ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី បន្ថែមចំនួន៤ ដែលមានសារសំខាន់ និងភាពចាំបាច់ ក្នុងការជួយជ្រោមជ្រែង និងពង្រឹងសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិសេដ្ឋកិច្ចពិភពលោក តាមរយៈការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោកប្រាក់ សុខុន បានលើកឡើង កាលពីពេលថ្មីៗនេះថា ក្រសួងការបរទេសបានប្តេជ្ញារៀបចំ តាក់តែងនូវយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ច ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាព ការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែក លើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
លោកបញ្ជាក់ថា“យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួងបាន សម្រេចដាក់ចេញ និងចាប់អនុវត្តគឺផ្តោតទៅគោលដៅ ចំនួន៤ធំៗ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញឱ្យមាន ការផ្លាស់ប្តូរវប្បធម៌”។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្រ្ត ខាងលើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការ ដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ ពីបរទេស ជំរុញឱ្យមានកំណើន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរ នៅក្រៅប្រទេស។ បន្ថែមពីនេះនៅមានការ អភិវឌ្ឍធនធាន អ្នកការទូតជំនាន់ថ្មី ប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ”។
លោកបានបន្តឱ្យដឹងថា នៅក្នុងការរៀបចំអនុវត្តយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ចនេះ ក្រសួងការបរទេស ពុំមានភារកិច្ចដើរតួនាទីជំនួសឱ្យក្រសួងស្ថាប័នជំនាញ ដែលកំពុងអនុវត្ត ការងារនេះស្រាប់នោះទេ ប៉ុន្តែដើម្បីធានាអនុវត្តសម្រេច ដោយជោគជ័យនូវយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ចនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរ ជាចាំបាច់៕
ប្រភព៖ propertyarea.asia