សេដ្ឋកិច្ច​

ចង់ទៅទស្សនា រមណីយដ្ឋានភ្នំខ្នងផ្សារ ត្រូវដឹងពីអ្វីខ្លះ ពីការធ្វើដំណើរ បែបផ្សងព្រេង?

កំពង់ស្ពឺៈ ជារមណីយដ្ឋាន​​ ស្ថិតនៅលើកំពូលភ្នំយ៉ាងខ្ពស់ និងពិបាកធ្វើដំណើរ ភ្នំខ្នងផ្សារ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានភាព ទាក់ទាញសម្រាប់ដំណើរកំសាន្ត បែបផ្សងព្រេង និងគយគន់ ទេសភាពដ៏ឆើតឆាយ ។

រមណីយដ្ឋានអេកូធម្មជាតិ ខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខ្នងផ្សារមានទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ។

យោងតាមលោកឧកញ៉ាស្រី ចាន់ថន ដែលបានសរសេររុះលេច ពីរមណីយដ្ឋាននេះ លើបណ្តាញទំនាក់ទំនង សង្គមរបស់ខ្លួនបានឲ្យដឹងថា ចំនុចពិសេសនៃតំបន់នេះ គឺពេលព្រឹកព្រលឹមយើងអាចគយគន់ ទស្សនាភាពស្រស់ស្អាត នៃរស្មីព្រះអាទិត្យរះ ពីលើកំពូលខ្នងផ្សារ និងគយគន់ថ្ងៃរាបលិច នៅខ្នងសំពៅ ឬអាចគយគន់ថ្ងៃលិច ពីខ្នងកាំភ្លើងមកកាន់ ខ្នងសំពៅ។

ទស្សីយភាព នៃពពកអ័ព្ទដ៏រស់រវើក ដែលអណ្ដែតចេញពីជ្រលង នៃខ្នងសំពៅហូទៅកាន់ខ្នងផ្សារ ប្រៀបបានហ្នឹងជ្រោះពពក ដ៏ស្រស់ត្រកាល។ វាលស្មៅខៀវខ្ចី លាយលំជាមួយពពក រសាត់អណ្ដែតលើភ្នំខ្នងសំពៅ ដែលពោរពេញ ដោយវាលស្មៅខៀវខ្ចី នារដូវ រស្សា ហើយលឿងទុំនារដូវប្រាំង បានញាំងអោយភ្ញៀវទេសចរណ៍ ចាប់ចិត្តក្រៃលេង ។

១.ការធ្វើដំណើរទៅកាន់ខ្នងផ្សារ
យើងត្រូវធ្វើដំណើរទៅដល់ រង្វង់មូលទីរួមស្រុក ឱរ៉ាល់ រួចយើងបន្តដំណើរ តាមផ្លូវលំ ប្រមាណ៣០គីឡូ ឆ្ពោះទៅដល់ ភូមិរលាក់កងជើង ប៉ុន្តែយើងត្រូវចូល ទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិ ដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីមន្ត្រីបរិស្ថានស្រួល ក្នុងការគ្រប់គ្រង ព្រោះវាជាតំបន់អភិរៈ ជួភ្នំក្រវ៉ាញ ដែលកាន់កាប់ដោយមន្ត្រី បរិស្ថាននៅទីនោះ ។ ដើម្បីឡើងទៅខ្នងផ្សារ យើងតម្រូវអោយយក អ្នកនាំផ្លូវម្នាក់ ឬ២នាក់ គឺអ្នកភូមិសហគមន៍ ដោយផ្ដល់សេវាខ្លះដល់ពួកគាត់។

យើងក៏អាចស្វែង រកសេវាកម្មផ្សេងៗ ពីប្រជាសហគមន៍ ដូចជា សេវាដឹកដោយម៉ូតូ ឬគោយន្តដល់ជើងភ្នំ សេវាធ្វើម្ហូបអាហារ សេវាជួយសែងអីវ៉ាន់ សេវាជួលតង់ ជាដើម។ រួចហើយបានយើង អាចធ្វើដំណើរទៅជើងភ្នំ ដែលចំណាយពេលលើគោយន្ត ប្រម៉ាណជា២ម៉ោង បើម៉ូតូប្រហែល ១ម៉ោង មុនពេលយើងអាច បន្តរដំណើរថ្មើជើង ទៅកាន់ជំរុំម្ដុំខ្នងសំពៅ ឬយើងអាចទៅបោះជំរុំ នៅលើកំពូលក៏បាន តាមចំណង់ចំនូលចិត្ត ។

