សេដ្ឋកិច្ច​

មកស្គាល់អគារខ្ពស់ ជាងគេបំផុត នៅតំបន់អាស៊ាន កម្ពស់ ៨០០ម៉ែត្រជាង វ៉ាដាច់អគារ ភ្លោះនៅ ម៉ាឡេស៊ី

Landmark 81 ជាអាគារខ្ពស់កប់ពពក មានទីតាំងនៅក្រុងហូជីមិញ ប្រទេសវៀតណាម ។ អគារនេះជាអគារដែលខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ គម្រោងនៃការសាងសង់អគារនេះ ត្រូវបានវិនិយោគ ដោយក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនសាជីវកម្ម និងអចលនទ្រព្យធំជាងគេ របស់ប្រទេសវៀតណាម។ Landmark 81 គឺ ជាអាគារខ្ពស់ជាងគេ នៅវៀតណាម និងខ្ពស់ជាងគេ នៅអាស៊ីអាគ្នេយ៍ ដោយចំណាត់ថ្នាក់នៅលើពិភពលោក គឺជាអគារខ្ពស់ជាងគេលំដាប់ទី ១៥ ។

អគារ Landmark 81 មានកម្ពស់ ៨១១,១៥ ម៉ែត្រ និង៨១ ជាន់ ត្រូវបានសាងសង់នៅលើច្រាំង ខាងលិចនៃទន្លេសាយហ្គន ក្នុងស្រុកប៊ីនថាញ់ ដែលមានទីតាំងស្ថិតនៅភាគខាងជើង នៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រទីក្រុងហូជីមិញ និងនៅខាងត្បូងស្ពានសាយហ្គន ។ អគារខ្ពស់កប់ពពកនេះ គឺជាបេះដូងនៃតំបន់ទីប្រជុំជន ដែលមានឈ្មោះថា Vinhomes Central Park ។ ហេដ្ឋរចនាសម្ព័ន្ធរួម នៅក្នុងអគារ មានសណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥, កន្លែងលក់ទំនិញដ៏សម្បូរបែប, ភោជនីយដ្ឋាន, បារលំដាប់ខ្ពស់, កន្លែងធ្វើការ និងកន្លែងមើលទេសភាព ដែលអាចមើលឃើញ ទិដ្ឋភាពទីក្រុង ហូជីមិញទាំងមូល។

ពិធីបើកការដ្ឋានសាងសង់អគារ Landmark 81 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤កន្លងទៅ។ ដោយនៅក្នុងខែតុលា ឆ្នាំ ២០១៧ ការសាងសង់បានបញ្ចប់ជាន់ទី ៦៩ និងនៅត្រឹមខែមករា ឆ្នាំ ២០១៨ សំណង់បានបញ្ចប់ នៅគ្រប់ជាន់ទាំងអស់ ដោយនៅតែផ្នែកខាងលើ ដែលនៅសល់ប៉ុណ្ណោះ។ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨ ផ្នែកចុងក្រោយនៃអគារនេះ ត្រូវបានសាងសង់បញ្ចប់។ អគារដែលខ្ពស់ជាងគេនៅក្នុង តំបន់អាស៊ាននេះ បានបើកជាផ្លូវការនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃក្រុមហ៊ុន Vingroup ។

អគារកម្ពស់ ៨១ជាន់នេះ ត្រូវបានរចនាម៉ូតសម្រាប់សាងសង់ដោយក្រុមហ៊ុន រចនាម៉ូតដ៏ល្បីល្បាញ របស់អង់គ្លេស Atkins។ ក្រុមហ៊ុនរចនាម៉ូតរបស់ អង់គ្លេសមួយនេះក៏ធ្លាប់បានរចនាម៉ូត នៃអគារដ៏ខខ្ពស់ស្កឹមស្កៃនិងល្បីល្បាញ របស់អារ៉ាប់ផងដែរ គឺ អគារ Burj Al Arab។ អគារដែលជាបេះដូង នៃទីក្រុងហូជីមិញ ចំណាយថវិកា ក្នុងការសាងសង់អស់ប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ដែលមានសរុបទាំងអស់ ៨១ជាន់ និង ផ្នែកខាងលើបំផុតមានបំពាក់អង់តែន សម្រាប់គ្របដណ្តប់ការផ្សាយ របស់ទូរទស្សន៍ទៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងក្រុង។ ជាន់ទី ៧៩ នៃអគារ Landmark 81 មានកន្លែងអង្គុយហូបកាហ្វេ និង ជាន់ទី ៨១ ហៅថា SkyTouch ភ្ញៀវអាចទស្សនាគយគន់ទិដ្ឋភាពទាំងមូល នៃទីក្រុង ហូជីមិញ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ដោយគេគិតថ្លៃសំបុត្រប្រហែល ១៧ដុល្លារ សម្រាប់កុមារ និង ៣៥ដុល្លារ សម្រាប់មនុស្សពេញវ័យ៕ sabay

Most Popular

To Top