន្តាន​អ៊ីចឹង។ នេះ​គឺជា​ឧត្តមភាព​ពិសេស​សម្រាប់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​យើងទាំងអស់គ្នា។

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង -មេគង្គ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​ចាត់ទុក​ប្រជាជន​ជា​គោល ផ្តល់​ផលប្រយោជន៍ និង​ការអនុគ្រោះ​ដល់​ប្រជាជន និង​ធ្វើឱ្យ​ប្រជាជន​ទទួលបាន​នូវ​ផលប្រយោជន៍​កាន់តែច្រើន និង​កាន់តែ​រាប់អាន​ជាមួយគ្នា។ តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ និង​ឈរលើ​ស្មារតី​អនុវត្ត​ការងារ​ជាក់ស្តែង​ដែល “ជាន់​លើ​ថ្ម​ឱ្យមាន​ស្នាម កាន់​ដែក​ឱ្យមាន​ស្នាម” បន្ត​បង្កើន​ការវិនិយោគ​លើ​វិស័យ​អប់រំ សុខាភិបាល កិច្ចការ​ស្ត្រី និង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម ខិតខំ​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង និង​ការតភ្ជាប់​មនោសញ្ចេតនា ដើម្បី​ជំរុញឱ្យមាន​អ្នកចូលរួម អ្នកទទួលផល​ប្រយោជន៍ និង​អ្នកគាំទ្រ​កាន់តែច្រើន សម្រាប់​ការអភិវឌ្ឍ​បុព្វហេតុ​មិត្តភាព និង​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ព្រមទាំង​ផ្តល់​កិច្ចធានា​ដ៏​រឹងមាំ​សម្រាប់​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ឈាន​ដំណើរ​ទៅមុខ​ឥតឈប់ឈរ

សម្រប​ទៅតាម​និន្នាការ​អភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ ដែល​ត​ភ្ជាប់​គ្នា​ដោយ​បើកចំហ និង​អភិវឌ្ឍន៍​ដោយ​សម្របសម្រួល​គ្នា។ ប្រឈម​នឹង​ជំនោរ​នៃ​ការប្រឆាំង​សាកលភាវូបនីយកម្ម និង​ជំនោរ​ឯកតោភាគី​និយម ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ​ទាំង ៦ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែលជា​គោលដៅ​ដ៏​ត្រឹមត្រូវ ខិតខំ​បង្កើត​គំរូ​ដ៏​ជោគជ័យ​នៃ​ការកសាង “ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ”ដោយមាន​គុណភាព​ខ្ពស់។

យើង​នឹង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បំពេញបន្ថែម​គ្នា និង​ជំរុញ​គ្នា​ទៅវិញទៅមក ជាមួយ​យន្តការ​ពាក់ព័ន្ធផ្សេងៗដូចជា យន្តការ​តំបន់​ទន្លេ៣ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មហា​អនុតំបន់​ទន្លេមេគង្គ និង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ​ជាដើម រួមគ្នា​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន និង​បង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន-អាស៊ាន ។

ទី៣ យុគ​សម័យថ្មី​អំពាវនាវ​ឱ្យមាន​សមិទ្ធផល​ថ្មី

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ជា​គំរូ​មួយ​នៃ​គោលនយោបាយ​ការទូត​របស់​ប្រទេស​ចិន ដែល​អនុវត្តតាម​ស្មារតី​ទំនាក់ទំនង​ការទូត​របស់​ឯកឧត្តម​ស៊ី ជីន​ភីង ធ្វើការ​ច្នៃប្រឌិត និង​បោះជំហាន​ទៅមុខ​យ៉ាង​ក្លៀវក្លា។

ប្រឈម​នឹង​ជំងឺឆ្លង​ដែល​ផ្ទុះឡើង​នៅ​សតវត្សរ៍​ថ្មី និង​ការផ្លាស់ប្តូរ​នៃ​ស្ថានការណ៍​ពិភពលោក កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង- មេគង្គ ត្រូវតែ​ដើរតួនាទី​នាំមុខគេ បង្ហាញ​ពី​ស្មារតី​ទំនួល​ខុសត្រូវ នាំ​ផ្លូវ​អភិវឌ្ឍន៍ ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​កសាង​អនាគត​កាន់តែ​ភ្លឺស្វាង ជូន​ចំពោះ​ប្រជាជន​ដែល​រស់នៅក្នុង​អនុតំបន់។