២. ការត្រៀមខ្លួន
មុនពេលឡើងភ្នំៈ យើងគួរត្រៀមលំហាត់ប្រាណតិចតួច ប្រសិនបើអាច ដូចជាការត់ ការដើ ឬលំហាត់ប្រាណបែប ABS ជាដើម។

សម្ភារៈចាំបាច់ពេលយើងដើរជំរើសទី១ (ប្រសិនបើយើងមានថវិកា) ៖ ស្បែកជើងដើរភ្នំឬព្រៃ (តម្លៃពី២៥ ទៅ១០០ដុល្លារ ល្មមប្រើ) ខោអាវដែលស្ដើង (ខោមួយប្រហែល១០ទៅ៥០ដុល្លារ អាវមួយ១០ទៅ២០ដុល្លារ) កាបូបទឹកដែលមានចំនុះ១លីត ទៅ២លីត(តម្លៃប្រហែល ២០ទៅ៥០ដុល្លារ) ឈើច្រត់ដែលស្រាលល្មម (គួរយក២ បើសិនអ្នកមិនសូវដើរ) តម្លៃប្រហែលជា១០ទៅ២៥ដុល្លារ ក្នុងមួយដើម ។

កាបូបស្ពាយសម្រាប់ដើរព្រៃ (ដែលមាន កន្លែងដាក់អីវ៉ាន់គ្រប់គ្រាន់ និងមានខ្សែរកាបូបប្អិបដើមទ្រូងជាដើម ៕ល៕) តម្លៃវាចាប់ផ្ដើមពី (៣០ដុល្លារទៅ១០០ដុល្លារ)។

សម្ភារៈចាំបាច់ពេល យើងដើរជំរើសទី២
ប្រសិនបើយើងពុំមានពេល ឬថវិការគ្រប់គ្រាន់ យើងអាចលៃលក តាមការគួរ ប៉ុន្តែមិនគួរយកខោ អាចទៅច្រើនពេកឡើយ ឬខោអាវដែលក្រាស និងធ្ងន់ពេកឡើយ ។ យើងអាចយកដប់ទឹក២លីត ទៅដោយខ្លួនឯង បន្តែរត្រូវមានកន្លែងដាក់ អោយត្រឹមត្រូវជៀសវាងការយួរដោយដៃ ។

សម្ភារៈសម្រាប់គេងជំរើសទី១៖ តង់ ឬអង្រឹង ភួយ (Sleeping Bag) ខ្នើយខ្យល់ សម្ភារៈ អត់ក៏បានមានក៏បាន (ស្រោមដៃ កម្រាលពូកខ្យល់)។

សម្ភារៈសម្រាប់គេង ជំរើសទី២៖ ប្រើប្រាស់សេវាកម្មសហគមន៍ ជួលអង្រឹងង តង់គាត់ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ក្នុងតំបន់។

ការត្រៀមម្ហូបអាហារ និងទឹកជំរើសទី១ យកអាហារក្រៀមៗ និងកញ្ចប់ដែលវាស្រាលល្មម និងមិនងាយធំខ្លិន ជៀសវាងដាក់គ្រឿងកំប៉ុងទៅច្រើនពេក នាំអោយធ្ងន់។ ញាំចេកណាំវ៉ាមុនឡើង ជាជំនួយដ៏មានប្រសិទ្ធភាព។ សម្ភារៈ ចំអិនអាហារដែលស្រាលល្មម សំភារៈដាំទឹក និងសម្រាប់ដោះទាល់បន្ទោបង់ក៏ចាំបាច់ដែរ។

