សេដ្ឋកិច្ច​

កម្ពុជា ឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគ ច្រើនបំផុត ពីវៀតណាម

ភ្នំពេញៈ កម្ពុជាឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគច្រើនបំផុតពីវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA ដែលដកស្រង់ទិន្នន័យចេញពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន១៥ បានទទួលការវិនិយោគពីប្រ​ទេសវៀតណាមរយៈ៥ខែ គិតពីខែមករាដល់ខែឧសភា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកជាប្រទេសទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេ ពីវៀតណាមចំនួន៣០៣លានដុល្លារ ស្មើនឹង៥៥,៤% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។

បន្ទាប់មក ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលទទួលបានទុនវិនិយោគប្រមាណ៨៩,១លានដុល្លារ ឬ១៦,៣% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។ ជាមួយគ្នានេះដែរ វៀតណាមបោះទុនវិនិយោគប្រមាណ៣២,១លានដុល្លារ នៅកាណាដា និង៣២លានដុល្លារនៅបារាំង។

ការវិនិយោគនៅប្រទេសរបស់វៀតណាម ភាគច្រើនត្រូវបានចាក់ចូលក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលស្មើនឹង៤៩.៥% នៃចំនួនទុនសរុប វិស័យលក់ដុំ និងលក់រាយមានប្រមាណ២៧% ហើយបន្ទាប់ពីវិស័យកសិកម្ម និងសេវាកម្មផ្សេងៗ។

ក្រុមហ៊ុនវៀតណាមជាច្រើន បានបង្កើនការវិនិយោគក្រៅប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជំរុញការវិនិយោគរបស់ខ្លួនលើពិភពលោក។

គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វៀតណាមមានគម្រោងចំនួន១.០២២ដែលមានសុពលភាពនៅក្រៅប្រទេស ក្រោមទុនវិនិយោគសរុបជិត២២ពាន់លានដុល្លារ ផ្តោតភាគច្រើនផ្តោតលើវិស័យរ៉ែ ដែលរួមចំណែក៣៦,៤% នៃទុនវិនិយោគសរុប ខណៈកសិផល-នេសាទមាន ១៥,៣ភាគរយ៕

Most Popular

To Top