បន្ត​ដឹកនាំ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង។ សព្វថ្ងៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​មិនទាន់​បញ្ចប់​ទេ ដូច្នេះ​ការប្រឆាំង​នឹង​ជំងឺឆ្លង និង​សង្គ្រោះ​ជីវិត​នៅតែ​ជា​ភារកិច្ច​សំខាន់​ជាងគេ ដែលមាន​តួនាទី​សំខាន់​ជាងអ្វីៗទាំងអស់។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ត្រូវ​បង្កើតជា​គំរូ​ថ្មី សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លើ​ពិភពលោក ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សហគមន៍​សុខាភិបាល និង​សុខភាព​មនុស្សជាតិ។

យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដែល​មិនអាច​បន្ធូរ​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​អំពី​វ៉ាក់សាំង​កូ​វីដ-១៩ ដើម្បី​ជំរុញ​ឱ្យ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺឆ្លង​ទទួលបាន​ជោគជ័យ។ យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់ លើ​ការប្រកួតប្រជែង​នាពេលខាងមុខ ហើយ​ចាត់ទុក​កិច្ចសហប្រតិបត្តិការ សុខាភិបាល​សាធារណៈ​ជា​ទិសដៅ​សំខាន់​មួយ នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ប្រើប្រាស់​ឱ្យបាន​ល្អប្រសើរ​នូវ​មូលនិធិ ពិសេស​អំពី​សុខាភិបាល​សាធារណៈ​ឡាន​ឆាង-មេគង្គ គាំទ្រ​ឱ្យ​អនុវត្ត​គម្រោង​អំពី​បច្ចេកទេស តាមដាន​ការ​រាតត្បាត​នៃ​ជំងឺឆ្លង គម្រោង​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ឆ្លងដែន និង​គម្រោង​ពេទ្យ​ប្រពៃណី​ជាដើម ព្រមទាំង​ជំរុញ​ការពង្រឹង​សមត្ថភាព​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​ទាំង៦ ។

ខិតខំ​ផ្សព្វផ្សាយ​ពី​ស្មារតី​ភាពជា​ដៃគូ

អនុតំបន់​គឺជា​ស្រុកកំណើត​រួម​របស់​យើងទាំងអស់គ្នា។ ខណៈពេល​ស្ថានការណ៍​អន្តរជាតិ កាន់​តែមាន​ភាពស្មុគស្មាញ ប្រទេស​ទាំង៦ កាន់តែ​ត្រូវ​ព​ន្លឿ​ន​ការកសាង​សហគមន៍ វាសនា​រួម​ប្រទេស​ទន្លេ​ឡាន​ឆាង-មេគង្គ ដើម្បី​ដើរ​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព។

យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បង្កើន​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ អភិបាលកិច្ច ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ពហុ​វិស័យ បង្កើត​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​មិនមែន​ប្រពៃណី និង​ចំណុច​កំណើន​ថ្មីផ្សេងៗទៀត។ ធនធានទឹក​នៃ​ទន្លេ​ឡាន​ឆាង-មេគង្គ​ជា​ចំណង​ដ៏​សំខាន់ សម្រាប់​ត​ភ្ជាប់​ប្រទេស​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ទន្លេ។

យើង​ត្រូវគោរព​សិទ្ធិ​ស្របច្បាប់ របស់​ប្រទេសផ្សេងៗក្នុងការ​អភិវឌ្ឍ និង​ប្រើប្រាស់​ធនធានទឹក ជឿទុកចិត្ត​លើ​គ្នា យោគយល់​គ្នា គាំទ្រ​គ្នា​ទៅវិញទៅមក គិតពិចារណា​អំពី​បញ្ហា​ដែល​យកចិត្តទុកដាក់​ដោយ​គូភាគី រួមគ្នា​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ជាទូទៅ និង​សមត្ថភាព​គ្រប់គ្រង​ធនធានទឹក ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ទន្លេ ។

បន្ត​ជំរុញ​ការអភិវឌ្ឍន៍​រួមគ្នា

ការជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើ​ពាណិជ្ជកម្ម​យ៉ាង​រលូន មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អនុតំបន់។ យើង​ត្រូវ​ជំរុញ​ឱ្យ“កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ”ឱ្យ​ចាប់​មាន​សុពលភាព ក្នុងពេល​យ៉ាង​ឆាប់ បង្កើន​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​ការតភ្ជាប់​គ្នា ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​ខ្សែ​រថភ្លើង​ចិន-ឡាវ និង​ចិន-ថៃ​ជាដើម។

