សេដ្ឋកិច្ច​

តើក្រុមហ៊ុន អចលនទ្រព្យ ធំបំផុតទាំង១០ក្នុងពិភពលោក ប្រចាំឆ្នាំ២០២១ ស្ថិតនៅប្រទេសណាខ្លះ និងមានលុយច្រើន កម្រិតណា?

អន្តរជាតិៈ ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងពិភពលោក មានស្ថានភាពប្រសើរឡើងវិញហើយ នៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលវិបត្តិឆ្លងរាលដាលវិបត្តិកូវីដ-១៩ ហាក់ថមថយទៅវិញបន្តិច។

ស្របពេលនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយអំពីក្រុមហ៊ុនអចលនទ្រព្យធំបំផុ​តទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដែលសុទ្ធតែទទួលបានកំណើនប្រាក់ចំណូ​លធៀបនឹងឆ្នាំកន្លងទៅ។

នេះជាឆ្នាំទី៤ ជាប់ៗគ្នាហើយដែលក្រុមហ៊ុន Brookfield Asset Management រក្សាបានដំណែង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននៃប្រទេសកាណាដា មួយនេះមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរួមមានសំណង់ការិយាល័យ សំណង់លំនៅដ្ឋាន និងកន្លែងជួលបើកអាជីវកម្មសរុបជាផ្ទៃក្រឡាជាង ៣៧លានម៉ែត្រការ៉េ។

ក្រៅពីវិស័យសំណង់ ក្រុមហ៊ុនយក្សមួយនេះ ក៏វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Brookfield Asset Management ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត ដោយសារក្រុមហ៊ុននេះ បានសន្យាបោះទុនចំនួន៥ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើក្រុមហ៊ុនលក់រាយនានា ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

កាលពីខែធ្នូ ចុងឆ្នាំ២០២០ ក្រុមហ៊ុននេះ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Simon Property Group ដើម្បីជួយសង្គ្រោះក្រុមហ៊ុនផ្សារទំនើបអាមេរិក JCPenny ឱ្យរួចផុតពីការក្ស័យធន។

ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយការថ្លឹងថ្លែងលើ៤ ចំណុចស្មើគ្នារួមមាន៖ ទី១ ប្រាក់ចំណូល ទី២ ប្រាក់ចំណេញ ទី៣ ទ្រព្យសកម្ម និងទី៤ តម្លៃលើទីផ្សារ។ អញ្ចឹងតោះ! ដើម្បីកុំឱ្យខាតពេលយូរ សូមមកស្គាល់ក្រុមហ៊ុនកំពូលទាំង១០ ដូចខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន Brookfield Asset Management / ប្រទេសកាណាដា។ ទំហំសាច់ប្រាក់បានពីការលក់៖ ៦៣,៤០០ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១៧៥,៨៦លានដុល្លារ។ ទ្រព្យសកម្ម៖ ៣៤៣,៦៩៦ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ៦៩,៦៧៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន American Tower Corporation / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ៦៩,៦៧៣ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៦៩,៦៧៤ពាន់លានដុល្លារ ។ទ្រព្យសកម្ម៖ ៤៧,២៣៤ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ១១០,៥៧៨ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៣
ក្រុមហ៊ុន Prologis / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ៤,៤៣៩ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,៤៨២ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ៥៦,០៦៥ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៨៤,២៣៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៤
ក្រុមហ៊ុន Crown Castle International / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់មានទំហំ៥,៨៤០ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,០៥៦ពាន់លានដុល្លារ​។ ទ្រព្យសកម្ម៖ ៣៨,៧៦៨ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ៧៧,៦២៩ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៥
ក្រុមហ៊ុន Simon Property Group / សហរដ្ឋអាមេរិក ទំហំសាច់ប្រាក់ទទួលបានពីការលក់៖ ៤,៦០៨ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,២២៨ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ៣៤,៧៨៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៣៨,៤៣៨ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៦
ក្រុមហ៊ុន Weyerhaeuser Company / សហរដ្ឋអាមេរិក។ សាច់ប្រាក់ទទួលបានពីការលក់៖ ៧,៥៣២ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៧៩៧លានដុល្លារ។ ទ្រព្យសកម្ម៖ ១៦,៣១១ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ២៩,៤៤១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៧
ក្រុមហ៊ុន Equinix / សហរដ្ឋអាមេរិក។ សាច់ប្រាក់ទទួលបានពីការលក់៖ ៥,៩៧៦ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៣៦៩,៧៨លានដុល្លារ។ ទ្រព្យសកម្ម៖ ២៧,០០៦ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៦៣,៤៣១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៨
ក្រុមហ៊ុន Equity Residential / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ២,៥៣៩ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៨៧៩,៤០លានដុល្លារ។ ទ្រព្យសកម្ម៖ ២០,២៨៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ២៧,០៦៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៩
ក្រុមហ៊ុន Public Storage / សហរដ្ឋអាមេរិក។ ទំហំទឹកប្រាក់ទទួលបានពីការលក់៖ ២,៩០៥ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,៣៥៤ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ១១,៨១៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៤៦,៦៣៤ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ១០
ក្រុមហ៊ុន Alexandria Real Estate Equities / សហរដ្ឋអាមេរិក។ ទឹកប្រាក់ទទួលបានពីការលក់៖ ១,៨៧៦ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៧៥៨,៦៩លានដុល្លារ។ ទ្រព្យសកម្ម៖ ២២,៨២៨ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ២៤,០១០ពាន់លានដុល្លារ៕ប្រភព៖ propertyarea.asia

Most Popular

To Top