ភ្នំពេញៈ ទោះបីជាមានការយារយី ពីវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ ប្រតិបត្តិការសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរ ការល្អប្រសើរ ជាក់ស្ដែងនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការនានា នៃកំពង់ផែស្វយ័តក្រុងភ្នំពេញ នៅតែមានកំណើន។
យោងតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ឱ្យដឹងថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាន ៧,១លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី២ ដូចគ្នា កាលពីឆ្នាំមុនមានកំណើន ប្រមាណ១១ភាគរយ ខណៈត្រីមាសទី២ កាលពីឆ្នាំមុន ចំណូលកំពង់ផែនេះរកបាន៦,៤លានដុល្លារអាមេរិក ។
របាយការណ៍ដដែល បានបង្ហាញទៀតថា ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការផែ ជាង៥៧ម៉ឺនដុល្លារអាមេរិក កើនឡើង១១ភាគរយ ចំណូលពីអាជ្ញាធរផែ មានជាង៧៧ម៉ឺនដុល្លារអាមេរិក កើនឡើង៦ភាគរយ ចំណូលពីសេវាកម្មផ្សេងៗ ជាង ១៣ម៉ឺនដុល្លារអាមេរិក កើនឡើង៧១៩ភាគរយ និងចំណូលផ្សេងៗជាង៥៥ម៉ឺនដុល្លារ អាមេរិកធ្លាក់ចុះ៩ភាគរយ ។
របាយការណ៍ របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីចំណូលប្រចាំខែមិថុនា ឆ្នាំ២០២១ដែរ ដោយចំណូលពីប្រតិបត្តិការផែ មានទំហំជាង២,២ លានដុល្លារអាមេរិក កើនឡើង ៤ភាគរយ។ ចំណូលពីអាជ្ញាធរផែជាង ២៩ម៉ឺនដុល្លារអាមេរិក កើនឡើង២ភាគរយ ចំណូលពីសេវាកម្មផ្សេងៗ ជាង៤ម៉ឺនដុល្លារអាមេរិក កើនឡើង៥៦០ភាគរយ និងចំណូលផ្សេងៗ ជាង២៣ម៉ឺនដុល្លារអាមេរិកធ្លាក់ចុះ៦ភាគរយ ។
កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាក្រុមហ៊ុនរបស់រដ្ឋមួយ ដែលបានចូលក្នុងផ្សារហ៊ុនកម្ពុជាផងដែរ ហើយប្រតិបត្តិការទិញលក់ភាគហ៊ុន របសកំពង់ផែមួយនេះ នៅតែមានសកម្មភាពបន្តបន្ទាប់ផងដែរ ។
នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ កំពង់ស្វយ័តក្រុងភ្នំពេញ រកចំណូល១៥,៣លានដុល្លារអាមេរិក ( ពុំទាន់ធ្វើសវនកម្ម ) ដែលមានកំណើន ប្រមាណ ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដូច្នេះនៅក្នុង ឆមាសទី១នៃឆ្នាំ២០២១នេះ ចំណូលរបស់កំពង់ផែមួយនេះ មិនទាន់ធ្វើសវនកម្ម មានចំនួន ២២,៤លានដុល្លារអាមេរិក ៕ propertyarea