កំណត់​មធ្យោបាយ​ជាក់ស្តែង សម្រាប់​ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ “ច្រក​ពាណិជ្ជកម្ម​ដីគោក និង​សមុទ្រ​អន្តរជាតិ​ថ្មី” បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​តំបន់​ព្រំដែន ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងដែន និង​តំបន់ឧស្សាហកម្ម រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច តាម​តំបន់​ទន្លេ​ឡាន​ឆាង-មេគង្គ។ យើង​ត្រូវ​ឆ្លើយតប​នឹង​ការប្រែប្រួល​ដោយមាន​ភាពម្ចាស់ការ ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ បំផុស​កម្លាំងចលករ សម្រាប់​ការអភិវឌ្ឍន៍​តាមរយៈ​ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​បដិវត្តន៍​ឌី​ជី​ថ​លូ​ប​នីយកម្ម ។

ខិតខំ​យ៉ាង​ពេញទំហឹង​ដើម្បី​ការពារ​សុភមង្គល​របស់​ប្រជាជន

យើង​ត្រូវ​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ចសហប្រតិបត្តិការ​អំពី​ជីវភាព​រស់នៅ​ប្រជាជន អនុវត្ត​គម្រោង​ពាក់ព័ន្ធ​ដែល​ទាក់ទិន ទៅនឹង​ការរស់នៅ​របស់​ប្រជាជន ដូចជា គម្រោង​កសិកម្ម និង​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម ព​ន្លឿ​ន​ការអនុវត្ត“យុទ្ធសាស្ត្រ​អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​ឡាន​ឆាង-មេគង្គ” ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការកែលម្អ​បរិស្ថាន​ខ្យល់អាកាស និង​ថែរក្សា​ជីវចម្រុះ​ជាដើម។

យើង​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ ទេសចរណ៍ និង​យុវជន​ជាដើម ខិតខំ​យ៉ាង​ពេញទំហឹង ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​មូល​ដ្ឋា​ន លើកទឹកចិត្ត​ឱ្យ​សមាគម សហគ្រាស និង​ធនធាន​សង្គម​ស៊ីវិល​មាន​ភាព​សកម្ម ជំរុញ​ការកសាង​សហព័ន្ធ​អាជីវកម្ម និង​បង្កើន​កម្លាំងចលករ​ផ្ទៃ ក្នុង​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ។

ទឹកដី​នៅជាប់​នឹង​គ្នា រួមគ្នា​ពុះពារ​ឧបសគ្គ

ឆ្នាំនេះ​ជា​ខួប​លើក​ទី១០០ ឆ្នាំ​នៃ​ការបង្កើត​គណ​បក្សកុម្មុយនិស្ត​ចិន ។ នៅ​ដើមខែ​នេះ “ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​រយៈពេល៥ ឆ្នាំ​ទី១៤ និង​គោល​លំនាំ​ទស្សនទាន​ប្រចាំឆ្នាំ២០៣៥ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន” ត្រូវបាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​លើក​ទី៤ នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី១៣ ។ ប្រទេស​ចិន​បាន​ចាប់ដំណើរការ​ថ្មី អំពី​ការកសាង​ប្រទេស​សង្គមនិយម ទំនើបភាវូបនីយកម្ម​គ្រប់​ជ្រុងជ្រោយ ព​ន្លឿ​ន​ការកសាង​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី ដែល​ចាត់ទុក​ការ​វិលជុំ​ក្នុងស្រុក​ជា​ចំណុច​ស្នូល ការ​វិលជុំ​ក្នុង​និង​ក្រៅប្រទេស​ជំរុញ​គ្នា។

នេះ​ជា​ដំណាក់កាល​ថ្មី នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន ហើយក៏​ជា​កាលានុវត្តន៍​ភាព​ថ្មី សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​ដែរ ។ យើង​នឹង​រួម​សហការគ្នាជាមួយ​ប្រទេស​ទន្លេមេគង្គផ្សេងៗ បើកក្តោង​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​តំបន់​ទន្លេ​ឡាន​ឆាង -មេគង្គ ដែល​កាន់​តែមាន​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​សុភមង្គល ព្រមទាំង​រួមវិភាគទាន​ថ្មី​ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​មនុស្សជាតិ៕ដោយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី

Most Popular

To Top