សេដ្ឋកិច្ច​

ដីចំនួន៧ប្រភេទ​ ដែលអ្នកមិនគួរវិនិយោគ ដើម្បីស្វែង រកផលចំណេញ

ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាព ពេញនិយមជាងគេ នៅក្នុងចំណោម ផ្នែកទាំងអស់ នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លី ទទួលបានផលចំណេ​ញខ្ពស់ ពីការវិនិយោគ។

ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាច វិនិយោគ ទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគ ឬធ្វើឲ្យជាប់គាំង សាច់ប្រាក់ ក្នុងការវិនិយោគ ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ដោយចែករំលែកនូវចំណេះដឹងរបស់ខ្លួន មួយចំនួនប្រាប់គេហទំព័រPropertyarea.asiaនាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា មានដីចំនួន៦ប្រភេទ ដែលអ្នកវិនិយោគគួរមានការប្រុងប្រយ័ត្នដូចជា៖

ដីគ្មានប្លង់ច្បាស់លាស់

ដោយសារកម្ពុជាឆ្លងកាត់របបជាច្រើន បានធ្វើឲ្យប័ណ្ណកម្មសិទ្ឋដីធ្លីផ្លាស់ប្តូរជាញឹកញាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងយល់ ពិសេសគឺការចេញប្លង់កម្មសិទ្ឋដោយអាជ្ញាធរមួយចំនួន ដែលបានចេញប្លង់ដីជាន់លើគ្នា ដើម្បីបានផលប្រយោជន៍ ហើយអ្នកមានបញ្ហាជាប្រជាពលរដ្ឋ។

បញ្ហានេះបានកើតមានរួចហើយនៅតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជា ព្រះសីហនុ(ប៉ុន្មាន​ឆ្នាំមុន) ខេត្តមណ្ឌលគិរី ដែលបន្ទាប់ពីរដ្ឋាភិបាល ប្រកាសសាងសង់ព្រលានយន្តហោះថ្មី បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានទៅវិនិយោគដីធ្លីនៅទីនោះ ហើយមានអ្នកវិនិយោគខ្លះក៏បាត់ដី បាត់បង់លុយ ខាតបង់ពេលវេលា ដោយសារជាប់ក្នុងជម្លោះដីធ្លី ព្រោះបញ្ហាប័ណ្ណកម្មសិទ្ឋត្រួតលើគ្នា។

ដីគ្មានផ្លូវ

មានអ្នកវិនិយោគមួយចំនួន បានប្រថុយនឹងហានិភ័យ ដោយហ៊ានវិនិយោគលើដីស្រែ ដីទំនាប និងដីព្រៃ ដែលគ្មានប្លង់ឬគ្មានផ្លូវច្បាស់លាស់ ដោយពួកគេរំពឹងថា ដីបែបនេះនឹងទទួលបានតម្លៃល្អ នៅពេលអ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគណាមួយ ត្រូវការទិញដីនៅក្នុងតំបន់របស់ខ្លួន។

ប៉ុន្តែការវិនិយោគបែបនេះ ប្រឈមហានិភ័យច្រើនណាស់ ដូចជា គាំងសាច់ប្រាក់ លក់មិនចេញ ត្រូវអ្នកវិនិយោគធំៗបង្អាប់តម្លៃ និងអាចត្រូវអ្នកវិនិយោគធំៗ មួយចំនួនធ្វើរបងព័ទ្ឋ ប្រសិនជាម្ចាស់ដី ទាមទារតម្លៃខ្ពស់ពេក។

ដីមានរាងមិនសមស្រប

រូបរាងដីមានសារៈសំខាន់ណាស់ សម្រាប់យកមក ប្រើប្រាស់ធ្វើការសាងសង់ ឬអភិវឌ្ឍន៍អ្វីមួយ ពិសេសប្រសិនជាអ្នកទិញ ដើម្បីរកផលចំណេញ អ្នកវិនិយោគរូបនោះប្រឈម នឹងការលក់មិនចេញ ឬពិបាកលក់ និងមិនទទួលបានផលចំណេញ ច្រើននោះទេ បើសិនជាដីនោះមានរូបរាងមិនសមស្រប ក្រវ៉ិចក្រវៀន មិនមានរាងរៅច្បាស់លាស់ ។

