សេដ្ឋកិច្ច​

តើ “អគារកប់ពពក” គេកំណត់និយមន័យបែបណា និងមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ?

អន្តរជាតិៈ ប្រជាពលរដ្ឋកម្ពុជាប្រហែលជាបានឮ ឡើងសាំត្រចៀកទៅហើយនូវពាក្យថា “អគារកប់ពពក” ឬ Skyscraper ហើយពេលនិយាយដល់អគារកប់ពពក យើងប្រាកដជា នឹកឃើញដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ។

ប៉ុន្តែដឹងទេថា តើអគារកប់ពពក គេកំណត់និយមន័យបែបណា ត្រួវមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ និងមានប្រវត្តិបែបណា?។

យោងតាមគេហទំព័ររបស់អង្គការអប់រំមួយមានឈ្មោះ Salvadori Center បង្ហាញថា ដើមឡើយពាក្យថា Skyscraper ជាពាក្យនាវាសាស្ត្រ ដែលគេសំដៅទៅលើក្ដោងសំពៅដែលខ្ពស់ជាងគេ និងខ្ពស់ជាងអ្វីៗស្ទើរតែទាំងអស់ដែលនៅជុំវិញវា ប៉ុន្តែមិនខ្ពស់ដល់ថ្នាក់កប់ពពកបាត់ដូចដែលយើងហៅនោះឡើយ។

នៅពេលសំពៅចូលចតនៅកំពង់ផែ អំឡុងសតវត្សរ៍ទី១៧ និងសវត្សរ៍ទី១៨ គេអាចមើលឃើញចុងកំពូល នៃក្ដោងរបស់វាក្នុងចម្ងាយរាប់គីឡូម៉ែត្រព័ទ្ធជុំវិញ។ ហើយអ្វីដែលខ្ពស់ជាងវា គឺមានតែកំពូលព្រះវិហារគ្រិស្ត និងពេលខ្លះប៉មនាឡិកាតែប៉ុណ្ណោះ។ ក្រោយៗមកទៀត ពាក្យថា Skyscraper ក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដើម្បីពណ៌នាអំពីអ្វីដែលខ្ពស់ប្លែកពីគេ ដូចជា មនុស្សខ្ពស់ សេះខ្ពស់ ឬអ្វីដែលខ្ពស់ជាងគេបំផុតនៅជុំវិញ ជាពិសេសគឺសំណង់អគារតែម្ដង។

នៅពាក់កណ្ដាលសតវត្សរ៍ទី១៩ អ្វីៗក៏បានចាប់ផ្ដើមប្រែប្រួល ដោយបច្ចេកវិទ្យាទំនើប បានធ្វើឱ្យវិស្វករមានលទ្ធភាពអាចសាងសង់អគារ ឱ្យខ្ពស់ផុតពីកាំជណ្ដើរយ៉ាងខ្លាំង។

យោងតាមឯកសារស្រាវជ្រាវបង្ហាញថា អគារ Home Insurance Building ដែលគេបានប្រសិទ្ធនាមថា Skyscraper ឬអគារកប់ពពកដំបូងបង្អស់ ប្រចាំទីក្រុងឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨៨៥ មានកម្ពស់ត្រឹមតែ១២ជាន់ប៉ុណ្ណោះ ពោលគឺមិនខ្ពស់កប់ពពកបាត់ ដូចដែលយើងហៅវាឡើយ។ ប៉ុន្តែនៅសម័យកាលនោះ អគារនេះ គឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់។

សម័យបច្ចុប្បន្ន Skyscraper ឬអគារកប់ពពកនៅតែខ្ពស់ជាងសំណង់ផ្សេងៗដែលនៅជុំវិញវា។ ប៉ុន្តែដើម្បីអាចចាត់ចូលជា Skyscraper ឬអគារកប់ពពកនាសម័យទំនើបបាន អគារមួយត្រូវមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖

• គ្រោងដែកដ៏រឹងមាំនៃសំណង់អគារ
• ជណ្ដើរយន្ត
• មានកម្ពស់ចាប់ពី១០ជាន់ឡើងទៅ
មិនយូរប៉ុន្មានក្រោយពី Skyscraper ឬអគារកប់ពពកដំបូងបង្អស់ ប្រចាំទីក្រុងឈីកាហ្គោ បានបង្ហាញវត្តមានឡើង ទីក្រុង និងក្រុមហ៊ុនសំណង់នានា ក៏បានប្រជែងគ្នាសាងសង់អគារកាន់តែខ្ពស់ទៅៗ រហូតដល់ខ្ពស់ជាងពពកដូចយើងថា មែន តួយ៉ាងដូចជានៅក្រុងឌូបៃជាដើម៕ by http://propertyarea

Most Popular

To Top