ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។
ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand ប្រកាសកាលពីថ្ងៃច័ន្ទ ទី១៤ មិថុនា ថា ខ្លួនបានផ្ដល់ឥណទានបៃតងចំនួន៦៧៥លានបាត (ប្រមាណ២២លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោង Homa Phuket Town ដែលជាគម្រោងអាផាតម៉ិនជួលក្នុងតម្លៃធូរថ្លៃ និងមិនប៉ះពាល់ដល់បរិស្ថាននៅភូកេត ប្រទេសថៃ។
ធនាគារ UOB Thailand បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅរយៈពេល៥ឆ្នាំក្រោយ ក្រុមហ៊ុន ACRE មានគោលដៅវិនិយោគក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារដើម្បីអភិវឌ្ឍគម្រោង Homa ចំនួន៦នៅក្នុងប្រទេសថៃ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋានរួមរបស់ថៃ Noon Capital។ ក្រុមហ៊ុននេះក៏មានគម្រោងណែនាំម៉ាកយីហោនេះទៅកាន់ទីផ្សារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
លោក Blake Olafson នាយកគ្រប់គ្រងគម្រោង Acre and Homa បានលើកឡើងថា ការវិនិយោគអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនេះគឺជាខន់សិប (គំនិត) ថ្មីដែលក្រុមហ៊ុន ACRE កំពុងណែនាំទៅកាន់ទីផ្សារប្រទេសថៃ។
បង្កើតឡើងក្នុងឆ្នាំ២០១១ ACRE គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអចលនទ្រព្យមួយដែលគ្រប់គ្រងមូលធនសម្រាប់វិនិយោគិនជាស្ថាប័ន និងជាបុគ្គលតាមរយៈការវិនិយោគ និងមូលនិធិបំណុល។ គេហទំព័ររបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុននេះមានទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងលើសពី ១,៨ពាន់លានដុល្លារអាមេរិក ដោយមានការិយាល័យនៅប្រទេសសិង្ហបុរី ក្រុងអាត្លង់តា និងក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕ប្រភព៖propertyarea