ដីទំនាស់

អ្នកហ៊ានវិនិយោគ ដីប្រភេទនេះ ទាល់តែហ៊ានទទួលយក ហានិភ័យជាមុន ប៉ុន្តែអ្នកដែលមិនហ៊ាន ទទួលយកហានិភ័យ មិនគួរវិនិយោគលើដី ប្រភេទនេះនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ក្នុងជម្លោះ និងខាតបង់ពេលវេលា និងលុយកាក់ផងដែរ។

អ្នកហ៊ានវិនិយោគដីប្រភេទនេះ ច្រើនជាមន្រ្តីតុលាការ និងមេធាវីដែលពួកគេបានសិក្សា ទិដ្ឋភាពច្បាប់បានច្បាស់លាស់រួច ទើបពួកគេហ៊ានវិនិយោគ ហើយដីបែបនេះក៏ផ្តល់ ផលចំណេញខ្ពស់ផងដែរ។

ដីដែលឆ្ងាយដាច់ស្រយាល
តាមធម្មតាដីធ្លីឡើងថ្លៃខ្ពស់ មានតែនៅតំបន់ស្ថិតក្នុងផែនការ អភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងដីដែលមានមនុស្សរស់នៅច្រើន។ ផ្ទុយទៅវិញដីនៅតំបន់ដាច់ស្រយាល ដីដែលគ្មានមនុស្សរស់នៅ ជាដីដែលមិនសូវមានតម្លៃ និងមិនងាយឡើងថ្លៃនោះទេ។

ដីនៅកៀក និងចំផ្លូវរត់របស់យន្តហោះ

នៅកៀកព្រលានយន្តហោះពេក ពិសេសដីស្ថិតនៅចំផ្លូវរត់ឡើង និងរត់ចុះរបស់យន្តហោះ ពិតជាដីដែលមិនត្រូវវិនិយោគនោះទេ ដោយសារដីប្រភេទនេះពិបាកក្នុងការលក់ចេញ ពិបាកសាងសង់ និងពិបាក ក្នុងការរស់នៅ ព្រោះបើអ្នកវិនិយោគ ឬទិគដីប្រភេទនេះដើម្បីសាងសង់ លំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មអ្វីមួយ គឺអ្នកនឹងរងការរំខានពីសម្លេង​ យន្តហោះជាប់ជាប្រចាំ។

ហេតុនេះអ្នកវិនិយោគដីធ្លី នៅក្បែរព្រលាន យន្តហោះត្រូវប្រុងប្រយ័ត្ន និងសិក្សាឲ្យបានម៉ត់ចត់បំផុត លើទីតាំងដី ដែលខ្លួនវិនិយោគនៅក្បែរ ព្រលានយន្តហោះ។

ដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ

អ្នកវិនិយោគដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម និងអ្នកមិនសូវមានចំណេះដឹងច្បាស់លាស់។ ហេតុនេះអ្នកវិនិយោគដីឡូត៍ មិនគួររំពឹងពីផលចំណេញនោះទេ ព្រោះក្រុមហ៊ុនពុះដីឡូត៍លក់ភាគច្រើន បានយកផលចំណេញពីដីធ្លីនោះស្ទើរអស់ទៅហើយ។

ជាពិសេសអ្នកទិញដីឡូត៍តូចៗ មិនគួរទិញដីដែលគ្មានផ្លូវ គ្មានប្រព័ន្ឋលូត្រឹមត្រូវ និងគ្មានបណ្តាញទឹក និងអគ្គិសនីនោះទេ៕

Most Popular

To Top