ភ្នំពេញៈ ឆ្លងកាត់ច្រើនសម័យកាល ឆ្លងកាត់ការពង្រីកជាច្រើនលើក ព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុមានវិវត្តន៍ខ្លួន មកកាន់ស្តង់ដាអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ។
បច្ចុប្បន្នព្រលានយន្តហោះនេះ មានទំហំ4E ដែលអាចទទួលការ ចុះចតយន្តហោះឆ្លងទ្វីបបាន។
តើព្រលានយន្តហោះនេះ មានប្រវត្តិបែបណា? តាមពិតព្រលានយន្តហោះនេះ បានបើកដំណើរការលើកដំបូង នៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៩៥ (លើកលែងជំនាន់ របបប្រល័យពូជសាសន៍ប៉ុលពត) ដែលមានឈ្មោះថា អាកាសយានដ្ឋាន រាមឬកងកេង ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចម្ងាយជាង២០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។
គម្រោងផែនការលើផ្ទៃដីជាង១២០ហិកតា ដែលមានកម្រិតប្រតិបត្ដិការ ជាមូលដ្ឋានលំដាប់ថ្នាក់ស៊ីស្រ៊ី C3 ត្រូវបានបើកសម្ពោធ ឲ្យដំណើរការនៅឆ្នាំ១៩៦៣ ។ ចន្លោះឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរការគ្រប់គ្រង ឱ្យទៅក្រុមហ៊ុនអារីស្ដុន នៅឆ្នាំ១៩៩៥ វាត្រូវបានប្ដូរឈ្មោះទៅជា អាកាសយាន្ដដ្ឋានអន្ដរជាតិ ក្រុងព្រះសីហនុ តម្លើងកម្រិតប្រតិបត្ដិការ ទៅជាអន្ដរជាតិ លំដាប់ថ្នាក់ហ្វ័រស៊ី 4C។
រហូតមកដល់ការសព្វថ្ងៃនេះ ព្រលានយន្តហោះនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន អន្ដរជាតិ ដែលហៅកាត់ថា (SSCA) ចាប់ពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ននេះ ត្រូវបានប្ដូរឈ្មោះទៅជា អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ៕ propertyarea