សេដ្ឋកិច្ច​

តើក្រុមហ៊ុន សំណង់កំពូលទាំង១០ក្នុងពិភពលោក ស្ថិតនៅប្រទេសណាខ្លះ និងមានលុយច្រើនកម្រិតណា?

អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។

ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។

ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត ក្នុងពិភពលោកមានមូលដ្ឋាននៅអឺរ៉ុប និងប្រទេសចិន។

ជាពិសេស ក្រុមហ៊ុនទាំងនេះ កំពុងតែជំរុញការអភិវឌ្ឍនៅក្នុងប្រទេសនានា ដូចជាប្រទេសចិន ប្រទេសឥណ្ឌា និងតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសហរដ្ឋអាមេរិក។

ដូចនេះតើអ្នកទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនសំណង់កំពូលទាំង១០ក្នុងពិភពលោ​កប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ ស្ថិតនៅក្នុងប្រទេសណាខ្លះ មានចំណាស់យូរប៉ុណ្ណា និងមានលុយច្រើនកម្រិតណា? អញ្ចឹង! ដើម្បីជ្រាបច្បាស់ សូមមកតាមដានខាងក្រោមទាំងអស់គ្នា។

យោងតាមសារព័ព៌មាន Constructionblog ចុះផ្សាយកាលពី៨ ខែមេសា ឆ្នាំ២០២១ឱ្យដឹងថា ក្រុមហ៊ុនសំណង់ធំៗបំផុតទាំង១០ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ACS Group មានទីស្នាក់ការកណ្ដាល៖ ប្រទេសអេស្ប៉ាញ មានបុគ្គលិក ១៩០.៥០០នាក់។ មានទ្រព្យសកម្មសរុប៖ ៤៦,៦៧ពាន់លានដុល្លារអាមេរិក និងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។
គម្រោងគួរឱ្យកត់សម្គាល់: អគារ Torre Glòries កម្ពស់៣៨ជាន់ រាងដូចគ្រាប់កាំភ្លើង។

*ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន Hochtief Aktiengesellschaft និងមានទីស្នាក់ការកណ្ដាល ប្រទេសអាល្លឺម៉ង់ មានបុគ្គលិក៤៧.០០០នាក់ និងមានទ្រព្យសកម្មសរុបចំនូន២៥ពាន់លានដុល្លារ។
ក្រុមហ៊ុននេះបង្កើតឡើង៖ ឆ្នាំ១៨៧៤ ហើយក្រុមហ៊ុននេះបានសាងសង់គម្រោងគួរឱ្យកត់សំគាល់ ស្ពានខ្សែកាព Bosphorus Bridge នៅក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី។

*ចំណាត់ថ្នាក់លេខ៣
ក្រុមហ៊ុន VINCI មានទីស្នាក់ការកណ្ដាល៖ ប្រទេសបារាំង។ ក្រុមហ៊ុននេះបុគ្គលិកសរុបចំនួន២២២.០០០នាក់ និងមានទ្រព្យសកម្មសរុប៖៥៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៩ ហើយគម្រោងគួរឱ្យកត់សម្គាល់: សំណង់ពីរ៉ាមីតកញ្ចក់ Louvre Entrance នៅក្រុងប៉ារីស ប្រទេសបារាំង។

*ចំណាត់ថ្នាក់លេខ៤
ក្រុមហ៊ុន China Communications Construction Group Ltd.
ទីស្នាក់ការកណ្ដាល៖ ក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ១៤៧,០០០នាក់
ទ្រព្យសកម្មសរុប៖ ៧៩,៨ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០០៥
គម្រោងគួរឱ្យកត់សម្គាល់៖ ផ្លូវហាយវ៉េ Yangtze River Highway

*ចំណាត់ថ្នាក់លេខ៥
ក្រុមហ៊ុន Bouygues
ទីស្នាក់ការកណ្ដាល៖ ប្រទេសបារាំង
បុគ្គលិក៖ ១៣០.៥០០នាក់
ទ្រព្យសកម្មសរុប៖ ៤២,៤ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៩៥២
គម្រោងដែលគួរឱ្យកត់សម្គាល់៖ សារមន្ទីរ Musée d’Orsay

*ចំណាត់ថ្នាក់លេខ៦
ក្រុមហ៊ុន Strabag
ទីស្នាក់ការកណ្ដាល៖ ប្រទេសអូទ្រីស
បុគ្គលិក៖ ៧៤.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៨,៧ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៨៣៥
គម្រោងគួរឱ្យកត់សម្គាល់៖ អគារប៉ម Alte Weser Lighthouse ក្នុងទឹកសមុទ្រ North Sea។

*ចំណាត់ថ្នាក់លេខ៧
ក្រុមហ៊ុន Power Construction Corp. of China
ទីស្នាក់ការកណ្ដាល៖ ទីក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ១៣៣.០០០នាក់
ទ្រព្យសកម្មសរុប៖ ៣,២ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០១១
គម្រោងគួរឱ្យកត់សម្គាល់៖ កសិដ្ឋានផលិតអគ្គិសនី ដើរដោយកម្លាំងខ្យល់ Adama Wind Farm។

*ចំណាត់ថ្នាក់លេខ៨
ក្រុមហ៊ុន China State Construction Engineering Corp. Ltd
ទីស្នាក់ការកណ្ដាល៖ ទីក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ៣៣៥.០០០នាក់
ទ្រព្យសកម្មសរុប៖ ១,៨៣ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៩៥៧
គម្រោងគួរឱ្យកត់សម្គាល់៖ អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ក្រុងសៀងហៃ (Shanghai World Financial Center)។

*ចំណាត់ថ្នាក់លេខ៩
ក្រុមហ៊ុន Skanska AB
ទីស្នាក់ការកណ្ដាល៖ ប្រទេសស៊ុយអែត
បុគ្គលិក៖ ៣១.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៨,៩ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៨៨៧
គម្រោងគួរឱ្យកត់សម្គាល់៖ ពហុកីឡដ្ឋាន MetLife Stadium

*ចំណាត់ថ្នាក់លេខ១០
ក្រុមហ៊ុន TechnipFMC
ទីស្នាក់ការកណ្ដាល៖ ប្រទេសអង់គ្លេស
បុគ្គលិក៖ ៣៧.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៣ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០១៧
គម្រោងគួរឱ្យកត់សម្គាល់៖ នាវាបូមប្រេង FPSO Dalia៕ ប្រភព៖ propertyarea

Most Popular

To Top