ការត្រៀមម្ហូបអាហារ និងទឹកជំរើសទី២៖ ប្រើប្រាស់សេវាសហគមន៍ ឬក្រុមអ្នកនាំភ្ញៀវឯកជន អោយគេជួយរៀបចំមួយគ្រប់យើង យកតែសម្ភារៈផ្ទាល់ខ្លួនចាំបាច់ ដូចជាខោអាវ និងភេសជ្ជៈ ថ្នាំបន្ទិចបន្ទួច។

កំណត់ចំណាំ
រាល់អីវ៉ាន់ដែលយើងយកទៅត្រូវដាក់អោយត្រឹមត្រូវ កុំរនែងរនោង ឬវេចខ្ចប់និងចងជាមួយកាបូបអោយបានត្រឹមត្រូវ យកល្អកុំអោយមានអ្វីផ្សេងនៅជាប់ដៃ ក្រៅតែពីឈើច្រត់។ ស្បែកជើង និងកាបូបស្ពាយ ដើរតួរនាទីសំខាន់ជាងគេ ក្នុងដំណើរឡើងភ្នំ បើមានលុយគួរចំណាយលើវា។

ត្រៀមថ្នាំដែលចាំបាច់ បើសិនយើងមានប្រតិកម្ម ជាមួយធម្មជាតិឬុរុក្ខជាតិណាមួយ។

សូមជួយរក្សាអនាម័យ និងចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដុតចោលដោយផ្ទាល់ប្រសិនបើអាច យកចុះមកវិញនូវសំបកដបដែលអាចកែឆ្នៃ ដើម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រង។

៣. ប្រវត្តខ្លះៗ​ ពីខ្នងផ្សារ
លោក ជឹម ជឿន សមាជិក នៃសហគមន៍ ការពារធម្មជាតិរលាក់កងជើង បានប្រាប់ឲ្យដឹងថា គេហៅ ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗ ហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ៩៣ សម័យខ្មែរក្រហមនៅទីនេះ គឺជាទីតាំងលក់ដូរទំនិញតិចតួច ជាលក្ខណៈគ្រួសាររបស់បងប្អូន អ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។

ត្រង់ពាក្យ ខ្នងផ្សារ លោក ជឹម ជឿន បញ្ជាក់ថា ខ្នងផ្សារ មិនមែន ខ្នងផ្សា ហើយក៏មិនមែនខ្នងសា ដែរ។ ផ្សារ នេះ គឺ ផ្សា មាន “រ” គឺមកពីពាក្យ ទីផ្សារ ឬផ្សារលក់ដូរ។

ជាមួយគ្នានេះ ហ៊ុន សៅ ប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើងបញ្ជាក់ថា ទីតាំងនេះ គឺជាទីតាំងផ្សារលក់ដូរតាំងយូរណាស់មកហើយ បើចាស់ៗនៅទីនេះនិយាយតៗគ្នាថា នៅទីនេះក៏មានប្រវត្តិ និងរឿងដំណាលនិយាយតៗគ្នាដែរ។

អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារ នេះគឺមិនមែនទើបកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមាន យូរណាស់ហើយ រាប់រយតំណមនុស្ស។

លោកបន្តថា “ប្រវត្តិដែលខ្ញុំបាទ បានសិក្សាស្រាវជ្រាវនោះ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះ យូរទៅក្លាយជាភ្នំកន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅនោះ ដែលហូរចេញនោះ ក៏បានក្លាយជាភ្នំដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”។

ចំណែកលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅតំបន់ភ្នំខ្នងផ្សារ ដែលជាកន្លែងភ្ញៀវទេសចរមកឡើង និងបោះតង់កម្សាន្តនេះខាងមន្ទីរ ក៏ដូចជា ក្រសួងមិនទាន់បានចុះទៅពិនិត្យ និងស្រាវជ្រាវស្វែងរកប្រវត្តិ និងសំណល់ផូស៊ីស ទាន់ទងនៅតំបន់នៅនៅឡើយនោះទេ តែការងារនេះខាងមន្ទីរនឹងចុះទៅពិនិត្យ និងស្រាវជ្រាវនាពេលខាងមុខ។

ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូ យើងបត់តាមស្តុបតេឡា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕

Most Popular

To Top