សេដ្ឋកិច្ច​

ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្មគ្រោងពង្រីកឥណទាន រហូតដល់ ៣០០លានដុល្លារ

ភ្នំពេញៈ ខណៈវិស័យកសិកម្មកម្ពុជា កំពុងតែដើរនាទីសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចគ្រាដែលកូវីដ១៩នៅតែបន្តរាលដាលក្នុងប្រទេស ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើរដ្ឋាភិបាលបន្តទម្លាក់ថវិកាបន្ថែមទៀត ដើម្បីផ្ដល់កម្ចីដល់វិស័យនេះ សម្រាប់អភិវឌ្ឍន៍ទៅមុខបន្ត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី ៣១ ឧសភា ២០២១កន្លងមកនេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា នៅឆ្នាំ២០២១នេះ ធនាគារអាចនឹងមានការស្នើសុំកញ្ចប់មូលនិធិបន្ថែម ពីរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ត្រូវស្នើសុំនូវទំហំទឹកប្រាក់ប៉ុន្មាននោះដែរ ប៉ុន្តែបើគិតពីទំហំតម្រូវដែលនឹងត្រូវការបន្តទៀតនោះ ក្នុងរង្វង់ទឹកប្រាក់៥៥លានដុល្លារ ដើម្បីចូលរួមបង្កើនការផ្តល់ឥណទាន ឲ្យដល់៣០០លានដុល្លារ សម្រាប់ជាទិសដៅឆ្នាំ២០២១។

លោកបន្តថា “ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅតែរក្សាបន្តការជំរុញអភិវ ឌ្ឍន៍វិស័យកសិកម្មដោយឈរលើកត្តាសំខាន់ៗ ដូចឆ្នាំ២០២០ ដូចជា ជំរុញការដាំដុះ បន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ដើម្បីធ្វើយ៉ាងឱ្យមានស្ថិរភាព និងសុវត្ថិភាពស្បៀងនៅកម្ពុជា ដោយឈានទៅរកការកាត់បន្ថយការនាំចូល”។

ដោយឡែក កញ្ចប់ឥណទានពិសេស ដែលរាជរដ្ឋាភិបាលផ្តល់ទាំងប៉ុន្មាននៅពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ចេញឲ្យប្រជាកសិករ និងអ្នករកស៊ីនៅក្នុងវិស័យកសិកម្មនេះរួចអស់ហើយ គិតមកដល់បំណាច់ឆ្នាំ២០២០ ប៉ុន្តែចំពោះឆ្នាំ២០២១នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានគម្រោងស្នើសុំកញ្ចប់មូលនិធិកម្ចីបន្ថែម ដើម្បីជួយទ្រទ្រង់ដល់វិស័យកសិកម្មនេះបន្តទៀត។

គិតមកដល់ពេលនេះ ទំហំមូលនិធិកម្ចី ដែលរដ្ឋាភិបាលផ្តល់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ទ្រទ្រង់ដល់វិស័យកសិកម្ម ប្រមាណ៤៥លានដុល្លារ ពេលនេះត្រូវបានបញ្ចេញអស់ហើយ។ ក្រោយពីមានការផ្តល់កញ្ចប់ឥណទានឃើញថា វិស័យកសិកម្ម មានការរីកចម្រើនខ្លាំងគួឱ្យកត់សម្គាល់ ទៅលើការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដូចជា ការចិញ្ចឹមត្រីជាដើម គឺមានកំណើននៃការចិញ្ចឹមខ្ពស់ធៀបនឹងវិស័យដទៃទៀត ។

ក្នុងរយៈពេលជិត៥ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង៤លានតោន ក្នុងនោះមានអង្ករ ផ្លែឈើ ស្រូវ និងផលិតផលជាច្រើនទៀត ដែលអាចឱ្យកម្ពុជាទទួលបានចំណូលត្រលប់មកវិញ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ៕ប្រភព៖propertyarea

Most Popular

To Top